Social Network

ផ្ទុះ​សំណើច​មួយ​ពី​ក្រុម​អ្នក​ចាញ់​ក្នុង​កម្មវិធី"សង្វៀន​ម្ហូប" ក្នុង​កម្មវិធី​ជប់លៀង​របស់ យុគ ចិន្ដា យប់មិញ

ស្ថាបនិកកម្មវិធី"សង្វៀនម្ហូប"របស់ស្ថានីយទូរទស្សន៍ស៊ី ធី អិន អ្នកនាង យុគ ចិន្ដា

បានរៀបចំកម្មវិធីជប់លៀងតូចមួយដើម្បីបង្កើតបរិយាកាសរីករាយសម្រាប់បេក្ខជន-បេក្ខនារីទាំង៤ក្រុម បន្ទាប់ពីប្រកួតគ្នាយ៉ាងស្វិតស្វាញ ហើយរកឃើញម្ចាស់ជយលាភីលេខទទួលបានទឹកប្រាក់២០លានរៀលកាលពីសប្ដាហ៍មុន។

នៅក្នុងពិធីជប់លៀងដែលធ្វើឡើងនៅភោជនីយដ្ឋានស្លឹកឈូក ស្ថិតនៅខណ្ឌដូនពេញ កាលពីយប់មិញ អ្នកនាង យុគ ចិន្ដា ប្រាប់អ្នកសារព័ត៌មានថា កម្មវិធី"សង្វៀនម្ហូប" គឺជាគំនិតផ្ដួចផ្ដើមរបស់អតីតពិធីករល្បីឈ្មោះម្នាក់ គឺលោក អ៊ិត សេដ្ឋា និងរូបអ្នកនាងផ្ទាល់កាលពី៤ឆ្នាំមុន។

ប៉ុន្តែកម្មវិធីទើបចាប់ផ្ដើមដំណើរការប្រហែលពីរឆ្នាំមុននេះ ហើយបច្ចុប្បន្នបានបញ្ចប់កម្មវិធីក្នុងរដូវកាលទី១ ដោយរលូន។ យុគ ចិន្ដា បន្ថែមថា រដូវកាលទី២ នៃកម្មវិធីនេះបានចាប់ផ្ដើមទៀតហើយ ដោយក្រុមការងារថតបានចំនួន២វគ្គ។ សម្រាប់រដូវកាលទី២ និងទី៣ នឹងមានការចូលរួមប្រកួតប្រជែងធ្វើម្ហូបដោយតារាល្បីៗ និងត្រូវបានជ្រើសរើសឲ្យមកប្រកួតពីហ្វេនៗរបស់ពួកគេទៀតផង។

ម្ចាស់ជយលាភីដែលទទួលបានពាន និងប្រាក់រង្វាន់ចំនួន២០លានរៀលពីកម្មវិធីក្នុងរដូវកាលទី១ គឺតារាសម្ដែង ប៉ែន ភក្ដិសុទ្ធារិទ្ធ និយាយថា រូបលោក និងដៃគូសហការក្នុងការប្រកួតពិតជាមានអារម្មណ៍រំភើបដែលបានយល់កាន់តែច្បាស់ពីអាថ៌កំបាំងមុខម្ហូបខ្មែរ។

អ្វីដែលកាន់តែរំភើបទៀតនោះ គឺក្រុមលោកទទួលបានជយលាភីលេខ១ ទាំងដែលកន្លងទៅមិនដែលសូវបានអើពើ ឬធ្វើម្ហូបសម្រាប់ហូបចុកក្នុងគ្រួសារប្រចាំថ្ងៃផងនោះ។ បេក្ខជន-បេក្ខនារីទាំង៤ក្រុម ក្រុមការងាររៀបចំកម្មវិធី"សង្វៀនម្ហូប" និងអ្នកសារព័ត៌មានសរុបប្រមាណ៥០នាក់ បានជួបជជែកគ្នាលេង និងពិសាអាហារជាមួយគ្នាយ៉ាងសប្បាយរីករាយ។

ក្នុងគ្រាហ៍ដែលពិសាអាហារនោះ ក៏ផ្ទុះសំណើចមួយឡើងពីខាងក្រុមអ្នកចាញ់ទាំងបីក្រុម ដោយពួកគេនិយាយលឺៗស្រដៀងគ្នាថា "ចង់មានឱកាសចូលប្រកួតម្ដងទៀត ដើម្បីបានលើកពាន តែសុំមិនឲ្យចាញ់ដើម្បីលើកពាងទេ"៕

ដកស្រង់ពី៖ Sabay