Social Network

គូស្នេហ៍ និង​​ព្រី​ម លី​ហ្សា ពិបាក​ជួប​គ្នា ត្រឹម​​នឹក​រលឹក​ពី​ចម្ងាយ​

រាជធានីភ្នំពេញ ៖ តារាសម្តែង និងបង្ហាញម៉ូដព្រីម លីហ្សា បានបើកបង្ហាញស្នេហាជាលើកដំបូងជាមួយបុរសក្រៅស្រុក ។

កន្លងមកនាងមិនដែលបង្ហាញរឿងនេះទេ ។ មិត្តហ្វេសប៊ុក និងមិត្តសិល្បៈចាប់អារម្មណ៍ពេលដែលតារាសាច់សខ្ចីរូបនេះប្រកាសពីស្នេហារបស់ខ្លួនតាមហ្វេសប៊ុក ។ នាងហាក់ស្ងប់ស្ងាត់ព័ត៌មានស្នេហារយៈពេលប៉ុន្មានឆ្នាំមកហើយ ។

ព្រីម លីហ្សា បានបង្ហោះសារតាមហ្វេសប៊ុករបស់នាង ថ្មីៗនេះថា «នឹកមនុស្សប្រុសម្នាក់ដែលនៅក្រៅប្រទេស ស្រលាញ់គ្នារយៈពេល៤ឆ្នាំហើយ ឪពុកម្ដាយទាំងសងខាងក៏បានដឹងឮដែរ ហើយអ្វីដែលសំខាន់ពេលនេះ គឺពិបាកជួបគ្នាខ្លាំងណាស់មានអ្នកណាដូចជាខ្ញុំទេ »។

ជាមួយនឹងការបង្ហើបពីការទិញកាដូចិញ្ចៀនពីបុរសរូបនោះជូននាងក្នុងពិធីខួបកំណើតនោះ ព្រីម លីហ្សា បញ្ជាក់ថា «ពិតប្រាកដណាស់ចិញ្ចៀននោះគឺជាចិញ្ចៀនដែលគាត់កាដូជូនខ្ញុំនៅថ្ងៃកំណើតរបស់ខ្ញុំ នៅថ្ងៃខាងមុខនេះថ្ងៃទី២៥ ខែ១២ តែអ្វីដែលសំខាន់ម្ចាស់ចិញ្ចៀនគឺនៅដល់សហរដ្ឋអាមេរិកឯណោះ ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាអត់សប្បាយចិត្តសោះ »។

នេះចាត់ទុកជាលើកទីមួយហើយដែលព្រីម លីហ្សា បានបើកបង្ហាញពីស្នេហាជាសាធារណៈ ក្នុងពេលដែលនាងហាក់មិនបានបង្ហាញពីជីវិតឯកជនច្រើន ក្រៅពីការបង្ហាញឈុតសម្លៀកបំពាក់ប្លែក និងមានតម្លៃថ្លៃតាមហ្វេសប៊ុក និងអ៊ីនស្ត្រាក្រាម ៕

ដកស្រង់ពី៖កោះសន្ដិភាព