Social Network

Xiaomi តម្លៃខ្ទង់៤០០ដុល្លារ ញាត់សុទ្ធតែឈីប Snapdragon 865

Xiaomi បានបង្ហាញចេញជាផ្លូវការនូវស្មាតហ្វូន Redmi K30S ដែលតាមពិតជាស្មាតហ្វូន Mi 10T គ្រាន់តែផ្លាស់ប្ដូរឈ្មោះសម្រាប់លក់លើទីផ្សារប្រទេសចិន។ចំណុចខុសគ្នាធំរវាង Redmi K30S និង Mi 10T គឺនៅត្រង់ផ្នែក RAM ដែលមានគួបផ្សំដោយ RAM ទំហំ 8GB ជាមួយអង្គផ្ទុកទំហំ 128GB ឬ 256GB។

ចំពោះបន្ទះឈីបគឺប្រើប្រាស់នូវឈីបជំនាន់ចុងក្រោយរបស់ Qualcomm ម៉ូដែល Snapdragon 865។ អេក្រង់ខាងមុខរបស់ Redmi K30S គឺជាប្រភេទ LCD ដែលមានទំហំ ៦,៦៧អ៊ីញ ដែលមាន Refresh Rate 144Hz អាចបង្ហាញរូបភាពកម្រិត Full HD+ និងមានការពារដោយកញ្ចក់ Gorilla Glass 5 ទាំងផ្នែកខាងមុខ និងខាងក្រោយ។

លក្ខណៈសម្បត្តិផ្សេងទៀតមានដូចជាកាមេរ៉ាមុខទំហំ ២០MP, កាមេរ៉ាក្រោយចំនួនបីគ្រាប់ដែលមានកាមេរ៉ាមេទំហំ ៦៤MP, កាមេរ៉ា Ultrawide ទំហំ ១៣MP និងកាមេរ៉ា Macro ទំហំ ៥MP។ វាក៏មានថ្មទំហំ 5000mAh ដែលគាំទ្រការសាកល្បឿន 33W ហើយគាំទ្រសេវា 5G ផងដែរ។

Xiaomi Redmi K30S នឹងមានដាក់លក់នៅប្រទេសចិននៅថ្ងៃទី១១ ខែវិច្ឆិកា ជាមួយតម្លៃប្រមាណ ៣៩០ដុល្លារ និងប្រមាណ ៤១៥ដុល្លារ អាស្រ័យលើទំហំអង្គផ្ទុក៕

ដកស្រង់ពី៖sabay