Social Network

តាម​ដំណឹង​នៅ​ក្នុង "បារមី" មាន​បទ​របស់ វណ្ណដា មួយ​នេះ ស្ទុះ​ខ្លាំង​ជាង​គេ​បំផុត

ផលិតកម្ម "បារមី" របស់តារាចម្រៀង ឡូរ៉ា ម៉ម បាន និងកំពុងទទួលបានការពេញនិយមក្រោយកៀរគរបានតារាចម្រៀង Original Song

ច្រើននាក់មកចូលរួមជាមួយគ្នា ហើយរាល់ពេលចេញបទម្ដងៗមានការគាំទ្រខ្លាំង ប៉ុន្តែនៅក្នុងចំណោមនោះ មានចម្រៀងមួយបទ ស្ទុះខ្លាំងជាងគេបង្អស់។ ផលិតកម្ម "បារមី" ដែលមានតារាចម្រៀងល្បីក្នុងស្រទាប់យុវវ័យដូចជា វណ្ណដា ក្មេងខ្មែរ អូន ជាដើមនោះ មកដល់បច្ចុប្បន្នមានបទចម្រៀងផលិតរួចចំនួនជាង ២០០បទហើយ។

នេះបើតាមលោក ភីតធ័រ បុគ្គលិកទំនាក់ទំនងសាធារណៈរបស់ផលិតកម្មបញ្ចេញឲ្យដឹង។ មន្ត្រីទំនាក់ទំនងវ័យក្មេង ឲ្យដឹងថា បទភាគច្រើន គឺទទួលបានការគាំទ្រខ្លាំងស្ទើរមិនឈ្នះមិនចាញ់គ្នា។ ប៉ុន្តែក្នុងនៅក្នុងចំណោមនោះ គឺមានមួយបទស្ទុះលោតខ្លាំងជាងគេ តាំងតែពីថ្ងៃដាក់ចេញនៅលើឆាណែលយូធូបមកម្ល៉េះ។

បទចម្រៀងដ៏ពេញនិយមនោះ គឺបទ "ម្ដាយ" របស់ វណ្ណដា ជាមួយ ក្មេងខ្មែរ។ បទ "ម៉ែ" បានចេញផ្សាយនៅលើឆាណែលយូធូបរបស់តារាចម្រៀង វណ្ណដា ផ្ទាល់នៅថ្ងៃទី ២៤ មីនា ២០២០។ បទដែលបើកបង្ហាញកម្ររបស់ក្រុមតារាចម្រៀងយុវវ័យ ពីមនោសញ្ចេតនារបស់ពួកគេជាមួយអ្នកម្ដាយដែលជាអ្នកមានគុណរបស់ពួកគេនេះ ទទួលបានការគាំទ្រយ៉ាងគំហុក តាំងពីពេលចេញផ្លូវការ។

ប្រិយមិត្តជាច្រើនមិនខ្មែរ ឬបរទេស បានចូលទៅសរសេរ Comment លើកសរសើរពីបទរបស់តារាចម្រៀងខ្មែរមួយនេះ និងថា ពេលបានស្ដាប់រួចហើយ ធ្វើឲ្យពួកគេនឹកផ្ទះ នឹកអ្នកមានគុណខ្លាំងណាស់។ មិនត្រឹមតែល្បីក្នុងស្រុក ប៉ុន្តែបទ "ម្ដាយ" របស់ វណ្ណដា និងក្មេងខ្មែរ ក៏ល្បីខ្លាំងនៅអន្តរជាតិដែរ ក្រោយគេឃើញតារាយូធូបទាំងនៅអាស៊ី អាមេរិក និងអឺរ៉ុបជាដើម បានប្រជែងគ្នាធ្វើវីដេអូ Reaction។

គិតមកដល់ពេលនេះ បទចម្រៀងនិយាយពីអ្នកម្ដាយមួយនេះ មានអ្នកចូលទស្សនាដល់ជាង ៣០លានដងមកហើយនៅលើយូធូបរបស់ វណ្ណដា ដែលជាតួលេខដ៏ខ្ពស់មួយ។ តោះ...ស្ដាប់ម្ដងទៀតទាំងអស់គ្នា...ជិតចុងសប្ដាហ៍ស្រាប់ផង ស្ដាប់ហើយ ឡើងឡានទៅលេងម៉ែតែម្ដង។

 

ដកស្រង់ពី៖ Sabay