Social Network

ឱ្យកូនលេងហ្គេមសុខៗអស់ជិត ២ម៉ឺនដុល្លារមិនដឹងខ្លួន ចង់ទារមកវិញ Apple អត់ឲ្យទៀត

ក្មេងប្រុសសញ្ជាតិអាមេរិកម្នាក់ឈ្មោះថា George Johnson ដែលមានវ័យ ៦ឆ្នាំ បានលេងហ្គេម "Sonic Force" នៅលើ iPad ម្ដាយរបស់ខ្លួន ដោយធ្វើឱ្យបាត់បង់លុយដល់ទៅ ១៦ ០០០ដុល្លារ។

លុយដ៏ច្រើននេះត្រូវបានកាត់ដោយ App Store របស់Apple ត្បិតអីកុមារាម្នាក់នេះបានធ្វើការបញ្ជាទិញ items GOLD RINGS ជាច្រើននៅក្នុងហ្គេម "Sonic Force" ដោយចាប់ផ្ដើមទិញពី ១,៩៩ដុល្លារ និង ៩៩,៩៩ដុល្លារ ហើយក៏បញ្ជាទិញបន្ថែមរាប់រយដុល្លារក្នុងមួយលើកៗ រហូតចំនួនបញ្ជាទិញកើន ២ ៥០០ដុល្លា និងឡើងដល់ ១៦ ០០០ដុល្លារ។

ការបញ្ជាទិញទាំងនោះគឺដើម្បីឱ្យតួអង្គក្នុងហ្គេមរបស់គេមានល្បឿនលឿន និងលក្ខណៈពិសេសដទៃទៀត។បន្ទាប់ពីដឹងបាត់លុយក្នុងគណនីមួយរយៈ ម្ដាយរបស់ George បាន់ទាក់ទងទៅកាន់ក្រុមហ៊ុន Apple ដើម្បីទទួលបានសំណងមកវិញ ប៉ុន្ដែភាគី Apple វិញក៏បានធ្វើការបដិសេធមិនសងប្រាក់ទាំងនោះទេ ត្បិតអីបញ្ហានេះបានកើតឡើងលើស៦០ថ្ងៃរួចហើយ ដោយម្ដាយ George មិនបានទាក់ទងមកកាន់ភាគី Apple នោះទេ។ សរុបទៅម្ដាយឪពុករបស់កូនៗគ្រប់រូបមុនប្រគល់ iPad ឬទូរសព្ទឱ្យក្មេងៗលេង គប្បីកុំដាក់ កាតធនាគារ ឬកាត Visa \ Master និងមធ្យោបាយបង់ប្រាក់ដទៃទៀតទៅក្នុងទូរសព្ទ ព្រោះពួកគេអាចបញ្ជាទិញអ្វីផ្សេងៗបានដោយមិនដឹងខ្លួន ដូចជាការទិញ items ផ្សេងៗក្នុងហ្គេមខាងលើជាដើម។

ដកស្រង់ពី៖sabay