Social Network

សេដ្ឋីលេខ១លើលោក ប្រាប់អំពីថ្នាំទិព្វអាចកម្ចាត់ជំងឺស្ត្រេស

លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon បានប្រាប់អំពីទម្លាប់ផ្ទាល់ខ្លួនមួយ ដែលស្ដាប់ទៅហាក់ដូចជាខុសពីមហាសេដ្ឋី និងនាយកប្រតិបត្តិក្រុមហ៊ុនមួយចំនួនទៀត។

ក្នុងកិច្ចសម្ភាសន៍មួយជាមួយកាសែត The Wall Street Journal លោក Jeff Bezos បាននិយាយអំពីសារៈសំខាន់នៃដំណេក។ រូបលោកតែងតែមានទម្លាប់ត្រូវគេងឲ្យបាន ៨ម៉ោងក្នុងមួយយប់ ខណៈដែលសេដ្ឋី និងនាយកក្រុមភាគច្រើនចំណាយពេល ៤ម៉ោងប៉ុណ្ណោះសម្រាប់ដំណេករបស់ខ្លួន។

មហាសេដ្ឋីលេខ១លើលោកនេះ បាននិយាយថាថ្នាំដែលអាចកម្ចាត់ភាពស្ត្រេសតប់ប្រមល់ និងការធ្វើការងារច្រើនលើសលប់ គឺការគេងឲ្យបានគ្រប់គ្រាន់។ មានពេលខ្លះរូបលោកបានយកកម្រាលសម្រាប់ក្រាលគេងយកទៅការិយាល័យដើម្បីគេងសម្រាករយៈពេលខ្លី អំឡុងពេលដែលត្រូវធ្វើការហួសកម្លាំង។

បន្ថែមពីនេះលោក Jeff Bezos ក៏បាននិយាយថាការទម្លាប់ក្រោកដោយខ្លួនឯងគឺជារឿងល្អបំផុតមួយ ដោយលោកមិនបានប្រើប្រាស់ម៉ោងរោទ៍នោះទេ។ មានអ្នកស្រាវជ្រាវលើដំណេកជាច្រើន ក៏បានលើកឡើងអំពីផលល្អនៃការក្រោកពីដំណេកដោយខ្លួនឯងផងដែរ៕

ដកស្រង់ពី៖sabay