Social Network

អាច​មើលសំបកកង់​៣ចំណុចធំៗនេះ​ផ្ទាល់ភ្នែក​ខ្លួន​ឯង​បាន​មុនចេញ​ដំណើរ​ ចៀសវាង​បែកកង់​តាមផ្លូវ

ការត្រួតពិនិត្យលើផ្នែកសំខាន់ៗរបស់រថយន្តមុនចេញដំណើរ ពិតជាមិនអាចខ្វះបានឡើយ នូវការឆែកសំបកកង់ ព្រោះវាដូចជាជើងមនុស្សយើងដែរ គឺត្រូវធ្វើយ៉ាងណាបង្ការកុំឱ្យបែកតាមផ្លូវ ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ទៀតផង។

ប្រការដែលល្អបំផុត បើមានពេលវេលាគ្រប់គ្រាន់ លោកអ្នកគួរយកចូលការ៉ាស់ជំនាញឱ្យគេឆែកមើលសិនទៅ ដោយគេមានឧបករណ៍គ្រប់គ្រាន់ និងអាចដឹងពីស្ថានភាពលក្ខណៈសំបកកង់ជាក់់ស្តែង។ ប៉ុន្តែ បើមិនបានយកចូលការ៉ាស់ទេ គឺលោកអ្នកក៏អាចមើលចំណុចសំខាន់ៗចំនួន៣ លើសំបកកង់ដោយខ្លួនឯងបានផងដែរ រួមមាន៖

១. ត្រួតពិនិត្យជម្រៅក្រឡាសំបកកង់៖ ចំណុចនេះគឺងាយស្រួលពិនិត្យជាងគេ ដោយគ្រាន់តែប្រើប្រាស់ឧបករណ៍រង្វាស់ណាមួយក៏បាន។ សម្រាប់រថយន្តគ្រួសារ មិនត្រូវឱ្យមានជម្រៅតិចជាង ១,៦ម.ម ឡើយ។ បើសិនសឹកដល់កម្រិតនេះ គឺត្រូវតែផ្លាស់ប្តូរកង់ចេញ ព្រោះវាអាចធ្វើឱ្យមានការពិបាកក្នុងការគ្រប់គ្រងលើផ្លូវសើម និងងាយរអិល។

២. ត្រួតពិនិត្យសម្ពាធកង់រថយន្ត៖ ត្រូវមានខ្យល់សមល្មមសមស្របតាមទម្ងន់ផ្ទុក។ សំបកកង់រថយន្តដែលខ្វះខ្យល់ចាប់ពី ២៥% ឡើងទៅ អាចប្រឈមទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងបីដង បើប្រៀបធៀបជាមួយរថយន្តដែលមានខ្យល់ក្នុងកង់គ្រប់គ្រាន់ ហើយវាអាចបណ្តាលឱ្យផ្ទុះនៅពេលបើកបរ ឬសំបកកង់នឹងឆាប់ខូចជាដើម។ ត្រង់ចំណុចនេះដែរ បច្ចុប្បន្នគឺមានលក់នៅលើទីផ្សារយ៉ាងព្រោងព្រាត នូវឧបករណ៍សម្រាប់វាស់សម្ពាធខ្យល់កង់ និងអាចសប់កង់រថយន្តដោយខ្លួនឯង។ លោកអ្នកអាចត្រួតពិនិត្យការណែនាំការប្រើប្រាស់សម្ពាធខ្យល់កង់ នៅលើស៊ុមទ្វាររបស់អ្នកបើកបរ។

៣. ត្រួតពិនិត្យលក្ខខណ្ឌ និងអាយុកាលនៃសំបកកង់៖ ចំពោះចំណុចនេះ គឺលោកអ្នកអាចស្វែងយល់បន្ថែមដោយខ្លួនឯង ព្រោះនៅលើសំបកកង់នីមួយ គឺមានលេខ និងអក្សរសម្គាល់ ពីប្រវែងទទឹង កម្ពស់ អង្កត់ផ្ចិតយ៉ាន់ ទម្ងន់ផ្ទុក ស្រទាប់កង់ និងល្បឿន។ ចំណុចសំខាន់មួយទៀត លោកអ្នកក៏ត្រូវប្រុងប្រយ័ត្នផងដែរចំពោះភាពប្រេះស្រាំ និងប៉ោងរបស់សំបកកង់រថយន្ត ដោយត្រូវយកទៅឱ្យអ្នកជំនាញ ឬជាង ពិនិត្យមើលថាតើត្រូវជួសជុល ឬប្តូរថ្មីតែម្តង៕

ដកស្រង់ពី៖Sabay