Social Network

ធនាគារកាណាឌីយ៉ា អះអាងពីការប្តេជ្ញាចិត្តគាំទ្រលើវប្បធម៌ តាមរយៈការឧបត្ថម្ភមហោស្រព និងកម្មវិធីអប់រំ នៅខេត្តសៀមរាប

ធនាគារកាណាឌីយ៉ា ដែលជាស្ថាប័នផ្តល់សេវាហិរញ្ញវត្ថុ និងជាធនាគារឌីជីថលឈានមុខគេមួយនៅកម្ពុជា កំពុងអះអាងជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការលើកកម្ពស់មរតកវប្បធម៌កម្ពុជា តាមរយៈភាពជាអ្នកឧបត្ថម្ភគាំទ្រដល់មហោស្រពសិល្បៈ និងយុទ្ធនាការអប់រំនៅរាជធានីភ្នំពេញ។

ធនាគារកាណាឌីយ៉ា ដែលថ្មីៗនេះ ត្រូវបានទទួលស្គាល់ដោយ The Asian Banker ថាជា “The Best Retail Bank in Cambodia” បានប្រកាសពីការឧបត្ថម្ភដល់មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ ២០២១ ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Cambodian Arts and Festival Enterprise Co., Ltd រួមជាមួយនឹងព្រឹត្តិការណ៍វប្បធម៌នានា ដែលត្រូវបានរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប ដើម្បីអបអរសាទរការដាក់ខេត្តសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន។

មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ ២០២១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២១ ក្នុងខេត្តសៀមរាប។ ធនាគារកាណាឌីយ៉ា ក៏ត្រូវបាន The Asian Banker ទទួលស្គាល់ថាជា “The Strongest Bank by Balance Sheet in Cambodia” ផងដែរនោះ ក៏កំពុងធ្វើការឧបត្ថម្ភដល់កម្មវិធីទិវាមរតកវប្បធម៌អរូបិយ ដែលកម្មវិធីនេះក៏នឹងរៀបចំធ្វើឡើងនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១ នៅប្រាសាទចៅសាយទេវតា។

លោក Raymond Sia នាយកប្រតិបត្តិធនាគារកាណាឌីយ៉ា បានថ្លែងថា៖ «ក្នុងនាមជាធនាគារក្នុងស្រុកមួយ ដែលប្តេជ្ញាចិត្តអស់ពីបេះដូងចំពោះកំណើន និងការអភិវឌ្ឍរបស់កម្ពុជា យើងក៏ទទួលស្គាល់ដល់សារៈសំខាន់របស់មរតកវប្បធម៌នៃកម្ពុជាផងដែរ។

យើងមានមោទកភាពក្នុងការគាំទ្រដល់ទាំងកម្មវិធីវប្បធម៌ និង កម្មវិធីអប់រំ»។ ថ្មីៗនេះ សិស្សរបស់សាលាអន្តរជាតិ Canadian International School (CIS) បានចូលរួមក្នុងព្រឹត្តិការណ៍មួយដែលរំលេចពីជីវិត និងការចូលរួមក្នុងវប្បធម៌របស់ម្ចាស់ក្សត្រិយ៍ ឥន្ទ្រទេវី ចំពោះសិល្បៈ និងសិល្បៈសម្តែងរបស់កម្ពុជា។ ព្រឹត្តិការណ៍នេះមានការសម្តែងរបាំរបស់សិល្បករមកពីសាលារបាំ បុប្ផាទេវី ស្ថិតក្រោមការណែនាំរបស់អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ តេសូ និងត្រូវបានបង្កើតឡើងដោយអ្នកគ្រូ ឱម យុវណ្ណឌី។

លោក Aaron Carpene នាយក និងជាប្រធានផ្នែកសិល្បៈនៃមហោស្រពសិល្បៈអន្តរជាតិអង្គរ បានថ្លែងថា “យើងសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនកាណាឌីយ៉ា គ្រុប ចំពោះការប្តេជ្ញាចិត្ត និងការចូលរួមចំណែកការឧបត្ថម្ភរបស់ធនាគារដល់ការគាំទ្រសិល្បៈ និងវប្បធម៌ក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនកាណាឌីយ៉ា បានចូលរួមជាមួយស្ថាប័នដែលមានកេរ្តិ៍ឈ្មោះល្បីៗផ្សេងទៀតដូចជាអង្គការ UNESCO និង សាលាអន្តរជាតិ CIS ក្នុងការផ្តល់ការអប់រំអំពីមរតកវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជានៅក្នុងប្រទេសកម្ពុជា និងទៅកាន់ពិភពលោក”។

មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១ នឹងមានការសម្តែងសិល្បៈ ដោយមានការចូលរួមពីសិល្បករ សិល្បការនីជាច្រើនដូចជា តន្ត្រីករ អ្នកគូរគំនូរ អ្នកនិពន្ធ និង អ្នករបាំជាដើម។

អ្នករៀបចំមហោស្រពសិល្បៈអន្តរជាតិអង្គរ ដែលតំណាងដោយក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd បានរៀបចំមហោស្រពសិល្បៈនេះ ក្រោមការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ដើម្បីលើកកម្ពស់វប្បធម៌កម្ពុជាទាំងនៅក្នុងប្រទេស និងទៅកាន់ពិភពលោក៕

 

ដកស្រង់ពី៖កម្ពុជាថ្មី