Social Network

សាយ សៀរ៉ា និងមិត្ដសិល្បៈស្កាត់ទៅជួប សឿ សុធារ៉ា ទាំងក្ដុកក្ដួល

តារាសម្ដែងសម្បូរទឹកភ្នែកទាំងនៅក្នុងរឿង និងក្រៅរឿង សឿ សុធារ៉ា ទទួលបានជំនួយបន្ថែមទៀតពីមិត្ដសិល្បៈ និងសប្បុរសជន ក្នុងគ្រាដែលអ្នកនាងធ្លាក់ខ្លួនឈឺស្នាក់នៅវត្ដ។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោក សាយ សៀរ៉ា បានរៀបរាប់ថា កាលពីល្ងាចមិញ រូបលោក និងម្ចាស់ហាងកាត់ដេប៉ារ៉ាឌី អ្នកនាង លី ម៉ារីណា លោក អ៊ុន សិទ្ធា ព្រមទាំងប្អូនស្រីកាដែលជាសប្បុរសជនម្នាក់រស់នៅប្រទេសអូស្ដ្រាលី បាននាំយកថវិកាចំនួន ៧០០ដុល្លារ ឧបត្ថម្ភដល់អ្នកនាង សឿ សុធារ៉ា ដែលកំពុងមានជំងឺបាក់ទឹកចិត្ដធ្ងន់ធ្ងរ។

បើតាមការបញ្ជាក់របស់តារាសម្ដែងរូបសង្ហារ សៀរ៉ា ក្នុងចំណោមថវិកា ៧០០ដុល្លារ ក៏មានថវិការបស់មិត្ដសិល្បៈដែលទៅសួរសុខទុក្ខជាមួយគ្នានោះក្នុងម្នាក់ៗ ៥០ដុល្លារផងដែរ។ លោកថា ស្ថានភាពជំងឺរបស់ សឿ សុធារ៉ា បានធូរស្បើយច្រើនហើយ តែរូបលោក និងមិត្ដសិល្បៈផ្សេងទៀតនៅតែបារម្ភពីសុខទុក្ខរបស់អតីតមិត្ដរួមអាជីពរូបនេះដដែល៕

ដកស្រង់ពី៖ Sabay