Social Network

នៅ​ចាំ​តួអង្គ​មឺយចឺយ​អត់? នាង បង្ហាញមុខដៃគូជីវិតថ្មី ដើម្បីបញ្ចប់​ឈ្មោះជាស្រី​មេម៉ាយ​រយៈពេលជាង​១០​ឆ្នាំ

អតីតតារាសម្ដែង និងជាពិធីការិនី ព្រំ រដ្ឋា រកដៃគូជីវិតថ្មីឃើញហើយ ក្រោយពីនាងជាប់ឈ្មោះជាស្រីមេម៉ាយវ័យក្មេងជាង១០ឆ្នាំ។

ព្រំ រដ្ឋា និងស្វាមីក្រោយដែលជាជនជាតិបរទេស កំពុងរួមរស់យ៉ាងមានក្ដីសុខជាមួយគ្នា ប៉ុន្តែការរួមរស់នេះហាក់នៅមានភាពលាក់លៀម ដោយនាងលើកហេតុផលថារវល់នឹងការងារពេកពុំមានពេលស្វីតៗ។ អ្នកនាង ព្រំ រដ្ឋា ដែលបច្ចុប្បន្នជាអ្នកនិពន្ធ និងជាចាងហ្វាងផលិតកម្ម PR បានបង្ហើបប្រាប់ Sabay ថា រូបនាង និងស្វាមីក្រោយ មិនបានរៀបការ ឬប្រកាសឲ្យគេឯងបានដឹងនោះទេ តែក៏ពុំដែលមានបំណងលាក់លៀមអ្វីដែរ។

អ្នកនាង និងស្វាមី មានទំនាក់ទំនងជាមួយគ្នាជាយូរមកហើយ ហើយការមើលចិត្តថ្លើមគ្នាក៏កាន់តែល្អប្រសើរ ប៉ុន្តែនាងពុំបានបញ្ជាក់ថា ទៅថ្ងៃអនាគតនាងនឹងរៀបចំពិធីមង្គលតាមប្រពៃណីខ្មែរ ឬមានគម្រោងយកកូនចៅ ឬយ៉ាងណានោះទេ។

ព្រំ រដ្ឋា៖"ខ្ញុំមាន តែគ្រាន់ថាខ្ញុំមិនបានរៀបការទេ យើងរស់នៅសុខសប្បាយជាមួយគ្នា គាត់យល់ពីខ្ញុំ ហើយខ្ញុំយល់ពីគាត់ និយាយរួមយើងក៏រវល់នឹងការងារនៅផលិតកម្មនេះខ្លាំងដែរ មិនមានពេលទៅស្វីតណាទេ"។ តួឯកក្នុងរឿង"ព្រះលក្សិណវង្សនាងព្រាហ្មណ៍កេសរ" និងជាតួអង្គសម្ដែងយ៉ាងសាកសមក្នុងបទចម្រៀងយីកេរឿង"ម៉ាក់ថឺង" អ្នកនាង ព្រំ រដ្ឋា ធ្លាប់រៀបអាពាហ៍ពិពាហ៍ជាមួយអាណិកជនម្នាក់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ២០០៣។

ក្រោយរៀបការ នាងបានចេញទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិក ជាមួយស្វាមីរហូតដល់បង្កើតបានកូនស្រីម្នាក់ជាចំណងដៃទៀតផង។ ប៉ុន្តែក្រោយមក គឺនៅអំឡុងឆ្នាំ២០០៩ ចំណងស្នេហ៍នេះ ត្រូវបានបែកបាក់វិញ។ ក្រោយលែងលះដាច់ស្រេចជាមួយស្វាមីដើម ព្រំ រដ្ឋា បានត្រឡប់មករស់នៅស្រុកខ្មែរវិញ ដោយទុកឲ្យកូនស្រីរស់នៅជាមួយឪពុក។

ពេលត្រឡប់មកស្រុកខ្មែរ នាងបានចាប់យកអាជីពសម្ដែងឡើងវិញ រហូតដល់នាងបានក្លាយជាចាងហ្វាងផលិតកម្មមួយឈ្មោះថា PR រហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន ព្រំ រដ្ឋា និងស្វាមីក្រោយ កំពុងរួមរស់ជាមួយគ្នាយ៉ាងមានភាពកក់ក្ដៅ នៅគ្រាហ៍ដែលនាងក៏មមាញឹកខ្លាំងណាស់ដែរជាមួយនឹងនិពន្ធ និងដឹកនាំរឿង៕

ដកស្រង់ពី៖ Sabay