Social Network

ស្អាត​ប្លែក! ​តារា​ទាំង​នេះ​គ្រង​ឈុត​បុរាណ​ដើម្បី​អបអរ​ទិវា​វប្បធម៌​ជាតិ ៣ មីនា ជាមួយ​សារ​ដ៏​មាន​អត្ថន័យ

តារាចម្រៀង សម្ដែង និងពិធីករខ្មែរជាច្រើនបានបញ្ចេញសារអបអរសាទរក្នុងថ្ងៃប្រារព្ធទិវាវប្បធម៌ជាតិ ក្រោមប្រធានបទ"យុវជនដើម្បីវប្បធម៌ជាតិ" លើកទី២៣ ឆ្នាំ២០២១ កាលពីថ្ងៃទី៣ ខែមីនា។

ជាក់ស្ដែងកាលពីយប់មិញ និងថ្ងៃនេះ គេឃើញគ្រួសារតារាចម្រៀងសួស វីហ្សា ពិធីករ ជា វណ្ណារិទ្ធ និងតារាចម្រៀងលោក អ៊ួន បឋម ហៅសាយ បានបញ្ចេញសារជាច្រើនភ្ជាប់ជាមួយនឹងរូបថតគ្រងឈុតបុរាណខ្មែរប្លែកៗពីគ្នា។ សម្រាប់លោក អ៊ួន បឋម ហៅសាយ និយាយថា អបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៣ ឆ្នាំ២០២១ ក្រោមប្រធានបទ"យុវជនដើម្បីវប្បធម៌ជាតិ"។

សារនេះ ត្រូវបានលោកបង្ហោះតាមបណ្ដាញសង្គមFacebook ដោយមានភ្ជាប់នូវរូបថតគ្រងឈុតស្ដេចស្វាក្នុងរឿងរាមកេរ្តិ៍ចំនួន៥សន្លឹក។ ចំណែកតារាចម្រៀង សួស វីហ្សា និងស្វាមី បានបង្ហោះសារថា"រីករាយទិវាវប្បធម៌ជាតិ ៣ មីនា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពន្រាយ ជាតិថ្កើងថ្កាន"។

ពួកគេបានបង្ហោះសារនេះដោយមានភ្ជាប់នូវរូបថតគ្រងឈុតសម័យអង្គរជាច្រើនសន្លឹក។ រីឯពិធីករ ជា វណ្ណារិទ្ធ វិញ ក៏បានគ្រងឈុតបុរាណដែរ ដើម្បីអបអរសាទរក្នុងថ្ងៃទិវាវប្បធម៌ជាតិ ៣ មីនា។ លោក បានបញ្ចេញរូបថតគ្រងឈុតបុរាណខ្មែរសម័យអង្គរជាច្រើនសន្លឹកដោយភ្ជាប់នូវសារមួយថា"កម្ពុជា ព្រះរាជាណាចក្រ នៃវប្បធម៌...យើងទាំងអស់គ្នាដើម្បីវប្បធម៌"៕

ដកស្រង់ពី៖Sabay