Social Network

សម្ដេច ហ៊ុន សែន ៖ បើស្រឡាញ់ជាតិ រឿងអីមិនហ៊ាន លាសញ្ជាតិមួយចេញ

ភ្នំពេញ៖ ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា សម្ដេច ហ៊ុន សែន បានថ្លែងបញ្ជាក់ថា សមាជិក គណៈកម្មាធិការជាតិ រៀបចំការ បោះឆ្នោត ត្រូវតែមាន សញ្ជាតិមួយ ពោលគឺមិនអាច មានសញ្ជាតិពីរ នោះទេ ។

ក្នុងនោះសម្ដេច ក៏បានជំរុញឲ្យ មន្ត្រីរាជរដ្ឋាភិបាល ដែលមានសញ្ជាតិពីរ ក៏ត្រូវលាសញ្ជាតិ មួយចេញផងដែរ  ។ ថ្លែងបើក សន្និសីទជាតិ ផ្សព្វផ្សាយច្បាប់ គោលទាំង៣ នៃវិស័យយុត្តិធម៌ នៅកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤នេះ ធ្វើឡើងនៅសណ្ឋាគារ InterConTinental សម្តេចតេជោ ហ៊ុន សែន បន្តថា" ចុងក្រោយខ្ញុំបានជួប ឯកឧត្តម សម រង្ស៊ី កាលពីថ្ងៃទី ២៨កន្លងទៅ ។

ខ្ញុំថាឯកឧត្តម អីក៏វាលំបាក គ្រាន់តែ ៩នាក់ គ្រាន់តែរកប៉ុណ្ណឹង មិនបាន ។ កន្លងទៅចេះ នាំគ្នានិយាយថា គ្រួសារនិយម បក្ខពួកនិយម ។ ហើយចុះយើងដាក់ហាម នៅក្នុងហ្នឹង តែម្ដងទៅ មិនឲ្យមាន ញត្តិពន្ធ ក្នុងសមាជិក គជប ។ រឿងសញ្ជាតិ តែមួយក៏ អីចឹងដែរ ខ្ញុំថា បើចេះស្នេហាជាតិ ម៉េចក៏មិនហ៊ានលាសញ្ជាតិមកបំរើជាតិ។ ឥឡូវបើចង់អីចឹងទាំងអស់ សូមអញ្ជើញទាំងក្រុមប្រឹក្សាធម្មនុញ្ញ ទាំងព្រឹទ្ធសភា ទាំងរដ្ឋសភា ទាំងសមាជិក រាជរដ្ឋាភិបាល ទាំងសមាជិក គណៈកម្មាធិការជាតិ រៀបចំការ បោះឆ្នោត ព្រោះគេថា នៅពីរចំណុច ដោះស្រាយមិនចេញ តាមរយៈ ថ្នាក់ចរចា ឯកឧត្តម ប៊ិនឈិន ជាមួយ និងក្រុមការងារ ដោះមិនចេញ តែបើចេញ ចេញនៅក្នុងបន្ទប់ ខ្ញុំនៅសភាទៅវិញ ។

កន្លងមកតែងតែរិះគន់ បក្ខពួកនិយម គ្រួសារនិយម ចុះខ្លាចអីដាក់ទៅ ថាកុំឲ្យមាន ញត្តិពន្ធនៅក្នុងហ្នឹង (ច្បាប់បោះឆ្នោតថ្មី) ព្រោះបញ្ហាហ្នឹង វាធ្វើឲ្យមានការ លំអៀង ។ ហើយបញ្ហាសញ្ជាតិ តែមួយកុំអាពង្រាយ" ។ តាមប្រសាន៍ របស់ប្រមុខ រាជរដ្ឋាភិបាលដដែល បញ្ហាសញ្ជាតិនេះ មន្ត្រីរាជរដ្ឋាភិបាល ដែលក្នុងនោះ រួមមាន លោក អង្គ វង្សវឌ្ឍនា លោក អៀង ម៉ូលី លោស្រី អ៊ឹង កន្ថាផាវី លោក វ៉ា គឹមហុង ជាដើមក៏ ត្រូវលាសញ្ជាតិ មួយចេញដែរ ។

តែទោះជាយ៉ាងក៏ដោយ ប្រមុខរាជរដ្ឋាភិបាល បានជំរុញឲ្យ ដោះស្រាយ បញ្ហាសញ្ជាតិនេះ ត្រឹមគណៈកម្មាជាតិ រៀបចំការ បោះឆ្នោត ជាមុនសិន។ សម្ដេចបញ្ជាក់ថា " ៩នាក់ រើសម្នាក់ដែលគ្មាន សញ្ជាតិបរទេស បានអត់ មនុស្ស ១៥លាននាក់នេះ "។ បើតាមសម្ដេច កន្លងមក មានមន្ត្រី ទូតបារាំង និងអាម៉េរិក បាន សសេរសំបុត្រ មកសួរជុំវិញ បញ្ហាសញ្ជាតិ របស់លោក ម៉ម សូណង់ដូ និង លោស្រី មួរ សុខហួរ ។

សូមបញ្ជាក់ថា នៅក្នុងជំនួប ក្រៅផ្លូវការមួយ រវាងសម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោកសម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា បានឯកភាពគ្នា ជុំវិញសមាជិកទី៩ នៃគណៈកម្មាធិការជាតិ រៀបចំការ បោះឆ្នោត ត្រូវតែមាន សញ្ជាតិមួយ ៕

ដកស្រងពី៖ដើមអម្ពិល