Social Network

ភ្លេច​ៗ​ខ្លួន បាន​ទទួល ២លាន Sub ស្រាប់​តែ វណ្ណដា ពោល​បែប​នេះ​ចេញ​មក

តារាចម្រៀងរ៉េបលេចធ្លោ វណ្ណដា បានសម្រេចសមិទ្ធផលអស្ចារ្យនៅដើមឆ្នាំ ២០២១

ក្នុងនោះ ក្រោយពីជោគជ័យខ្លាំងជាមួយបទចម្រៀង ជាមួយព្រឹទ្ធាចារ្យ គង់ ណៃ " Time to Rise” ឥឡូវនេះ លោកបានជោគជ័យថ្មីទៀតជាមួយនឹងឆាណែលយូធូបផ្ទាល់ខ្លួនដែលទទួលបានចំនួនអ្នកចុចតាមដាន(Subscribe)ចំនួនជាង ២លាននាក់។

សមិទ្ធផលនេះបានធ្វើឲ្យតារាចម្រៀងរ៉េបមកពីខេត្តព្រះសីហនុ ទប់មាត់មិនជាប់ថា លោករំភើបណាស់នាពេលនេះ។ យ៉ាងណាក៏ដោយ វណ្ណដា ថានេះមិនមែនជាលទ្ធផលរបស់លោកតែម្នាក់ឯងនោះទេ។ "ខ្ញុំអាចដើរដល់ចំណុចនេះជាមួយនិងអ្នកគាំទ្ររបស់ខ្ញុំ គឺពិតជាមិនមែនជារឿងលេងសើច និងងាយស្រួលឡើយ ខ្ញុំពិតជារំភើបពិបាករកអ្វីនិយាយ…!។

ឆាណេលយូធូបរបស់ វណ្ណដា ដែលមានឈ្មោះថា "វណ្ណដា-Vannda Official” បានបង្កើតឡើងកាលពី៤ឆ្នាំមុន មកទល់នឹងពេលនេះ ចំនួនអ្នកចុចតាមដាន(Subscribe) មានចំនួន ២.០២នាក់ ដែលជាចំនួនចុចតាមដានច្រើនជាងគេបំផុត ក្នុងចំណោមឆាណែលតារាចម្រៀងក្នុងស្រុក។

ជាមួយនឹងឆាណែលមួយនេះ វណ្ណដា បានសាងសមិទ្ធផលធំបន្តបន្ទាប់។ កាលពីឆ្នាំ ២០២០ លោកបានផ្ទុះខ្លាំងជាមួយបណ្ដាបទក្នុងអាល់ប៊ុម "Skull” របស់លោកមានដូចជាបទ "Demon” “Move on” “J+O” និងបទ "Mama” ជាដើម។ មកដល់ ២០២១ លោកបានបើកទំព័រសករាជដ៏ល្អអស្ចារ្យជាមួយបទ "Time to Rise” ដែលជាការច្រៀងលើកដំបូងបំផុតជាមួយព្រឹទ្ធាចារ្យសិល្បករចម្រៀងចាប៉ីដងវែង គង់ ណៃ។

បទនេះមកទល់ថ្ងៃទី ១២ មេសា នេះ មានអ្នកចូលទស្សនាជាង ១៣លានដងហើយក្នុងរយៈពេលតែជាង១សប្ដាហ៍។ ចំណុចលេចធ្លោបំផុត បទចម្រៀងភាគច្រើនរបស់ វណ្ណដា ត្រូវបានជនជាតិបរទេសមិនថាអាស៊ី អាមេរិក អឺរ៉ុប អាហ្រ្វិក យកទៅធ្វើ Reaction ជាច្រើន ជាហេតុឲ្យលោកទាញបានមកវិញនូវល្បីល្បាញកាន់តែខ្លាំង ហើយឆាណែលយូធូបរបស់លោកខាងលើ ក៏មានអ្នកចុច Sub កើនឡើងលឿនដែរ ដែលដល់ពេលនេះជា ២លាន Sub ហើយ។

វណ្ណដា ពោលបន្តថា សមិទ្ធផលអស្ចារ្យទាំងនេះ មិនមែនកើតឡើងពីសមត្ថភាពលោកតែម្នាក់ឯងនោះទេ។ លោក ថ្លែង៖ "មិនមែនសមត្ថភាពខ្ញុំម្នាក់ឯងអាចធ្វើបានឡើយគឺ«ពួកយើង» ខ្ញុំសង្ឃឹម និងរំពឹងទុកថា នឹងអាចស្វែងរកអ្វីដែលអស្ចារ្យបន្តទៀត ដើម្បីលើកមុខមាត់ប្រទេស និងសាងស្នាដៃសម្រាប់បន្សល់អោយមនុស្សជំនាន់ក្រោយ អរគុណ"៕

 

ដកស្រង់ពី៖ Sabay