Social Network

លោក ទុំ សារុត ហៅនាយឃ្លោក ឡើង​ឋានៈ​​ជា​ឯក​ឧត្តម ជា​ទីប្រឹក្សា​អគ្គ​លេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​ឋានៈ​ស្មើ​អនុ​រដ្ឋ​លេខា​ធិការ

ភ្នំពេញ៖ ក្រោយប្រាស្រ័យជីវិត លើអាជីពកំប្លែង អស់រយៈពេលជាង ១០ឆ្នាំ ស្រាប់តែនៅពេលនេះ ស្ងាត់ៗតារាកំប្លែង ជើងចាស់ដែលពោរពេញដោយ សំនួនវោហារ ចាក់ទឹកមិនលេច ជាមួយនឹងពាក្យពេចន៍ កំណាព្យកាព្យឃ្លោង អប់រំសង្គម នាយ ឃ្លោក បានឡើងឋានៈក្លាយជាឯកឧត្តម គួរឲ្យភ្ញាក់ផ្អើល ហើយទន្ទឹមនឹងគ្នានោះ តារាកំប្លែងរូបនេះ បានឲ្យដឹងថា លោកបានផ្អាកពីសិល្បៈហើយ។

លោក ទុំ សារុត ដែលភាគច្រើនមហាជន ស្គាល់ត្រឹមឈ្មោះ ក្នុងអាជីពកំប្លែងថា នាយ ឃ្លោក នោះ ត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំង ជាឯកឧត្តម កាលពីដើមឆ្នាំ២០១៤នេះ ហើយលោក ទុំ សារុត សព្វថ្ងៃជាទីប្រឹក្សា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានឋានៈស្មើ អនុរដ្ឋលេខាធិការ។ ពាក់ព័ន្ធនឹងការវិវត្តខ្លួន ពីតារាកំប្លែងឡើងឋានៈជាឯកឧត្តម របស់តារាជើងចាស់រូបនេះ លោក ទុំ សារុត បានរៀបរាប់ថា ការទទួលបានមហាកិត្តិយស របស់លោក នៅពេលនេះ គឺមិនមែនកើតឡើង ភ្លាមៗនោះទេ ពោលគឺលោកធ្លាប់មាន អតីតភាពការងារនៅក្នុងជួរ កងទ័ពតាំងពី ឆ្នាំ១៩៧៣ មកម្ល៉េះ ហើយទើបតែចូលនិវត្តន៍ កាលពីឆ្នាំ ២០១៣ កន្លងមកនេះ។

មួយវិញទៀត គឺដោយសារតែលោក ជាតារាកំប្លែងជើងចាស់ម្នាក់ ដែលតែងតែដើរតួយ៉ាងសំខាន់ នៅលើឆាកក្នុងការ ជួយអប់រំដល់សង្គម ផ្តល់ដំបូន្មានល្អៗ និងតែងបរិច្ចាគថវិកាផ្ទាល់ខ្លួន ជួយដល់ការងារសង្គម ហើយអ្វីដែលសំខាន់នោះ គឺលោកជាតារា ដែលអាចចៀសផុតពី រឿងអាស្រូវទាំងឡាយ និងមានមុខរបរសុចរិត។

លោក ទុំ សារុត មានប្រសាសន៍ថា៖«សម្រាប់ការងារសង្គម ខ្ញុំបានជួយច្រើនទាំងនៅ លើឆាក និងការចុះជួយផ្ទាល់ ដូចជាការសង់សំណង់សង្គមសាធារណៈ មាន សាលារៀន ស្រះទឹក និងជួយវត្តអារាម ជាដើម»។ ចំពោះការព្យាយាម រហូតទទួលងារ ជាឯកឧត្តមនេះ លោក សារុត បន្តថា៖«នេះជាមោទនភាពដ៏ខ្ពង់ខ្ពស់ និងគួរឲ្យរំភើបរីករាយ ក្រៃលែងសម្រាប់ ការប្រឹងប្រែងរបស់ខ្ញុំ អស់រយៈពេលជាច្រើនឆ្នាំ ហើយនោះជាមហាកិត្តិ-យសដែលខ្ញុំ បន្សល់ទុកឲ្យកូនៗ»។

ទន្ទឹមនឹងការទទួលបានងារ ដ៏ខ្ពង់ខ្ពស់នេះ គេក៏បានមើលឃើញថា តារាកំប្លែងនាយ ឃ្លោក ក៏បានដកខ្លួនដាច់ឆ្ងាយពីសិល្បៈដែលធ្លាប់ជួយ លើកស្ទួយកិត្តិយស កេរ្តិ៍ឈ្មោះរបស់លោក អស់រយៈពេល ជាច្រើនឆ្នាំផងដែរ។ ប៉ុន្តែទោះបីជា បានលាឈប់ពីអាជីពកំប្លែងយ៉ាងណាក្តី ក៏តារាកំប្លែង ជើងចាស់រូបនេះ បានបញ្ជាក់ថា លោកមិនភ្លេចគុណសិល្បៈដាច់ខាត ហើយការឈប់ពី អាជីពកំប្លែងនេះ ក៏ព្រោះតែលោក មានមូលហេតុដ៏ធំពីរ។

អតីតតារាកំប្លែង ក្នុងក្រុមនាយកុយ រូបនេះមានប្រសាសន៍ បន្តថា៖ «ខ្ញុំដកខ្លួនពីអាជីពកំប្លែង រឿងដែលសំខាន់នោះ ដោយសារតែខ្ញុំបានបង្កើតក្រុមហ៊ុន នាំចូលផលិតផលអាហារ បំប៉នសុខ ភាពល្បីឈ្មោះ អុីវ៉ូ (EVO) អស់រយៈពេល ២ឆ្នាំមកហើយ ហើយចុងក្រោយនេះក្នុងមួយថ្ងៃៗ មានអតិថិជន រាប់រយនាក់បានមកពិនិត្យ និងចង់ជួបឲ្យខ្ញុំផ្តល់ប្រឹក្សាយោបល់ ដោយផ្ទាល់ តាំងពីព្រឹកទល់ ល្ងាច ពេលខ្លះជួយពិនិត្យ សុខភាពពួកគាត់ អត់បានហូបបាយ ក៏មានដែរ។ ធម្មតាខ្ញុំកំប្លែង នៅចុងសប្តាហ៍ថ្ងៃសៅរ៍ អាទិត្យ តែអតិថិជន ភាគច្រើនគាត់ទំនេរថ្ងៃសៅរ៍ អាទិត្យ គាត់មកតាំងពីខេត្តឆ្ងាយៗ ចង់ជួបយើង ដូច្នេះខ្ញុំអត់មាន ពេលទៅកំប្លែងទៀតនោះទេ»។

ដោយឡែក មូលហេតុមួយទៀតនោះ លោក សារុត បានបញ្ជាក់ថា៖ «រឿងមួយទៀតនោះ គឺខ្ញុំទើបតែទទួល បានការតែងតាំងក្នុងងារជាឯកឧត្តម ពីព្រះមហាក្សត្រ ដូច្នេះយើងពិបាក នឹងទៅលេងកំប្លែង លេងសើចដូចមុន តែក៏មិនមានន័យថា ខ្ញុំឈប់ទាំងស្រុងដែរ អ្វីដែលសំខាន់នោះគឺពេលវេលា បើមានពេលខ្ញុំ នឹងលេងសិល្បៈធម្មតា»។

គេបានដឹងថា នៅក្នុងអំឡុងពេលអតីត តារាកំប្លែងនាយឃ្លោក លេងកំប្លែង លោកក៏មាន ការរកស៊ីផ្នែកដឹកដីខ្សាច់ ដឹកថ្ម ក្រួស ដោយលោកមានរថយន្ត ផ្ទាល់ខ្លួនប្រមាណ១០គ្រឿង ប៉ុន្តែនៅពេលនេះលោក ក៏បានបោះបង់ចោល អាជីពនោះស្របគ្នានឹង សិល្បៈដែរ ដោយលោកផ្តោត តែលើការធ្វើជំនួញ ផ្នែកអាហារបំប៉នប៉ុណ្ណោះ។

អតីតតារាកំប្លែង មានកំណើតនៅភូមិព្រៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តព្រៃវែង រូបនេះថា៖«ខ្ញុំបានសម្រេច បោះបង់អាជីពដឹកខ្សាច់ថ្ម ក្រួសនោះ ដំណាលគ្នាសិល្បៈដែរ ព្រោះតែនៅភ្នំពេញ ស្ទះចរាចរណ៍ពេក ពីមុនធ្លាប់ដឹកបានច្រើនជើង តែពេលនេះដឹកបានតែពីបីជើង អ៊ីចឹងហើយ ចំណាយច្រើនតែចំណេញតិច មិនអាចបន្តទៀត បានទេ»។

តាមរយៈការធ្វើជំនួញថ្មីនេះ គេដឹងថា អតីតតារាកំប្លែងលោក ទុំ សារុត ហៅ ឃ្លោក បានទទួលចំណូល កាក់កបយ៉ាងខ្លាំង សល់ប្រាក់រាប់សិបម៉ឺនដុល្លារ ហើយនៅពេលនេះ លោកក៏បានទិញដីតម្លៃ ប្រមាណ៤០ម៉ឺនដុល្លារ ធ្វើទីស្នាក់ការក្រុមហ៊ុន ធំមួយនៅភ្នំពេញទៀតផង។

ជាមួយជោគជ័យនេះ អតីតតារាកំប្លែង វ័យ៥៦ឆ្នាំនាយ ឃ្លោក បានផ្តល់នូវយោបល់ថា៖ «សូមឲ្យសិល្បករទាំងអស់ ត្រូវមានជន្ទល់ការងាររកស៊ីណាមួយ ទុកជាបង្អែកសម្រាប់ខ្លួន កុំពឹងតែលើសិល្បៈ ទាំងស្រុងពេក ព្រោះសិល្បៈគ្មានប្រាក់ខែទេ ហើយខ្ញុំក៏សូមអរគុណដល់ទស្សនិកជនទាំងក្នុង និងក្រៅប្រទេស ដែលតែងជួយគាំទ្រ អាជីពកំប្លែងរបស់ខ្ញុំ»។

ទន្ទឹមគ្នានោះ លោកក៏សូមអរគុណ ដល់អតិថិជនទាំងអស់ ដែលតែងជួយគាំទ្រដល់ផលិតផល អាហារបំប៉ន សុខភាពរបស់លោក ហើយលោកសន្យាថា នឹងប្រឹងប្រែងនាំចូលនូវ ផលិតផលល្អៗជាច្រើនទៀត សម្រាប់បម្រើដល់ សេចក្តីត្រូវការផ្នែកសុខភាព៕