Social Network

Kourtney Kardashian យំឡើងខ្សោះខ្លួន ពេល​ធ្វើឲ្យខូចចិញ្ចៀនភ្ជាប់ពាក្យតម្លៃ ១លានដុល្លារ

ក្នុងភាគថ្មីរបស់គ្រួសារ គឺ The Kardashaian លោកស្រី Kris Jenner បានកត់សម្គាល់ឃើញថាកូនស្រីខ្លួន Kourtney Kardashian មិនបានពាក់ចិញ្ចៀនម៉ាក Lorraine Schwartz របស់នាងទេ រួចក៏បានសួរភ្លាម ថាមកពីមូលហេតុអ្វី?

Kourtney ក៏តបភ្លាមដែរ ដោយមិនគិតយូរថា «ខ្ញុំកំពុងអង្គុយលើឥដ្ឋ បត់ខោអាវ ហើយពេលនោះខ្ញុំក៏បានដោះចិញ្ចៀនចេញសិន ហើយខ្ញុំក៏បានទុកនៅជិតខ្លួននៅលើឥដ្ឋហ្នឹង ព្រោះគិតថាវាសុវត្ថិភាព ដាក់ជិតខ្លួន។ ដល់ពេលហើយ ខ្ញុំក៏បានងើបយកអ្វីមួយពីទូខោអាវ ស្រាប់តែខ្ញុំទៅជាន់ពីលើចិញ្ចៀននោះ»។

កូនស្រីគ្រួសារ Kardashian រូបនេះក៏បន្តទាំងឈឺចាប់ទៀតថា៖ «ខ្ញុំអង្គុយយំយកតែមែនទែនក្នុងទូខោអាវឡើងរាប់ម៉ោង ហើយក៏បានទូរសព្ទទៅ Travis ខ្ញុំមានអារម្មណ៍ថា ខ្ញុំធ្វើរឿងអាក្រក់បំផុត ណាមួយនេះគឺជារបស់ដែលស្រស់ស្អាត និងមានន័យបំផុតដែលខ្ញុំមិនធ្លាប់មានពីមុន ក្នុងជីវិតខ្ញុំ ហើយហេតុអីបានខ្ញុំធ្វើឲ្យរឿងនេះកើតឡើងបាន?»

ងាកមកចិញ្ចៀនភ្ជាប់ពាក្យរបស់ Kourtney វិញ គឺមានតម្លៃដល់ទៅ ១លានដុល្លារ ហើយធ្វើពីពេជ្រប្រមាណ ១២ការ៉ាត់ ព្រមទាំងជាម៉ាក Lorraine Schwartz ផងដែរ។ ជាមួយគ្នានោះ ចិញ្ចៀននេះ គឺតំណាងថានាងបានភ្ជាប់ពាក្យជាមួយនឹងគូស្នេហ៍ថ្មី Travis Barker ហើយកាលពីខែតុលា ឆ្នាំ២០២១ ក្រោយផ្ទុះព័ត៌មានដំបូងថាពួកគេទាក់ទងស្នេហានឹងគ្នាកាលពីខែមករា ឆ្នាំ២០២១៕

 

ដកស្រង់ពី៖ Sabay