កម្មវិធី "Cambodia's Queen of The Catwalk" រដូវកាលទី១ របស់លោក Oliva Kong ទើបបិទបញ្ចប់ ដោយរកឃើញម្ចាស់ជយលាភីដ៏ស្រស់សោភាម្នាក់ គឺកញ្ញា ទៀន គឹមឆេង កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។
ជារឿងដ៏គួរឲ្យអបអរសាទរសម្រាប់ម្ចាស់ជយលាភី។ ទន្ទឹមគ្នានេះ បើងាកទៅមើលម៉ូដែលវ័យក្មេងៗដើរបើកឆាកក្នុងព្រឹត្ដិកាណ៍ដ៏អស្ចារ្យនោះវិញ ក៏មិនធម្មតាដែរ។ វត្ដមានម៉ូដែលក្មេងៗដែលទទួលការបង្វឹកពី Ovila kong ក៏ជាផ្នែកមួយជួយភ្នក់ចិត្ដមហាជនដែរ។ ប៉ែន លីងហ្គិច បានក្លាយជាគ្រាប់ពេជ្រក្នុងក្រសែភ្នែកទស្សនិកជនទាំងនៅក្នុងកម្មវិធីផ្ទាល់ និងអ្នកទស្សនាតាមការ Live លើបណ្ដាញសង្គម។ មួយថ្ងៃបន្ទាប់ពីកម្មវិធីបានបញ្ចប់ វីដេអូមួយត្រូវវបានគេចែកចាយបន្ដពីសាមីខ្លួន គឺកុមារី ប៉ែន លីងហ្គិច នៅលើបណ្ដាញសង្គម ហើយពោលពាក្យសរសើរស្ទើរគ្រប់គ្នា។
ប្រភពច្បាស់ការមួយ បានឲ្យដឹងថា កម្មវិធី Face of kids Cambodia ដែលរៀបចំដោយអ្នកច្នៃម៉ូដ Oliva Kong នឹងរៀបចំប្រកួតក្នុងពេលឆាប់ៗនេះទៀតហើយ ហើយកុមារី ប៉ែន លីងហ្គិច នឹងក្លាយជាបេក្ខភាពផ្លូវការតែម្ដង។ផ្លាស់ពីការដើរម៉ូដបើកឆាក ក្លាយជាបេក្ខភាពក្នុងកម្មវិធី Face of kids Cambodia ត្រូវគេរំពឹងថា នឹងទទួលបានលទ្ធផលល្អ ដោយយោងលើទេពកោសល្យ និងសមត្ថភាពកុមារីវ័យ ១២ឆ្នាំរូបនេះ។ ថ្មីៗនេះ ក៏មានស្ថាប័នព័ត៌មានជាច្រើនបានចុះផ្សាយបង្ហាញពីសមត្ថភាពរបស់នាង ហើយអ្នកគាំទ្រក្មេងតូចនេះក៏កាន់តែមានចំនួនច្រើនឡើងទាំងនៅក្នុងរង្វង់សិល្បៈ និងនៅលើបណ្ដាញសង្គម៕
ដកស្រង់ពី៖Sabay