Social Network

សំងំលែងកើត Kim Garam ចេញលាងភាពស្អាតស្អំខ្លួន ចៃដន្យ HYBE តបប្រតិកម្មមហាជនភ្លាម

Kim Garam បានបង្ហាញមុខជាផ្លូវការលើវិថីសិល្បៈជាមួយនឹងរឿង LE SSERAFIM កាលពីខែឧសភា ឆ្នាំ២០២២។

ប៉ុន្តែចេញមុខមិនបានប៉ុន្មានផង នាងក៏ស្រាប់តែត្រូវបានគេចោទថា ពេលនៅរៀន នាងគឺជាសិស្សម្នាក់ដែលមានអាកប្បកិរិយាមិនល្អ ឬចូលចិត្ត Bully គេទៀត។ ប្រការនេះ ទើបធ្វើឲ្យនាងត្រូវប្រឈមនឹងការរិះគន់យ៉ាងចាស់ដៃ ហើយ Garam ត្រូវដកខ្លួនក្នុងការចេញមុខមួយរយៈ។ ទោះបីជា HYBE ព្យាយាមជួយយ៉ាងណា ក៏មិនឈ្នះឥទ្ធិពលនៃសន្ធឹកអ្នកមិនពេញចិត្តដែរ រហូតដល់ ខែកក្កដា ឆ្នាំដដែល នាងក៏ត្រូវបានដកចេញពីក្រុម និងក្រុមហ៊ុន។

ស្ងាត់អស់រយៈពេលជាយូរ ពេលនេះ Kim Garam ក៏ស្រាប់តែចេញមកម្ដងទៀត នៅថ្ងៃទី១០ ខែសីហា ដោយបានបង្ហោះសារមួយទាក់ទងនឹងរឿងរ៉ាវកើតឡើង។

នាងបានសរសេរសារយ៉ាងវែង ដោយមានសេចក្ដីថា៖

«សួស្ដី, នេះគឺ Kim Garam!

ជាដំបូង ខ្ញុំចង់សុំទោស ទោះបីដឹងថាវារាងយឺតពេលក៏ដោយ ខ្ញុំមិនមានឱកាសក្នុងការផ្ដល់ព័ត៌មានអ្វីទាំងអស់មួយរយៈនេះ។ ជាការពិត ខ្ញុំខ្លាចក្ដីសុបិន ដែលខ្ញុំប្រឹងប្រែងចាប់យក និងរត់ទៅរកកន្លងមកនេះ អាចត្រូវរលាយ ដោយសារតែរឿងអតីតរបស់ខ្ញុំ។ ប៉ុន្តែច្រើនថ្ងៃកន្លងទៅហើយ ខ្ញុំកាន់តែភ័យខ្លាចខ្លាំងឡើង ចំពោះពាក្យរិះគន់ដែលសម្រុកមកខ្ញុំ ហើយបើអ្នកអាចផ្ដល់ឱកាសឲ្យខ្ញុំ ខ្ញុំចង់ប្រាប់រឿងរ៉ាវមួយពីខាងខ្ញុំ ចេញពីចិត្តស្មោះ។

១. ខ្ញុំមិនដែលវាយ ឬប្រើហិង្សាទៅកាន់អ្នកណាម្នាក់ឡើយ មិនដែលសូម្បី១ដង

២. ខ្ញុំមិនធ្លាប់មានអ្នកបង្ខំ ឲ្យប្ដូរសាលាទេ។

៣. ខ្ញុំមិនដែលជក់ ឬប្រើសារជាតិស្រវឹងឡើយ។

៤. ខ្ញុំមិនដែលជេរប្រមាថ ឬ Bully អ្នកណាឡើយ។

៥. ខ្ញុំគ្រាន់តែជាសិស្សធម្មតាម្នាក់ប៉ុណ្ណោះ។

ទាក់ទងនឹងបញ្ហារបស់អំពើហិង្សាក្នុងសាលា គឺខ្ទង់ខែមីនាដល់ខែឧសភា កាលពេលដែលខ្ញុំរៀនថ្នាក់មធ្យមសិក្សាឆ្នាំដំបូង វាបានកើតឡើងបន្ទាប់ពី Yoo Eun Seo បាននិយាយអំពីមិត្តភក្តិរបស់ខ្ញុំនៅពីក្រោយខ្នងរបស់ពួកគេ ហើយបានបង្ហោះរូបថតដែលមានមិត្តម្នាក់ទៀតថតជាប់នៅក្នុងនោះ ដោយពាក់ខោទ្រនាប់របស់នាង។

ខ្ញុំក៏បានប្រឈមមុខនឹង Yoo Eun Seo ដោយសារខ្ញុំចង់ជួយមិត្តរបស់ខ្ញុំ ហើយខ្ញុំបានជេរនាងនៅក្នុងពេលនោះតែម្ដង។ ពេលនោះ ខ្ញុំមិនអាចបែងចែកគ្នាបាន រវាងមតិភាគច្រើន និងភាគតិច ដូច្នេះខ្ញុំមិនបានគិតថាទង្វើរបស់ខ្ញុំខុសទេកាលហ្នឹង ពេលដែលខ្ញុំតតាំងជាមួយ Yoo Eun Seo។

ខ្ញុំគិតថាការជួយមិត្តរបស់ខ្ញុំគឺបញ្ជាក់ពីភាពស្មោះត្រង់ ហើយខ្ញុំគ្រាន់តែមានអារម្មណ៍ថាសកម្មភាពរបស់ខ្ញុំរញ៉េរញ៉ៃមែន ដូច្នេះខ្ញុំមិនអាចទទួលស្គាល់ពីភាពធ្ងន់ធ្ងរនៃបញ្ហានោះទេ។ ឥឡូវនេះ បើក្រឡេកមើលទៅក្រោយវិញ ខ្ញុំដឹងថា ខ្ញុំក្មេងខ្ចីណាស់។

កាលនោះ មិត្តភាពរបស់ខ្ញុំមានសារៈសំខាន់បំផុតសម្រាប់ខ្ញុំ ហើយខ្ញុំស្ថិតក្នុងវ័យដែលកំពុងរីករាយនឹងពេលវេលាដែលបានចំណាយជាមួយពួកគេច្រើនបំផុត។ គំនិតរបស់ខ្ញុំនៅពេលនោះ គឺខុសតែម្ដង ហើយទោះបីជាខ្ញុំបានធ្វើខុស និងវិលវល់ក៏ដោយ ក៏ខ្ញុំមិនចង់ស្អប់ ខ្ញុំខ្លួនឯងពីមុនដែរ។

ឪពុកម្តាយរបស់ខ្ញុំតែងតែប្រាប់ខ្ញុំថា កុំឱ្យព្រងើយៗដាក់មិត្តភ័ក្តិដែលត្រូវការជំនួយ ហើយស្ថិតក្នុងស្ថានភាពលំបាក។ សូម្បីតែពេលនេះក៏ខ្ញុំគិតបែបនេះដែរ។

ខ្ញុំនឹងខិតខំបន្ថែមទៀត ដើម្បីឱ្យអនាគតរបស់ខ្ញុំកាន់តែភ្លឺស្វាង។ ការចាប់ផ្តើមដំបូងរបស់ខ្ញុំគឺទទួលខុសត្រូវចំពោះពេលវេលាដែលខ្ញុំបានចំណាយ ធ្វើការឆ្ពោះទៅរកក្តីសុបិនរបស់ខ្ញុំ។ ពីរសប្តាហ៍បន្ទាប់ពីការបង្ហាញខ្លួនដំបូងគឺដូចជាសុបិនមួយសម្រាប់ខ្ញុំ ប៉ុន្តែទីបំផុតវាបានក្លាយទៅជាពេលវេលាមួយនៅក្នុងជីវិតរបស់ខ្ញុំ ដែលខ្ញុំមិនអាចបំភ្លេចបាន។

ចំពោះអ្នកគាំទ្រដ៏មានតម្លៃរបស់ខ្ញុំ អ្នកដែលស្រឡាញ់ខ្ញុំ និងលើកទឹកចិត្តខ្ញុំ ខ្ញុំពិតជាអរគុណ។ ខ្ញុំអាចទ្រាំទ្របានដល់ពេលនេះ ដោយសារតែមានការគាំទ្រគា្មនដែនកំណត់ពីអ្នកគ្រប់គ្នា។ ខ្ញុំនឹងខិតខំឲ្យខ្លាំងបន្ថែមទៀត។

អរគុណសម្រាប់ការអានសំណេរដ៏វែងនេះ។»

 

ងាកទៅ HYBE ដែលធ្លាប់ជាចាស់ទុំ និងធ្លាប់ជាអ្នកគ្រប់គ្រងរបស់ Kim Garam ក៏បានលើកឡើងដែរ ប៉ុន្តែក្នុងន័យបញ្ជាក់ច្បាស់ កុំឲ្យអ្នកគាំទ្រមួយចំនួនវិលវល់ ឬទាមទារការយកចិត្តទុកដាក់មកលើនាង។

ដកស្រង់ពី៖ Sabay