Social Network

មេយោធា ខេត្តមណ្ឌលគិរី រងការចោទថា កាងឲ្យឈ្មួញ វៀតណាម ដឹកជញ្ជូនឈើ ចេញពី ស្រុកពេជ្រាដា

មណ្ឌលគិរី ៖ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង ខេត្តមណ្ឌលគិរី លោក ឃិន ម៉េងស្រេង និងកូនចៅ ត្រូវបាន គេរាយការណ៍ថា ជាអ្នកកាង នៃការដឹកជញ្ជូនឈើ របស់ក្រុមឈ្មួញ វៀតណាម យ៉ាងហូរហែរ ចេញពី ស្រុកពេជ្រាដា ដោយគ្មាន សមត្ថកិច្ចពាក់ព័ន្ធណា ហ៊ាន ចុះចាប់នោះទេ ។

កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ រថយន្តច្នៃ និងត្រាក់ទ័រ របស់ឈ្មួញ រកស៊ីឈើ ជនជាតិ វៀតណាម ដែលចូលមកកាប់ឈើ ក្នុងទឹកដី ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្រោមការកាង ការពារពីក្រុមមេយោធា ខេត្តខាងលើនេះដើម្បីដឹក ជញ្ជូនឈើ ចេញទៅកាន់ ប្រទេសវៀតណាម ។

តាមសេចក្តី រាយការណ៍ បានឲ្យដឹងថា មានត្រាក់ទ័រ របស់ជនជាតិ វៀតណាម មិនតិចជាង រាប់សិបគ្រឿងនោះទេ បានដឹកឈើប្រណីត ចេញ ដោយឆ្លងកាត់ អូរព្រំដែន ត្រង់ចំណុចប៉ុស្តិ៍៤ និងប៉ុស្តិ៍៥ ក្នុងភូមិសាស្ត្រ ឃុំក្រង់សេះ ស្រុកពេជ្រាដា ក្រោមការកាង ការពារពីក្រុមទាហាន ដែលគេដឹងថា ជាមនុស្សរបស់ លោក ឃិន ម៉េងស្រេង មេបញ្ជាការសឹករង ខេត្តមណ្ឌលគិរី ។

ក្នុងប្រតិបត្តិការដឹក ជញ្ជូនឈើនោះ ក៏មានត្រាក់ទ័រ ប្រមាណ៤គ្រឿង ដែរកំពុងខូចនៅក្នុងព្រៃ ។ យោងតាមប្រភព មនុស្សជំនិត របស់ លោក ឃិន ម៉េងស្រេង ដែលដឹកនាំកម្លាំង កាងការពារ រថយន្តច្នៃ និងត្រាក់ទ័រ របស់ ជនជាតិវៀតណាម ឲ្យចូលមកកាប់ឈើ ក្នុងទឹកដីខ្មែរនោះ ត្រូវបានប្រភពបញ្ជាក់ថា មាន ទី១.ឈ្មោះ យិន ចាន់ទី, ទី២.ឈ្មោះ ស៊ឹម សំណាង និងទី៣.ឈ្មោះ កែវ ចិន្តា ប្រធាន ការិយាល័យ ស្ថិតិ នៃស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី ។

យ៉ាងណាក៏ដោយ មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល មិនទាន់អាចស្វែងរក ការបញ្ជាក់ណាមួយ ពីមេយោធាខេត្ត ខាងលើនេះបានទេ ៕

ដក់ស្រង់ពី៖ដើមអម្ពិល