Social Network

សាយ បង្ហាញ​ការ​អន់ចិត្តជាលើកដំបូងចំពោះអ្នករិះគន់ តែឆ្លើយតប​យ៉ាង​សុភាពបំផុត!

សាយ បានបញ្ចេញវីដេអូថ្មីមួយទៀត រយៈពេលជិត១០នាទី ស្ដីពីសកម្មភាពរបស់លោក និងក្រុមការងារ ដែលជាវីដេអូទី ២៤ គិតចាប់ពីថ្ងៃចាប់ផ្ដើមរត់មក។

វីដេអូថ្មីនេះ សាយបាននិយាយផ្ដោតសំខាន់ទៅលើ challenge ១ដុល្លារដើម្បីកុមារកម្ពុជា ដែលក្នុងនោះ តារាចម្រៀង original រូបនេះ បានលើកឡើងពីមនុស្សមួយចំនួន ដែលបានរិះគន់លោកថា អួត និងចង់ល្បីជាដើម។ សាយ៖"ខ្ញុំគ្រាន់តែចង់ឆ្លើយតបទៅវិញថា បើយើងធ្វើអីបានមុខ ហើយវាបានផល ខ្ញុំគិតថាយើងគួរតែធ្វើទៅ ព្រោះផលនោះបានជួយទៅដល់ជីវិតកុមារកម្ពុជា។

បើយើងស្ងាត់ៗលាក់មុខ ហើយអត់ចូលរួមអ្វីទាំងអស់ ក៏អត់មានការកែប្រែអីដែរ"។ សាយ បន្ថែមថា បើលោកអល់អែក ឬមិនធ្វើអ្វីសោះតាមមតិរិះគន់មួយចំនួននោះ ម្ល៉េះសមលោកមិនបានឃើញទឹកប្រាក់ជាង១៣០០លានរៀលយកទៅជួយមន្ទីរពេទ្យកុមារអង្គរនោះទេ ហើយក៏មិនបានស្គាល់ និងរត់ឆ្លងកាត់ខេត្ត/ក្រុងជាច្រើននោះទេ។

បច្ចុប្បន្ន សាយ និងក្រុមការងារ បន្តបេសកកម្មរត់របស់ខ្លួនដដែល ដោយកំពុងរត់ចេញពីទឹកដីខេត្តរតនគិរី។ ក្នុងគោលដៅរត់ឆ្លងកាត់ខេត្ត/ក្រុងជាង២០ ដោយប្រើពេល៩៩ថ្ងៃរបស់សាយ ត្រូវបានអាជ្ញាធរ និងសប្បុរសជនជាច្រើនគាំទ្រ។

សូមរំលឹកថា នៅអំឡុងពេលរត់ដើម្បីសប្បុរសធម៌ជាមួយសាយ លោកបានបង្កើតកម្មវិធី challenge ចំនួនពីរ គឺទី១ បង្កើតឡើងដើម្បីប្រមូលថវិកាពីសប្បុរសជនម្នាក់១ដុល្លារដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ និង Challenge ទី២ ដែលទើបបង្កើតថ្មីៗនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ទិញវ៉ាក់សាំងកូវីដ-១៩។

លោក អ៊ួន បឋម ហៅសាយ ដែលជាប្រធានក្រុមការងាររត់ដើម្បីសប្បុរសធម៌ជាមួយសាយ បង្ហើបថា បន្ទាប់ពីបញ្ចប់បេសកកម្មជួយសង្គមរយៈពេល៩៩ថ្ងៃភ្លាម រូបលោកនឹងរកកន្លែងស្នាក់នៅ ឬលំហែរយៈពេលខ្លីនៅកន្លែងណាមួយដែលស្ងប់ស្ងាត់បំផុត។

បន្ទាប់ពីនោះ ទើបលោកចាប់ផ្ដើមសកម្មភាពមនុស្សធម៌ផ្សេងទៀត ដោយបំផុសឲ្យមានការចូលរួមកាន់តែច្រើនឡើងពីយុវវ័យ៕

ដកស្រង់ពី៖Sabay