Social Network

ក្រុម​ហ៊ុន​អ៊ី​ហ្ស៊ី​ខម សម្ពោធ​កម្ម​វិធី​ទូរស័ព្ទ​ថ្មី អាច​មើល​កា​មេ​រ៉ា​ចរាចរណ៍​បាន

ភ្នំពេញ៖ ក្រុមហ៊ុនផ្ដល់ សេវាអ៊ីនធឺណិត លំដាប់ខ្ពស់ អ៊ីហ្ស៊ីខម នៅថ្ងៃអង្គារ៍ ទី ២ ខែមិថុនា ឆ្នាំ ២០១៥នេះ បានប្រកាសសម្ពោធ កម្មវិធីទូរស័ព្ទថ្មី ទំនើបរបស់ខ្លួន ឈ្មោះថា Ezecom App ជាកម្មវិធីទូរស័ព្ទ ក្នុងស្រុកដំបូងគេ ដែលអនុញ្ញាតឲ្យ អ្នកប្រើប្រាស់ ចូលទៅមើល រូបភាពបន្តផ្ទាល់ ពីកាមេរ៉ាចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ និងប្រើប្រាស់មុខងារ មានប្រយោជន៍ជាច្រើនទៀត។

បើយោងតាម អ្នកបង្កើតកម្មវិធី Ezecom App មានមុខងារពិសេស ដែលអាចទាញ យករូបភាព បន្តផ្ទាល់ពីកាមេរ៉ា ចរាចរណ៍របស់ក្រុមហ៊ុន អ៊ីហ្ស៊ីខម ដែលមានបំពាក់ នៅតាមដង មហាវិថីធំៗ ក្នុងរាជធានីភ្នំពេញ។ លើសពីនេះទៀត កម្មវិធីនេះ ក៏ផ្តល់ឱ្យអ្នក ប្រើប្រាស់នូវ មុខងារស្តាប់វិទ្យុ បានយ៉ាងច្បាស់ និងងាយស្រួល ក៏ដូចជាទទួលបាន ព័ត៌មានថ្មីៗ ពីក្រុមហ៊ុន អ៊ីហ្ស៊ីខម ផងដែរ ។ ដូច្នេះ ចាប់ពីថ្ងៃនេះទៅ អ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន ទាំងទូរស័ព្ទ ដែលដំណើរការប្រព័ន្ធ ប្រតិបត្តិការ Android និងប្រព័ន្ធប្រតិបត្តិការ iOS អាចចូលទៅទាញយក និងប្រើប្រាស់កម្មវិធី Ezecom App នេះដោយសេរី និងឥតគិតថ្លៃ ពី Play Store និង App Store របស់គាត់បាន ។

អ្នកស្រី Inge olde Rikkert ប្រធានផ្នែកទីផ្សារ ក្រុមហ៊ុន អ៊ីហ្ស៊ីខម បាននិយាយថា “ជាមួយនឹងកម្មវិធីថ្មី នេះយើងកំពុង តែផ្តល់ឲ្យអតិថិជន និងអ្នកប្រើប្រាស់ របស់យើងទាំងអស់ នូវកម្មវិធីដ៏ មានប្រយោជន៍មួយ ក៏ដូចជាលើកកម្ពស់ ការបង្កើតកម្មវិធី ទូរស័ព្ទក្នុងស្រុកផងដែរ ។ នេះជាសមិទ្ធផល ថ្មីមួយទៀត ដែលផុសចេញពីកិច្ច ខិតខំប្រឹងប្រែង របស់ក្រុមហ៊ុន អ៊ីហ្ស៊ីខមដើម្បី ជំរុញការអភិវឌ្ឍ បច្ចេកវិទ្យាទូរគមនាគមន៍ នៅកម្ពុជា។

” បើយោងតាមក្រុមហ៊ុន អ៊ីហ្ស៊ីខមការ បង្កើតកម្មវិធី Ezecom App នេះ បានចាប់ផ្តើម កាលពីខែកុម្ភៈ កន្លងទៅនេះ ដោយក្រុមជំនាញ អភិវឌ្ឍកម្មវិធី ទូរស័ព្ទក្នុងស្រុកមួយ ក្រោមការឧបត្ថម្ភរបស់ អ៊ីហ្ស៊ីខម ។ ក្រុមហ៊ុនសង្ឃឹមថា ការរួមចំណែកនេះ នឹងបំផុសគំនិតច្នៃ ប្រឌិតថ្មី សម្រាប់ក្រុមអ្នក បង្កើតកម្មវិធីទូរស័ព្ទ ក្នុងប្រទេសកម្ពុជាយើង ។ កញ្ញា ភួង ស្រស់វរលក្ខណ៍ អ្នកសម្របសម្រួលសម្រាប់ កម្មវិធី Ezecom App បាននិយាយ ថា “ក្រុមហ៊ុនអ៊ីហ្ស៊ីខម មានគំនិតដ៏វៃឆ្លាតមួយ គឺការបង្កើតកម្មវិធីទូរស័ព្ទ ដែលអាចមើល កាមេរ៉ាចរាចរណ៍បាន ។

ថ្ងៃនេះការងាររបស់យើង សំរេចចេញជារូបរាងហើយ ខ្ញុំពិតជាមានមោទនភាពមែនទែន”៕

ដកស្រង់ពី៖ ដើមអម្ពិល