Social Network

ល្បី​ច្រើនឆ្នាំ! តែ​មើលទៅ ឡាន Camry របស់​ Toyota បែបត្រូវបញ្ចប់​ជីវិត​នៅតាម​ប្រទេស​មួយចំនួនហើយ

ក្រុមហ៊ុន Toyota គ្រោងបញ្ឈប់ការលក់រថយន្តម៉ូឌែល Camry នៅក្នុងទីផ្សារជប៉ុន និងទីផ្សារមួយចំនួនទៀត ដែលលក់រថយន្តស៊ីដេននេះ លែងដាច់ ពោលគឺ Toyota នឹងផ្តោតការលក់តែចំពោះប្រទេសណាដែលនៅពេញនិយមជិះវាប៉ុណ្ណោះ។

Toyota បានជូនដំណឹងទៅតំណាងចែកចាយរបស់ខ្លួនក្នុងប្រទេសជប៉ុនរួចហើយថា ខ្លួននឹងបញ្ឈប់ការផលិតរថយន្ត Camry សម្រាប់អតិថិជនក្នុងស្រុកហើយ នៅត្រឹមចុងឆ្នាំ២០២៣នេះ។ ជាមួយគ្នានេះ ក្រុមហ៊ុនរថយន្តយក្សនេះ ក៏ផ្អាកការកម្មង់ទិញរួចមកហើយដែរ។ តែយ៉ាងណាមិញ ការផលិតនៅតែបន្តធ្វើឡើងសម្រាប់តែការនាំចេញទៅកាន់ទីផ្សារបរទេសមួយចំនួនប៉ុណ្ណោះ។ គួររំលឹកថា Toyota បានលក់រថយន្ត Camry ប្រមាណ ១,៣លានគ្រឿង ក្នុងប្រទេសជប៉ុន គិតចាប់តាំងពីបានបង្ហាញក្នុងឆ្នាំ១៩៨០មក។

ម៉ូឌែលរថយន្តនេះ ត្រូវបានលក់ក្នុងប្រទេសជាង ១០០ប្រទេស បានចំនួនជាង ២១លានគ្រឿង គិតមកដល់ចុងឆ្នាំ២០២២។ ក្នុងនោះវាទទួលបានការពេញនិយមបំផុតនៅអាមេរិក ដោយលក់បានជាង ១៣លានគ្រឿង ហើយមិនតែប៉ុណ្ណោះ វាបានជាប់ជារថយន្តដែលលក់ដាច់ជាងគេបំផុតនៅអាមេរិក រយៈពេល ១៥ឆ្នាំជាប់ៗគ្នា រហូតដល់ឆ្នាំ២០១៦។ សូមជម្រាបថា Toyota បានកែរូបរាងថ្មីចុងក្រោយបំផុតសម្រាប់រថយន្ត Camry នេះ នៅឆ្នាំ២០១៧ ដែលជាជំនាន់ទី១០៕

ដកស្រង់ពី៖Sabay