Social Network

ឆែកមើលខ្លួនឯង! អាគុយឡាន ខូចឬមិនខូច អ្នកជំនាញប្រាប់ពីវិធីមើលដឹងភ្លាម

ជាទូទៅអ្នកដែលប្រើប្រាស់រថយន្ត មិនសូវចាប់អារម្មណ៍ទៅលើអាគុយឡាន ឲ្យតែដេរទៅឆេះមិនសូវខ្វល់ច្រើនឡើយ។ មានសញ្ញាណមួយចំនួន អាចឲ្យអ្នកដឹងមុនថាអាគុយឡានអ្នកជិតខូចឬមិនសាកភ្លើង។

លោក អ៊ុយ សាខន ជាគ្រូបណ្ដុះបណ្ដាលបច្ចេកទេសរថយន្តនៅសាលា JVC បានប្រាប់ Sabay ថា អាគុយឡានមានពីរប្រភេទ គឺអាគុយស្ងួតនិងអាគុយទឹក។ ចំពោះអាគុយស្ងួត ពេលជិតខូចមិនកាន់ភ្លើង គេអាចពិនិត្យមើលលើអាគុយ បើមានពណ៌បៃតងមានន័យថាវានៅមានថាមពលអាចនៅប្រើប្រាស់បាន បើឃើញពណ៌ក្រហមវាជិតអស់ថាមពលជិតដល់ពេលប្តូរថ្មីហើយ តែបើពណ៌សត្រូវតែប្តូរចេញតែម្តង។

លោកបន្តថា ចំពោះអាគុយទឹកវិញ ពេលណាវាអស់គុណភាពឬខូច អាចមើលឃើញដោយធុងអាគុយរាងប៉ោងមានស្នឹមលើក្បាលអាគុយច្រើន ហើយកម្រិតទឹកអាស៊ីដធ្លាក់ចុះឬក៏រីងតែម្ដង និងអាចមានស្នឹមនៅលើក្បាលអាគុយ។ លើសពីនេះនៅពេលយើងដេរបញ្ឆេះ វាមិនងាយឆេះនោះទេ ដែលបញ្ជាក់ថាវាជិតខូចហើយ។

នេះវាក៏នឹងលោតសញ្ញាបង្ហាញនៅតាបឡូរថយន្តថា អាគុយមានបញ្ហាមិនកាន់ភ្លើងឬមួយឌីណាម៉ូមិនសាកភ្លើងជាដើម។ ដើម្បីឱ្យកាន់តែច្បាស់ អាចទិញឧបករណ៍ធ្វើតេស្តមកពិនិត្យបន្ថែមក៏បាន។ចំពោះវិធីងាយៗដើម្បីថែរក្សា លោកប្រាប់ថា ត្រូវជ្រើសរើសប្រភេទអាគុយឱ្យត្រូវនឹងកម្លាំងម៉ាស៊ីនរថយន្តដែលក្រុមហ៊ុនកំណត់។

ពេលដេរបញ្ឆេះម្ដងជា២ដងមិនឆេះ កុំព្យាយាមដេរទៀតព្រោះវាអាចធ្វើឱ្យអាគុយឆាប់ខូច។ លោកបន្ថែមថា ក្នុង១សប្ដាហ៍បើមិនចេញដំណើរទៅណា ក៏ត្រូវបញ្ឆេះរថយន្តពី ៣ ទៅ ៥ នាទី ដើម្បីបំពេញថាមពលឡើងវិញ។ ក្រៅពីនេះ ក៏ត្រូវដុសសម្អាតក្រចាប់អាគុយ (លាងសម្អាត់ជាមួយទឹកក្ដៅ) ឱ្យបានស្អាតកុំឱ្យវាមានស្នឹមឬច្រែះនៅលើក្បាលអាគុយ៕

ដកស្រង់ពី៖sabay