Social Network

Microsoft បន្ថែមមុខងារមួយ ក្នុងកម្មវិធី Teams ដើម្បីការពារពីការបោកបញ្ឆោត!

ដោយសារតែការប្រើប្រាស់កម្មវិធី Video Conferencing សម្រាប់កិច្ចប្រជុំនៅតែមានតម្រូវការខ្ពស់ ក្រុមហ៊ុនជាច្រើនតែងតែបន្ថែមមុខងារថ្មីៗដើម្បីទាក់ទាញអតិថិជនឱ្យងាកមកប្រើកម្មវិធីរបស់ពួកគេ។

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Microsoft ក៏បានបន្ថែមមុខងារ Safe Links សម្រាប់កម្មវិធី Teams ដើម្បីជួយការពារអ្នកប្រើប្រាស់ពីការបោកបញ្ឆោតតាមរយៈ Phishing ដែលនៅតែជាបញ្ហាដ៏ធំមួយសម្រាប់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន។

Phishing គឺជាពាក្យដែលគេប្រើសំដៅទៅលើល្បិចដែលជនអនាមិកប្រើដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់ក្នុងការលួចយកទិន្នន័យ ឬក៏លេខសម្ងាត់តាមរយៈតំណភ្ជាប់ក្លែងក្លាយ។

កម្មវិធីនេះនឹងស្កេនទៅលើតំណភ្ជាប់នៅពេលដែលលោកអ្នកចុចវា ជាជាងក្នុងពេលដែលលោកអ្នកទទួលបានតំណភ្ជាប់។ វិធីនេះត្រូវបានក្រុមហ៊ុន Microsoft អះអាងថា វាមានប្រសិទ្ធភាពជាងការស្កេននៅពេលដែលតំណភ្ជាប់បានទទួល ព្រោះជនខិលខូចអាចធ្វើការផ្លាស់ប្ដូរតំណភ្ជាប់បន្ទាប់ពីពួកគេបានផ្ញើរួចហើយនោះ។

ដើម្បីអាចប្រើមុខងារថ្មីនេះ ក្រុមហ៊ុនតម្រូវឱ្យលោកអ្នកប្រើកម្មវិធី Defender for Office 365 ផងដែរ។ គួរបញ្ជាក់ផងដែរថា កាលពីសប្ដាហ៍មុននាយកដ្ឋានក៏បានធ្វើការផ្សព្វផ្សាយ អប់រំអ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្ននៅពេលដែលលោកអ្នកទទួលបានតំណភ្ជាប់ណាមួយ ជាពិសេសជាមួយនឹងតំណភ្ជាប់ ដែលត្រូវបានបង្រួញនោះ។

ដើម្បីសុវត្ថិភាពក្នុងការប្រាស់ឧបករណ៍បច្ចេកវិទ្យា សូមលោកអ្នកកុំចុចនៅលើតំណភ្ជាប់ដែលមាននៅក្នុងសារដែលមិនមានប្រភពច្បាស់លាស់ ដើម្បីចៀសវាងពីការទាញយកកម្មវិធីមេរោគ ឬការលួចយកទិន្នន័យផ្សេងៗ៕

ដកស្រង់ពី៖sabay