Social Network

រឿង​ពិសេស​មួយ កើត​ក្នុង​ការ​បរិច្ចាគ​១លានដុល្លារ​ជួយ​រាជរដ្ឋាភិបាល​របស់ ឧកញ៉ា ឡេង ណាវ៉ាត្រា

ឧកញ៉ា អ្នកឧកញ៉ា រួមទាំងសិល្បករល្បីៗឈ្មោះជាច្រើន បាន និងកំពុងស្រុះដៃគ្នាបរិច្ចាគជួយរាជរដ្ឋាភិបាល ទុកបម្រុងទិញវាក់សាំងកូវីត ១៩ មកចែកជូនប្រជាពលរដ្ឋ ក្នុងនោះ

ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបរិច្ចាគ ១លានដុល្លារទៀតដែរ។ នេះសកម្មភាពជួយសង្គមថ្មីរបស់ឧកញ៉ាដែលមានអតីតភាពជាពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូង។ កាលពីគ្រោះទឹកជំនន់ ឧកញ៉ា ឡេង ណាវ៉ាត្រា បានឧបតម្ថប្រាក់ ៦០ម៉ឺនដុល្លារ និងអង្ករចំនួន ៦០តោន ជួយរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋដែលរងគ្រោះ។

នាពេលនោះ តួលេខនេះ ស្ថិតនៅចំណាត់ថ្នាក់ជាងគេ ជាហេតុនាំឲ្យឧកញ៉ាវ័យក្មេង ទទួលបានការកោតសរសើរពីប្រមុខរាជរដ្ឋាភិបាល។ នៅយប់មិញនេះទៀត ចាងហ្វាងផលិតកម្ម Galaxy Navatra ក៏ធ្វើរឿងអស្ចារ្យជាថ្មី ដោយបានប្រកាសបរិច្ចាគ ១លានដុល្លារជូនរាជរដ្ឋាភិបាល តែត្រឹមប្រមាណ ១ម៉ោងប៉ុណ្ណោះ បន្ទាប់ពីសម្ដេចនាយករដ្ឋមន្ត្រីបញ្ចេញឲ្យដឹងថា រាជរដ្ឋាភិបាល ខ្វះខាតថវិកាក្នុងការទិញវ៉ាក់សាំងកូវីត១៩មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

យ៉ាងណា តួលេខ ១លានដុល្លារ ត្បិតថាច្រើនជាងមុន ប៉ុន្តែមិនមែនជាចំនួនច្រើនជាងគេឡើយ ខណៈមានឧកញ៉ាផ្សេងទៀត ដូចជា អ្នកឧកញ៉ាគិតម៉េង ជាដើមបានបរិច្ចាគ ៣លានដុល្លារជូនរាជរដ្ឋាភិបាលឯណោះ។ បែបនេះក្ដី អ្វីដែលអស្ចារ្យនោះ គឺឧកញ៉ា ឡេង ណាវ៉ាត្រា គឺជាមនុស្សទី១ ដែលចេញមុខបរិច្ចាគនាគ្រានេះ ក្រោយយល់ពីផលវិបាករបស់រាជរដ្ឋាភិបាល។

បន្តបន្ទាប់មក ក៏មានសប្បុរសជន ឥស្សរជនជាច្រើនទៀត បានចេញមកជួយឧបត្ថម្ភបន្តបន្ទាប់។ សកម្មភាពរបស់ម្ចាស់ឧបត្ថម្ភទាំងនេះ ទទួលបានការសាទរជាច្រើនពីមជ្ឈដ្ឋានប្រជាពលរដ្ឋ។ នៅម្សិលមិញនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ចេញឲ្យដឹងថា រាជរដ្ឋាភិបាលគ្រោងបញ្ចេញថវិកាបញ្ជាទិញវ៉ាក់សាំងកូវីត១៩ ចំនួន១លានដូសជាជំហានដំបូង។

ចំនួននេះ អាចចាក់ជូនប្រជាពលរដ្ឋបានតែ ៥០ម៉ឺននាក់(ម្នាក់ចាក់២ដូស)ប៉ុណ្ណោះ។ សម្ដេចបានលើកឡើងថា កម្ពុជាខ្វះខាតថវិកាសម្រាប់ទិញវ៉ាក់សាំងឲ្យគ្រប់ចំនួនសម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជាដែលមានប្រមាណ ១៦លាននាក់។ ដូច្នេះហើយ សម្ដេច បានបញ្ជាឲ្យក្រសួងសុខាភិបាល និងក្រសួង ហិរញ្ញវត្ថុ ធ្វើការជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី និងពហុភាគី ដើម្បីរកលទ្ធភាពទិញវ៉ាក់សាំងគ្រប់ចំនួនសម្រាប់ចាក់ជូនប្រជាពលរដ្ឋ។

បែបនេះហើយ ទើបឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ចេញមុខភ្លាមមុនគេ ឧបត្ថម្ភ ហើយក៏មានឧកញ៉ា អ្នកឧកញ៉ា សិល្បករល្បីៗបន្តបន្ទាប់ទៀត។ តាមព័ត៌មាននៅលើទំព័រហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា គិតត្រឹម ម៉ោង ៩ និង ៣០នាទីព្រឹកថ្ងៃទី ៨ ធ្នូ នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានជំនួយពីសប្បុរសជនចំនួន ១៨លានដុល្លារអាមេរិកហើយ៕

ដកស្រង់ពី៖ Sabay