Social Network

ឆោម ច័ន្ទនេត ផ្ញើលុយជូនម្ដាយ៥០ដុល្លារ ហើយពោលពាក្យអស់សង្ឃឹម

សិល្បការិនីផ្នែករបាំបុរាណ ឆោម ច័ន្ទនេត បញ្ចេញរូបថតម្ដាយគេងនៅលើគ្រែពេទ្យ ដោយមានបន្ដោកសេរ៉ូម នៅរសៀលថ្ងៃទី១២ ខែឧសភា នេះ។

ច័ន្ទនេត បានពោលពាក្យយ៉ាងកម្សតមួយឃ្លាដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ ហើយនឹកអាណិតដល់ម្ដាយរបស់នាងដែលកំពុងធ្លាក់ខ្លួនឈឺអត់មានលុយព្យាបាល។ អ្នកនាង ឆោម ច័ន្ទនេត ហៅស៊ូដាណេ និយាយថា៖“ឱ្យកូនសូមអភ័យទោសដែលកូនគ្មានលទ្ធភាព ចេញថ្លៃព្យាបាលឱ្យម៉ែច្រើនជាងនេះ(៥០ដុល្លារ) សង្ឃឹមថាអ្នកម្តាយនឹងវិលមកផ្ទះវិញឆាប់ៗ។ កូនអាចជួយសង្គម តែកូនមិនអាចជួយម្តាយបានគួរឱ្យខឹងណាស់”។

ទោះជាយ៉ាងណា ច័ន្ទនេត មិនបានបញ្ជាក់ថា ម្ដាយរបស់ខ្លួនមានជំងឺអ្វី ហើយត្រូវចំណាយប្រាក់អស់ប៉ុន្មាននោះទេ។ Sabay ក៏មិនទាន់អាចទាក់ទងតារាស្រីរូបនេះ ដើម្បីលម្អិតព័ត៌មាននេះដែរ គិតត្រឹមម៉ោង៣កន្លះ ថ្ងៃទី១២ ខែឧសភា។ កន្លងទៅគេសង្កេតឃើញសិល្បការិនីផ្នែករបាំបុរាណរូបនេះ តែងតែកៀគរថវិកាពីសប្បុរសជន ដើម្បីជួយពលរដ្ឋ និងសិល្បករ-សិល្បការិនីខ្វះខាត។

អ្នកនាង តែងតែផ្ដល់សារវិជ្ជមាន តាមបណ្ដាញសង្គមឲ្យពលរដ្ឋខ្មែរទូទៅចេះគោរពស្រឡាញ់គ្នា ស្រឡាញ់សិល្បៈ និងវប្បធម៌ខ្មែរ ព្រមទាំងចេះជួយគ្នាក្នុងគ្រាលំបាក ប៉ុន្ដែពេលនេះនាងកំពុងជួបទុក ហើយគេឃើញនាងបានផ្ញើលុយតាមគណនីABA ជូនម្ដាយ ដើម្បីសម្រួលដល់ថ្លៃព្យាបាលចំនួន៥០ដុល្លារ នៅរសៀលថ្ងៃទី១២ ខឺឧសភា នេះ៕

 

 

 

ដកស្រង់ពី៖ Sabay