Social Network

ប្ដូរពីការមាក់ងាយ មកលើកទឹកចិត្តបានទេ? ពេលដឹងដំណើរជីវិត Drag Queen ល្បីម្នាក់នៅកម្ពុជា

បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជា វិស័យ Drag Queen កំពុងទទួលបានការលើកទឹកចិត្តគាំទ្រច្រើនឡើងៗ បើប្រៀបទៅនឹងកាលពីអតីតកាល។ នេះក៏ដោយសារមនុស្សភាគច្រើនចាប់ផ្ដើមបើកចិត្តឡើងវិញ នូវអ្វីដែលជា Darg Queen។

ទោះជាយ៉ាងណា មុនទទួលបានការគាំទ្រ៉និងកោតសរសើរ អ្នកសម្ដែង Drag Queen ទាំងអស់ពុំមែន សុទ្ធតែជួបបទពិសោធជីវិតរលូនដូចគ្នាទេ។ ក្នុងនោះខ្លះពិតជាទទួលបានការគាំទ្រតាំងពីដើម ប៉ុន្តែខ្លះទៀតត្រូវរងសម្ពាធពីគ្រប់មជ្ឈដ្ឋាន ទម្រាំមានភាពរឹងមាំ និងជោគជ័យ។ ជាដំណើរជីវិតជាក់ស្ដែង ដូចអ្នកសម្ដែង Darg Queen អាជីពដ៏ល្បីរបស់កម្ពុជាម្នាក់មានឈ្មោះថា Rebecca គឺជាអ្នកដែលហែលឆ្លងសមុទ្រឧបសគ្គទាំងនោះផ្ទាល់ និងបានអង្គុយចុះរៀបរាប់នូវអ្វីដែលខ្លួនបានជួបប្រទះក្នុងកម្មវិធី Hype របស់ Sabay។

Rebecca ធំឡើងក្នុងគ្រួសារតូចមួយដែលមានកូនប្រុសពីរនាក់។ នាង ជាកូនប្រុសច្បង ប៉ុន្តែធំដឹងក្ដីភ្លាម នាងដឹងថា ខ្លួនជាមនុស្សស្រី ប៉ុន្តែកើតក្នុងខ្លួនបុរស។ Rebecca ដឹងថាតាំងពីតូចថា នាងចូលចិត្តរបស់នារីៗ ដូចជាការស្លៀកពាក់ និងពាក់ស្បែកជើងកែងខ្ពស់ ច្រៀង និងរាំគ្រប់ពេលដែលគ្មាននរណាម្នាក់នៅជិត។

រាប់ពេលនាងចាប់ផ្តើមតុបតែងខ្លួន ដែលធ្វើឲ្យនាងមានទំនុកចិត្តលើខ្លួនឯង ប៉ុន្តែនាងត្រូវរក្សារឿងសម្ងាត់នេះពីគ្រួសារ។ ឈានចូលឆ្នាំ ២០១៧ មិត្តភក្តិរបស់នាងម្នាក់បានអញ្ជើញនាងឲ្យទៅមើលការសម្ដែង នៅបារ មួយកន្លែងក្នុងរាជធានីភ្នំពេញ។ នៅយប់នោះ អ្នកសម្ដែងម្នាក់មិនបានមក ជាហេតុខ្វះគ្នាសម្ដែង ដូច្នេះមិត្តភ័ក្ដិរបស់ Rebecca ក៏បានជម្រុញនាងឲ្យឡើងសម្ដែងជាលើកដំបូង។

នាងត្រូវបានគេផ្តល់ការងារជា Drag Queen ព្រោះមានមនុស្សជាច្រើនសម្ដែងការកោតសរសើរ និងចូលចិត្តការសម្តែងរបស់នាងជាខ្លាំង ហើយនាងក៏ទទួលយកសំណើរដោយមិនស្ទាក់ស្ទើរ។ ប៉ុន្តែ ពេលមកដល់ផ្ទះ នាងចាប់ផ្តើមព្រួយបារម្ភថា តើគ្រួសារនឹងប្រតិកម្មយ៉ាងណាចំពោះការស្លៀកពាក់ជានារី ខណៈដែលគ្រួសាររបស់នាងតែងតែទទួលស្គាល់ថានាងជាកូនប្រុស។

ជាការពិតលើលោកគ្មានអ្វីជាអាថ៌កំបាំងនោះទេ ដោយថ្ងៃមួយ ម្តាយរបស់នាងបានដឹងពីការពិត ហើយបានបដិសេធមិនទទួលស្គាល់ថាកូនប្រុសម្នាក់នេះ ប្រែក្លាយទៅជានារីនោះទេ។ ឪពុករបស់នាងក៏ភ្ញាក់ផ្អើលដែរពេលឃើញកូនប្រុស ជាភេទទី ៣។ ទោះបីជាឪពុកម្តាយរបស់នាងមិនពេញចិត្តនឹងអ្វីដែលនាងកំពុងធ្វើក៏ដោយ ក៏ Rebecca នៅតែបន្តការងារក្នុងក្តីស្រមៃរបស់នាងជា Drag Queen ដោយដាក់ឈ្មោះក្រៅថាជា «Rebecca»។

ឈ្មោះនេះជា ឈ្មោះតួឯកស្រីនៅក្នុងខ្សែភាពយន្តដែលនាងធ្លាប់បានទស្សនានាពេលកន្លងមក។ នាងទទួលបានការបំផុសគំនិត (Inspire) ដោយតួ Rebecca ដែលជានារីម្នាក់ដែលបង្ហាញគ្រប់គ្នាពីភាពស្រស់ស្អាត ទេពកោសល្យ និងភាពក្លាហានពេញទំហឹង ដើម្បីអាចឲ្យខ្លួនឯង ក្រោកឈរឡើងជាមួយភាពជឿជាក់៕

ទស្សនាវីដេអូពេញដូចខាងក្រោម៖

 

ដកស្រង់ពី៖ Sabay