Social Network

ចេញ​រូបភាព​ស្រី​ស្អាត ឡុង ថាវរី ដើរ​លេង​ជាមួយ ព្រាប សុវត្ថិ នៅ​ក្នុង​ព្រៃ​មណ្ឌល​គីរី

រូបភាពប៉ុន្មានសន្លឹកលេចចេញនៅលើគណនីហ្វេសប៊ុកតារាស្រី ឡុង ថាវរី នៅព្រឹកនេះ គេឃើញតារាស្រី និងកំពូលតារាចម្រៀងបណ្ដើរគ្នាត្រសងនៅក្នុងព្រៃមួយនៃខេត្តមណ្ឌលគីរី។

រូបភាពកម្រប៉ុន្មានសន្លឹកនេះ តារាស្រីត្រូវ បានបង្ហោះដោយភ្ជាប់ជាមួយសារខ្លីថា "មកយកខ្យល់ធម្មជាតិបែបព្រៃភ្នំ ជៀសផុតពីកូរ៉ូណា"។ តម្រុយនេះ បាននាំឲ្យមានការចាប់អារម្មណ៍ ត្បិតថា ឡុង ថាវរី មិនសូវអើពើនឹងការងារសិល្បៈយូរមកហើយ។ ដូច្នេះហើយ ក្រោយពីបានឃើញរូបភាពទាំងនេះ គេបានប៉ាន់ប្រមាណថា នេះ ប្រាកដជាសកម្មភាពថតអ្វីមួយរបស់តារាស្រី ប្រុសមួយគូនេះហើយ។

ចំពោះបញ្ហានេះ សាមីខ្លួនខាងស្រី បានឆ្លើយប្រាប់ថា ការពិតនោះ គឺជាការសិល្បៈថ្មីរបស់នាងជាមួយលោក ព្រាប សុវត្ថិ។ “ចាសបងខ្ញុំថត MV ជាមួយគាត់បទ "ពេលណាជួបគេម្ដងទៀត" ហើយជាលើកដំបូងខ្ញុំថតជាមួយបងសុវត្ថិ”។ ក្រុមការងារបទនេះបានចុះទៅថតនៅខេត្តភាគឥសាន្តមួយនេះរយៈពេល ៣ថ្ងៃមកហើយ ដោយបានចុះទៅតំបន់ឆ្ងាយៗរបស់ខេត្តដែលមានទេសភាពប្រណិតដិតដាមទាក់ភ្នែក។

តាមកញ្ញា ឡុង ថាវរី ប្រាប់ថា នាង និងលោក ព្រាប សុវត្ថិ នឹងបន្តថតនៅថ្ងៃនេះ ទើបបញ្ចប់ការងារទាំងស្រុង។នេះជាការងារថ្មីមួយរបស់តារាស្រីសាច់សខ្ចី បន្ទាប់ពីបានបាត់មុខជាយូរដោយសារជាប់ដៃជាមួយមុខជំនួញចងការប្រាក់។

យ៉ាងណានាងត្រឡប់មកលើកនេះ ក្រោយពីមានការទាក់ទងពីក្រុមការងារផលិតកម្ម Galaxy Navatra ផ្សំនឹងបានចូលរួមសម្ដែងជាមួយលោក ព្រាប សុវត្ថិ ថែមទៀត។ ថាវរី ថ្លែងថា "និយាយទៅខ្ញុំស្រឡាញ់គាត់ ចូលចិត្តគាត់ ហើយចង់ថតជាមួយគាត់យូរហើយ អីចឹងហើយក៏សម្រេចថាថតហ្មងទៅ!”។

ជាងនេះទៀតសោត នាងក៏ចូលចិត្តបទមនោសញ្ចេតនារបស់លោក ព្រាប សុវត្ថិ នេះថែមទៀត ទើបនាងឆ្លៀតពីការរកស៊ីមកថតម្ដងទៀត ផ្សំនឹងការងារនេះមិនជាស៊ីពេលច្រើនផង។ តារាស្រីរូបនេះបញ្ជាក់ថា ការរកស៊ីនៅតែមាញឹក តែការថតបទចម្រៀង ឬរឿងខ្លីៗអី គឺនាងនៅតែឆ្លៀត តែសម្រាប់រឿងភាគជាដើមដែលត្រូវការពេលយូរ នាងមិនទទួលទេ ពិសេស គឺរដូវខូវីដនេះតែម្ដង ដែលនាងមិនចង់ទៅណាឆ្ងាយ ឬយូរឡើយ៕

ដកស្រង់ពី៖ Sabay