Social Network

BYD នឹងសាងសង់រោងចក្រមានតម្លៃជាង ១ពាន់លានដុល្លារនៅក្នុងប្រទេសតួកគី

(បរទេស)៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យារបស់ប្រទេសតួកគីបាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD បានយល់ព្រមជាមួយរដ្ឋាភិបាលតួកគីក្នុងការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីតម្លៃ ១ពាន់លានដុល្លារនៅក្នុងប្រទេសតួកគី ជាមួយនឹងសមត្ថភាពផលិតប្រចាំឆ្នាំចំនួន ១៥០,០០០ គ្រឿង។

រោងចក្រនេះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមផលិតកម្មនៅចុងឆ្នាំ២០២៦ ក៏នឹងរួមបញ្ចូលផងដែរនូវមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍សម្រាប់បច្ចេកវិទ្យាចល័ត (R&D) ហើយត្រូវបានគេរំពឹងថានឹងមានបុគ្គលិកធ្វើការផ្ទាល់រហូតដល់ ៥,០០០ នាក់ឯណោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤។

កិច្ចព្រមព្រៀងនេះ ត្រូវបានគេមើលឃើញថាជាការផ្លាស់ប្តូរយុទ្ធសាស្ត្រដោយ BYD ដើម្បីបង្កើនវត្តមានរបស់ខ្លួននៅក្នុងទ្វីបអឺរ៉ុប ដោយប្រើប្រាស់សហភាពគយរបស់ប្រទេសតួកគីជាមួយសហភាពអឺរ៉ុប។ ថ្មីៗនេះសហភាពអឺរ៉ុបបានដាក់ពន្ធបណ្តោះអាសន្នលើរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិនដោយជំរុញឱ្យ BYD ស្វែងរកមធ្យោបាយជំនួសដើម្បីចូលទៅកាន់ទីផ្សារអឺរ៉ុប។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាលោក Fatih Kacir បាននិយាយថា កិច្ចព្រមព្រៀងនេះអាចសម្រួលដល់ការចូលដំណើរការរបស់អ្នកវិនិយោគ រួមទាំងក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតនៅក្នុងពិភពលោកទៅកាន់ទីផ្សារអឺរ៉ុបដែលផ្តល់ឱ្យសហភាពគយរបស់តួកគីជាមួយសហភាពអឺរ៉ុប។

គួរជម្រាបដែរថា កិច្ចព្រមព្រៀងនេះគឺជាចំណុចកំពូលនៃការពិភាក្សាដែលបានបន្តជាមួយអាជ្ញាធរចិនចាប់តាំងពីការធ្វើដំណើរទៅកាន់ប្រទេសចិនដោយមន្ត្រីទួរគីក្នុងខែធ្នូ ឆ្នាំ ២០២៣មកម្លេះ។ វាក៏កើតឡើងផងដែរចំពេលមានរបាយការណ៍នៃការសហការគ្នាដ៏មានសក្តានុពលរវាងក្រុមហ៊ុនផលិតរថយន្តចិន Guangzhou Automobile Group និងក្រុមហ៊ុនផលិតរថយន្តតួកគី TOGG៕

ដកស្រង់ពី៖Fresh News