Social Network

Lexus ទើបបញ្ចេញ​រថយន្តរាងតូចច្រឡឹងបំផុតរបស់ខ្លួន! ល្មម​ជិះ

ឥឡូវនេះ Lexus ចាប់ផ្តើមទន្ទ្រានយកទីផ្សាររថយន្តធុនតូចៗហើយ ដោយបានបញ្ចេញរថយន្តរាងតូចច្រឡឹងដ៏ថ្មីសន្លាងបំផុតរបស់ខ្លួនគឺម៉ូឌែល LBX។ រថយន្តនេះ ស្រដៀងនឹង Toyota Yaris Cross ដែរ ដោយអភិវឌ្ឍលើគ្រោងឆ្អឹង TNGA-B។

វាជារថយន្តដ៏តូចបំផុតរបស់ Lexus ដែលមានប្រវែងត្រឹមតែ ៤១៩០មម, ទទឹង ១៨២៥មម, កម្ពស់ ១៥៤៥មម និងមានប្រវែងពីកង់មុខ ទៅកង់ក្រោយ ២៥៨០មម។ គួរឱ្យកត់សម្គាល់បំផុតនោះ ផ្នែកខាងមុខរបស់រថយន្តនេះ បានផ្លាស់ប្តូរការឌីហ្សាញបែបបុរាណរបស់ Lexus គឺប៉ាណា spindle grille ជំនួសមកជាការឌីហ្សាះបែបសំបុកឃ្មុំ។

ចង្កៀងមុខ LED រាងជាឆ្នូតវែង ឯចង្កៀងខាងក្រោយជាប្រភេទ LED លាតកាត់ផ្នែកខាងក្រោយពីម្ខាង ទៅម្ខាង ឬហៅថា Full LED Taillight។ Lexus LBX ប្រើម៉ាស៊ីនសាំង Hybrid ៣ស៊ីឡាំង ចំណុះ ១,៥លីត្រ ដំណើរការជាមួយម៉ូទ័រអគ្គិសនីមួយ ផលិតបានកម្លាំងសរុប ១៣៤សេះ និងកម្លាំងរមួល ១៨៥ញូតុនម៉ែត្រ ធំជាង Yaris Cross ២០សេះ និង ៦៥ញូតុនម៉ែត្រ។ ក្នុងផ្នែករបស់រថយន្ត Lexus នេះ បំពាក់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ, អេក្រង់ Head Up Display, អេក្រង់ថាច់ស្គ្រីនទំហំ ៩,៨អ៊ីញ។ វាត្រូវបានតុបតែងដោយពូកស្បែកពិសេស និងមានភ្លើង Ambient Light ផងដែរ ព្រមទាំងបំពាក់ Speaker ១៣គ្រាប់ឯណោះ។

ការផលិតរថយន្ត Lexus LBX នឹងធ្វើឡើងនៅចុងឆ្នាំ២០២៣ ហើយបញ្ចេញលក់នៅលើទីផ្សារ ដើមឆ្នាំ២០២៤ ដោយផ្តោតលើទីផ្សារអឺរ៉ុប និងអូស្ត្រាលី។ យ៉ាងណាមិញ Lexus មិនទាន់បញ្ជាក់ពីតម្លៃរបស់វានៅឡើយទេ៕

ដកស្រង់ពី៖Sabay