Social Network

នេន ទុំ ទប់អារម្មណ៍​ខឹង​លែង​បាន​ចំពោះ​អ្នក​គាំទ្រ​

តារាចម្រៀងរ៉េបលោក ទី ទុំ ហៅនេន ទុំ បង្ហាញការអន់ចិត្តចំពោះអ្នកគាំទ្រមួយចំនួនដែលសួលោកថា ពេលណាចេញបទចម្រៀងថ្មីបន្ថែមទៀត ខណៈដែលរូបលោកខំខ្នះខ្នែងណាស់ដែរក្នុងការផលិត និងចេញបទចម្រៀងថ្មីៗនោះ។

ពាក្យសម្ដីបែបលេងសើច លាយឡំនឹងការខឹងសំបារដែលតារាចម្រៀងរូបនេះបញ្ចេញនៅលើបណ្ដាញសង្គមកាលពីថ្ងៃម្សិលម្ង៉ៃ មានខ្លឹមសារទាំងស្រុងដូច្នេះ៖"ចេញបទឡើងចង់គាំងYoutube ហើយ នៅគេសួថាពេលណាបានចេញបទទៀត។ ចុកណាស់ ដំណាក់កាលនេះហើយ មានតែឡើងច្រៀងស្រាតទេ ទើបបានល្បី"។

នេន ទុំ ទើបចេញបទចម្រៀងអឹមវី បែបរ៉េបមួយបទក្រោមចំណងជើងថា"គេថាខ្មែរខ្ជិល" និងបទមួយទៀតដែលជាការច្រៀងរួមគ្នារវាងលោក និងអ្នកនាងខាត់ សុឃីម ក្រោមចំណងជើងថា"កូនអ្នកណាគេ"។ បទទាំងពីរដែលោកទើបចេញនៅឆ្នាំ២០២០ នេះ ទទួលបានការគាំទ្រច្រើនពីអ្នកទស្សនា និងស្ដាប់ទាំងក្នុង និងក្រៅប្រទេស។

ទន្ទឹមនឹងការប្រតិកម្មរបស់នេន ទុំ ចំពោះប្រិយមិត្តអ្នកស្ដាប់ជុំវិញការចេញបទចម្រៀងថ្មីៗនេះ ក៏មានអ្នកចម្រៀងខ្លះបានបង្ហាញការអន់ចិត្តចំពោះបរិបទវិស័យបទចម្រៀងនៅកម្ពុជាដែលដេញជើងគ្នាចេញបទថ្មីៗច្រើន តែមិនសូវមានគុណភាពដែលធ្វើឲ្យបទចម្រៀងភាគច្រើនស្លាប់មុនអ្នកច្រៀង ហើយអ្នកចម្រៀងOriginal Song ឬផលិតកម្មដែលខ្វះលទ្ធភាព ពិបាកនឹងដើរតាម ឬខិតខំផលិតយ៉ាងណាក៏ពុំទាន់ចិត្ដអ្នកស្ដាប់មួយឆាវៗដែរ៕

 

ដកស្រង់ពី៖ Sabay