Social Network

កុំឆ្ងល់! ផលិតផលបច្ចេកវិទ្យាទាំង៧ នឹងលែងមានទៀតនៅឆ្នាំ ២០២១

ទោះបីបច្ចេកវិទ្យាមានការវិវឌ្ឍលឿនយ៉ាងណាក៏ដោយ ក៏យើងឃើញមានផលិតផល និងសេវាកម្មខ្លះបានក៏បានផ្អាកទៅវិញ ឈប់បន្តគាំទ្រពីក្រុមហ៊ុនតទៀតផងដែរ តួយ៉ាងដូចជាផលិតផលខាងក្រោមនេះអ៊ីចឹង៖

១. Google Play Music កម្មវិធីចាក់តន្រ្តីលើអ៊ីនធឺណិតនេះ ត្រូវបាន Google ផ្អាកគាំទ្រគ្រប់សេវាកម្ម នៅខែសីហា ឆ្នាំ២០២០ ហើយមកដល់ ខែ១២ ឆ្នាំដដែល ចម្រៀងរបស់អ្នកប្រើប្រាស់នៅលើ music stores ក៏ត្រូវបានលុបចេញដូចគ្នា។

ជំនួសមកវិញ Google ហាក់ចង់ឱ្យអ្នកប្រើប្រាស់ងាកមកប្រើបណ្ដាញសង្គមវីដេអូ YouTube វិញម្ដង។

២. Nintendo 3DS កូនម៉ាស៊ីនអេក្រង់ 3D នេះចេញលក់នៅ ឆ្នាំ២០១១ ក្រៅពីអាចលេងហ្គេម វាក៏អាចថតរូប ភ្ចាប់ទំនាក់ទំនងជាមួយមិត្តភក្ដិ មើលវីដេអូ និងថតសំឡេងជាដើម។ បន្ទាប់ពីបម្រើតម្រូវការអស់១០ឆ្នាំ មានអ្នកប្រើ ៧៦លាននាក់ Nintendo 3DS ក៏ប្រកាសលាអ្នកប្រើប្រាស់ជាផ្លូវការ នៅខែកញ្ញា ឆ្នាំ២០២០។

៣. កម្មវិធី Facebook លើ Windows 10 អាចថាជាមធ្យោបាយងាយស្រួលមួយដល់អ្នកប្រើប្រាស់ ប៉ុន្ដែតាមបទពិសោធន៍ជាក់ស្ដែង គឺពួកគេប្រើប្រាស់ Facebook នៅលើគេហទំព័រច្រើនជាងកម្មវិធី។ ដូចនេះនៅ ខែកុម្ភៈ ឆ្នាំ២០២០ Facebook ក៏សម្រេចដកកម្មវិធីនេះទៅវិញជាស្ថាបពរ។

៤. ឧបករណ៍ VR ផលិតនេះជាច្រើនបានលាអ្នកប្រើប្រាស់នៅ ឆ្នាំ២០២០ មកហើយ រួមមានឧបករណ៍ VR Oculus Go និង Oculus Rift S។ ចំណែក Daydream VR វិញ Google នឹងផ្អាកគាំទ្រ Daydream VR software ត្បិតវានឹងមិនដំណើរការល្អនោះទេនៅលើ Android 11។ ចំពោះ Samsung វិញក៏ប្រកាសឈប់គាំទ្រឧបករណ៍ VR តាំងពី ខែកញ្ញា ឆ្នាំ២០២០ មកផងដែរ។

៥. Adobe Flash Player បានប្រកាស កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ថានឹងលែងគាំទ្រមុខងាររបស់ខ្លួនបន្តទៀតហើយ ដោយសេវាកម្មរបស់ពួកគេនឹងកាត់ផ្ដាច់ទាំងស្រុងចំពោះមាតិការលើអ៊ីនធឺណិតទាំងឡាយណាដែលដើរដោយ Adobe Flash Player នៅ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ។

៦. Windows 7 Microsoft បានប្រកាសនៅ ខែមករា ឆ្នាំ២០២០ ថានឹងឈប់គាំទ្រសេវាកម្មផ្សេងៗ ពិសេសការគាំទ្រលើប្រព័ន្ធសុវត្ថិភាព។ ដូចនេះអ្នកប្រើប្រាស់គប្បីតម្លើងប្រព័ន្ធប្រតិបត្តិការថ្មីៗរបស់ក្រុមហ៊ុនេះដូចជា Window 8 ឬ Window 10 ជាដើម ដើម្បីទទួលបានសេវាកម្មគាំទ្រដទៃទៀត ពិសេសការគាំទ្រទៅលើប្រព័ន្ធសុវត្ថិភាព។

៧. កម្មវិធី Chrome នឹងឈប់មានការគាំទ្រសេវាកម្ម នៅខែមិថុនា ឆ្នាំ២០២០ លើប្រព័ន្ធប្រតិបត្តិការ Windows, Mac និង Linux ចំណែកនៅលើប្រព័ន្ធប្រតិបត្តិការ Chrome វិញនៅបន្តដល់ ខែមិថុនា ឆ្នាំ២០២២។ Google ក៏បានឆ្លើយតបថា ការធ្វើបែបនេះគឺដើម្បីកែច្នៃទៅលើ web design ផ្ដល់បទពិសោធន៍ឱ្យអ្នកប្រើប្រាស់កាន់តែប្រសើរ។គួរបញ្ជាក់បន្តិច Chrome App ជា web application នៅក្នុងកម្មវិធី Google Chrome web browser ដែលយើងប្រើប្រាស់រាល់ថ្ងៃសម្រាប់បើកគេហទំព័រជាដើម។ Chrome apps ជាផ្នែកមួយនៅក្នុង Chrome Web Store ដែលមាន apps, extensions និង themes សម្រាប់តម្លើងមុខងារផ្សេងៗបន្ថែម។

ដកស្រង់ពី៖sabay