បន្ទាប់ពីរត់ឆ្លងកាត់ និងជួបជាមួយអភិបាលខេត្តរតនគិរីលោក ថង សាវុន ដើម្បីប្រាប់ពីគោលបំណងនៃបេសកកម្មមនុស្សធម៌ កាលពីថ្ងៃម្សិលម្ង៉ៃ ឥឡូវនេះ សាយ និងក្រុមការងារ បានរត់ដល់ទឹកដីខេត្តមណ្ឌលគីរីហើយ។
ដែនដីភាគឦសានរបស់កម្ពុជាមួយនេះ មានអាកាសធាតុត្រជាក់ណាស់នៅព្រឹកថ្ងៃទី២១ ខែធ្នូ នេះ។ លោក អ៊ួន បឋម ហៅសាយ និយាយថា ព្រឹកនេះអាកាសធាតុនៅខេត្តមណ្ឌលគីរី បានចុះត្រជាក់ដល់១៨អង្សាសេ។ ប៉ុន្ដែមានរឿងគួរឲ្យឆ្ងល់មួយដែល សាយ និងក្រុមការងារ បានទិញការ៉េមញ៉ាំគ្រប់គ្នាហើយថតបង្ហោះតាមបណ្ដាញសង្គម ខណៈដែលអាកាសធាតុកំពុងចុះត្រជាក់ខ្លាំងនេះ។
ក្រោយពីសាយ ប្រាប់ពីអាកាសធាតុក្នុងខេត្តដែលលោកកំពុងស្នាក់នៅ ស្រាប់តែមានហ្វេនៗរបស់លោកមិនតិចជិត៤០០នាក់ បានឆ្លើយតបនឹងលោកតាមរយៈដោយប្រាប់ពីអាកាសធាតុចុះត្រជាក់ពីខេត្ដ/ក្រុងរបស់ពួកគេមកវិញដែរ។ ខេត្តខ្លះនៅព្រឹកនេះបានចុះត្រជាក់ក្រោម១៨អង្សាសេទៅទៀត គឺមានដូចជា៖ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ និងក្រុងបាត់ដំបង ខេត្តបាត់ដំបងជាដើម។
នេះបើតាមការបញ្ជាក់ពីហ្វេនៗរបស់សាយ។ ក្នុងចំណោមអ្នកចូលខមិនលើរូបថត និងសាររបស់សាយដែលបានបង្ហោះនៅព្រឹកនេះ ទាំងជិត៤០០នាក់ បានScreenshoot ព័ត៌មានស្ដីពីអាកាសធាតុចុះត្រជាក់ពីទូរស័ព្ទដៃរបស់ពួកគេផ្ញើមកសាយវិញស្ទើរគ្រប់គ្នា ហើយបារម្ភពីសុខភាពរបស់សាយ ដោយសុំឲ្យលោកថែរក្សាសុខភាព ដើម្បីបន្តបេសកកម្មមនុស្សធម៌ដ៏កម្រនេះ៕
ដកស្រង់ពី៖Sabay