Social Network

ប្រពៃណាស់...ខួប​កំណើត​ខ្លួន​ឯង សុគន្ធ​កញ្ញា ធ្វើ​បុណ្យ​ជួយ​គ្រួសារ​ក្រីក្រ​១ ល្មម​អាច​រស់បាន​ស្រួល!

តារាចម្រៀង ឱក សុគន្ធកញ្ញា ដែលកន្លងមកមិនដែលរវល់ធ្វើពិធីអបអរខួបកំណើតធំដុំនោះ ឆ្នាំនេះរឹតតែពិសេស ដោយបានយកថ្ងៃពិសេសនេះទៅធ្វើបុណ្យចែកទានដល់គ្រួសារក្រីក្រ១គ្រួសារនូវរបស់របរចាំបាច់ជាច្រើន។

ឱក សុគន្ធកញ្ញា បានឈានដល់ខួបគម្រប់ ៣៤ឆ្នាំកាលពីថ្ងៃទី ១៤ កញ្ញា ២០២១កន្លងទៅនេះ។ ប៉ុន្តែព័ត៌មានខាងលើទើបត្រូវគេចែកចាយនៅម្សិលមិញនេះ ដោយបានធ្វើឲ្យមានការសាទរជាច្រើនពីក្រុមអ្នកគាំទ្ររបស់នាង។ ទំព័រហ្វេសប៊ុកអ្នកគាំទ្រតារាស្រី ដែលជាអ្នកចែករំលែករឿងនេះ បានឲ្យដឹងថា ឱក សុគន្ធកញ្ញា ព្រមស្វាមី និងកូន បានធ្វើកម្មវិធីសប្បុរសធម៌ដ៏ធំមួយក្នុងថ្ងៃពិសេសរបស់ខ្លួន។

កម្មវិធីផ្ដល់ជំនួយនេះគឺតាមរយៈ អង្គការ និងជនបង្គោល ក្នុងគោលបំណងឧបត្ថម្ភជួយដល់គ្រួសារក្រីក្រ ១គ្រួសារ រស់នៅតំបន់ជនបទដាច់ស្រយាលក្នុង ភូមិកោះខែ្មរ ឃុំអូរតៀង ស្រុកសំបូរ ខេត្តក្រចេះ ដែលមេគ្រួសារមានជាបុរសជនពិការម្នាក់។ អំណោយដែលផ្ដល់ជូនមានទំហំធេង ដែលប្រិយមិត្តជាច្រើនយល់ថា ល្មមអាចក្រុមគ្រួសារទុរគតមួយនេះអាចរស់បានក្នុងជីវភាពប្រសើរជាងមុន។

ការផ្ដល់ជូនទាំងនោះមាន៖ -បង្គន់ចំនួន១ អំណោយនេះ ដោយលើការលំបាកដែលគ្រួសារមួយនេះរស់នៅដាច់ស្រយាល ងាយស្រួលសម្រាប់ពួកគេលាងសំអាតខ្លួន អនាម័យ ពិសេសកូនស្រីៗរបស់បុរសពិការ។ -អាងស្តុបទឹក ដើម្បីសម្រួលដល់ការប្រើប្រាស់ទឹក ត្បិតផ្ទះពួកគេនៅក្បែរដងទន្លេមេគង្គ ដែលម្ចាស់អំណោយយល់ថា គួរមានអាងស្តុបទឹកជាចាំបាច់ដោយមិនចាំបាច់ទៅដងទឹក ម្យ៉ាងបុរសជាឪពុកពិការផង។ -កង់ ៤ គ្រឿង សម្រាប់កូនៗទាំងអស់ ធ្វើជាមធ្យោបាយធ្វើដំណើរទៅសាលា ដែលមានចម្ងាយ ៧ ទៅ ៨ គីឡូ ខណៈមុននេះ គឺពួកគេនៅតែទៅរៀន ដោយថ្មើរជើងជារៀងរាល់ថ្ងៃ) -ទូក/មង សម្រាប់ពួកគេ ប្រើដើម្បីប្រកបរបររកសុីចិញ្ចឹមជីវិត។ -សូឡា១គ្រឿង និងអាគុយ១ ដើម្បីផ្ដល់ពួកគេ នូវការរស់នៅមួយក្នុងប្រកបដោយពន្លឺថ្មី ខណៈបច្ចុប្បន្ន ពួកគេពុំមានអគ្គីសនីប្រើប្រាស់ទេ។

តាមការបញ្ជាក់ កូនៗត្រូវរៀនអុជទៀនរាល់ថ្ងៃ។ បន្ថែមពីលើអំណោយមិនអាចកាត់ថ្លៃបានខាងលើ ម្ចាស់អំណោយសប្បុរសមានភ្ជាប់ជាមួយនឹងគ្រឿងឧបភោគ បរិភោគ និងសំភារៈផ្សេងៗទៀត ព្រមទាំងជួសជុលផ្ទះផងដែរ។ ក្រុមការងារដឹកនាំអំណោយរបស់តារាចម្រៀងស្រី ឲ្យដឹងថា ដំណើរការ Project លើកនេះមានការយីតយ៉ាវដោយសារទីតាំងផ្ទះរបស់គ្រួសារគាត់នៅដាច់ស្រយាល ក្រុមសាងសង់ត្រូវប្រើគោយន្តក្នុងការដឹកជញ្ជូនសំភារៈ ផ្លូវលំបាក បូករួមទាំងអាកាសធាតុផងដែរ។

យ៉ាងណាអ្វីៗដំណើរការដល់ចប់ចុងចប់ដើមដូចការចង់បាន។ ពួកគេថ្លែងថា "យើងទាំងអស់គ្នាជាអ្នកគាំទ្រ រីករាយ និងមានសេចក្តីសុខទោះជាពេលនេះស្ថិតក្នុងការរីករាលដាល Covid19 យ៉ាងណាក្តី ក៏យើងទាំងអស់គ្នាអាចបានធ្វើបុណ្យរួមគ្នាដើម្បីសម្រាលទុក្ខលំបាកដល់គ្រួសារមួយនេះ"៕

ដកស្រង់ពី៖ Sabay