Social Network

ផែន បូទី ឲ្យ​តម្រុយ​ទៅ​រស់នៅ​ប្រទេស​ដ៏​ស្រស់​ស្អាត​មួយ​នៅ​អឺរ៉ុប

តារាចម្រៀងប្រុស ផែន បូទី ដែលមានជំនាញខាងនិពន្ធបទភ្លេងផងនោះ បានឲ្យតម្រុយមួយថាលោកនឹងចេញទៅរស់នៅប្រទេសដ៏ស្រស់ស្អាតមួយនៅប៉ែកអ៊ឺរ៉ុប គឺប្រទេស អូទ្រីស។

តម្រុយនេះ ត្រូវបានលោកបញ្ចេញនៅរសៀលថ្ងៃទី៤ ខែមីនា នេះ តាមបណ្ដាញសង្គមFacebook។ លោក ផែន បូទី និយាយថា លោកនឹងបើកបង្រៀននិពន្ធបទភ្លេង Mix &Masterដល់បងប្អូនគ្រប់គ្នា មុននឹងលោកចេញទៅរស់នៅប្រទេស អូទ្រីស។

លោកនិយាយបែបនេះ នៅពេលលោកទៅបង្រៀននិពន្ធបទភ្លេងប្អូនប្រុសម្នាក់ដល់ស្ទូឌីយោផ្ទាល់តែម្ដង៖"មកបង្រៀនដល់ផ្ទះតែម្ដង រកឯណាបាន ប្អូនវីរៈ ត្រៀមលុយបង់ថ្លៃបង្រៀននិពន្ធបទភ្លេង Mix & Master ម៉ាស្ដង់ដា ៣០០០ដុល្លារ គាត់សុំបង់រំលស់"។

Sabay មិនទាន់អាចទាក់ទងតារាចម្រៀង ផែន បូទី ដែលមានសង្សារជាជនជាតិបរទេស ដើម្បីបញ្ជាក់បន្ថែមថា អ្វីដែលលោកឲ្យតម្រុយថាទៅរស់នៅបរទេសនេះជាការពិតដែរឬទេ ហើយបើជាការពិតនឹងចេញទៅរស់នៅនៅថ្ងៃណា បានទេ គិតត្រឹមម៉ោង៤រសៀលថ្ងៃទី៤ ខែមីនា នេះ។

បន្ទាប់ពីលោកបានបញ្ចេញសារដ៏កម្រទាក់ទងនឹងជីវិតឯកជនរបស់លោកតាមបណ្ដាញសង្គមនៅមុននេះ មានអ្នកគាំទ្រលោកជាច្រើនគិតថា ផែន បូទី ដែលមានទេពកោសល្យទាំងការច្រៀង និងបទភ្លេងនោះ នឹងចេញទៅរស់នៅជាមួយសង្សារដែលជាជនបទេស ក្រោយពីរៀបការរួចនៅស្រុកខ្មែរ។ ប៉ុន្តែការពិតយ៉ាងណានោះសាមីខ្លួនមិនទាន់ចេញមុខស្រាយចម្ងល់ទាំងនេះនៅឡើយទេ៕

ដកស្រង់ពី៖Sabay