Social Network

Samsung ត្រៀមបញ្ចេញស្មាតហ្វូនអេក្រង់បត់ ស៊េរីថ្មី ត្រកូល Galaxy Fold និង Galaxy Flip

ក្រុមហ៊ុន Samsung នឹងធ្វើការរៀបចំកម្មវិធីបង្ហាញស្មាតហ្វូនថ្មី និង ផលិតផលថ្មីរបស់ខ្លួន នៅចុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ កម្មវិធីបង្ហាញស្មាតហ្វូនស៊េរីថ្មីរបស់ Samsung នឹងធ្វើឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

នេះជាលើកដំបូងហើយ ដែល ក្រុមហ៊ុន Samsung រៀបចំកម្មវិធីបង្ហាញស្មាតហ្វូនស៊េរីថ្មី នៅទីក្រុង សេអ៊ូល។ នៅក្នុងកម្មវិធីឆ្នាំ ២០២៣នេះ គេរំពឹងថាក្រុមហ៊ុនផលិតទូរស័ព្ទយក្សរបស់កូរ៉េខាងត្បូងមួយនេះ នឹងបញ្ចេញស្មាតហ្វូនអេក្រង់បត់ ត្រកូល Galaxy Fold ស៊េរីថ្មី។ ប្រធានក្រុមហ៊ុន Samsung លោក TM Roh បានឱ្យដឹងថា “ស៊េរីស្មាតហ្វូនបត់ គឺជាយុទ្ធសាស្រ្តរបស់ Samsung ក្នុងការផ្លាស់ប្តូររូបរាងទូរស័ព្ទ នៅក្នុងពេលអនាគត”។

លោកបន្តថា “ការរៀបចំកម្មវិធីប្រកាសអំពីផលិតផលថ្មី និង ទូរស័ព្ទថ្មីប្រចាំឆ្នាំ ធ្វើឡើងនៅក្នុងទីក្រុងសេអ៊ូល ក្នុងឆ្នាំ ២០២៣នេះ គឺមានអត្ថន័យខ្លាំងណាស់ ដោយសារតែទីក្រុងរបស់កូរ៉េខាងត្បូងមួយនេះ ជាទីតាំងស្នូលក្នុងការរកឃើញរបកគំហើញថ្មីៗនៃបច្ចេកវិទ្យា តួយ៉ាងដូចជាការបង្កើតទូរស័ព្ទអេក្រង់បត់ Galaxy Fold ជាដើម”។

ក្រុមហ៊ុន Samsung បានឱ្យដឹងថាការបង្ហាញស្មាតហ្វូនអេក្រង់បត់ស៊េរីថ្មី នឹងរៀបចំធ្វើនៅក្នុងទីក្រុងផ្សេង មិនធ្វើនៅសេអ៊ូលទេ ដោយសារតែកម្មវិធីរៀបចំទៅតាមគម្រោងនៃការបង្ហាញផលិតផលថ្មី នីមួយៗ ដាច់ដោយឡែកពីគ្នា និងតាមទីតាំងខុសៗគ្នាផងដែរ។ កម្មវិធីនៅក្នុងឆ្នាំ ២០២៣នេះ Samsung រៀបចំលឿនជាងឆ្នាំមុន ដោយក្នុងឆ្នាំ ២០២២ កម្មវិធីបង្ហាញផលិតផលថ្មី និងទូរស័ព្ទថ្មី ធ្វើឡើងនៅក្នុងខែសីហា។ កាលពីឆ្នាំមុនក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះ បានបញ្ចេញនូវទូរស័ព្ទអេក្រង់បត់ Galaxy Z Flip 4 និង Galaxy Z Fold 4៕

ដកស្រង់ពី៖Sabay