យោងតាមតួលេខ នៃការចុះបញ្ជីយានយន្តអគ្គិសនី គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៤ ចំនួនយានយន្តរបស់ក្រុមហ៊ុន BYD ឈរលើកំពូលតារាង ដែលមានចំនួន ៦៥៨ គ្រឿង យានយន្តម៉ាក TOYOTA ចំនួន ២៦១គ្រឿង និងម៉ាក TESLA ចំនួន ១៨៦គ្រឿង ព្រមទាំងម៉ាកផ្សេងៗទៀត។
នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងអំឡុងពាក់កណ្តាលឆ្នាំនេះ មានទោចក្រយានយន្ត ត្រីចក្រយានយន្ត និងរថយន្តសរុបចំនួន ២ ៩៦៨គ្រឿង បានចុះបញ្ជីជាផ្លូវការ។ ក្នុងនោះ ទោចក្រយានយន្តចំនួន ៩១៤គ្រឿង ត្រីចក្រយានយន្តចំនួន ៤៤០គ្រឿង និង រថយន្តចំនួន ១ ៦១៤គ្រឿង។
បើតាមក្រសួងសាធារណការ ការចុះបញ្ជីយានយន្តអគ្គិសនីមានការកើនឡើងជារៀងរាល់ថ្ងៃ ដោយប្រជាពលរដ្ឋមានសុទិដ្ឋនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ដែលជានិន្នាការថ្មី បើប្រៀបធៀបជាមួយការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ធនៈចំហេះក្នុងដែលជានិន្នាការចាស់។ការប្រើប្រាស់យានយន្តអគ្គិសនី ត្រូវបានគេមើលឃើញថា ចំណាយប្រចាំថ្ងៃតិច មានផាសុកភាព កម្រិតបំពុលក្នុងបរិយាកាសទាប ហើយលើសពីនេះ ក្រុមហ៊ុនយានយន្តខ្លះបានអះអាងពីកម្រិតនៃការបំភាយឧស្ម័នពុលកម្រិតសូន្យថែមទៀត។
ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធនានា បានប្រឹងប្រែងធ្វើឱ្យប្រសើរឡើងចំនួនស្ថានីយសាកអាគុយកាន់តែច្រើន និងលក្ខខណ្ឌអំណោយផលផ្សេងៗទៀតកាន់តែប្រសើរ។ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានប្រកាសឱ្យដឹងកាលពីថ្មីៗនេះថា ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD គ្រោងបើករោងចក្រផលិតរថយន្តនៅកម្ពុជា បន្ទាប់ពី Ford, Toyota និង Hyundai។ ដូច្នេះ BYD អាចជាក្រុមហ៊ុនដំបូងគេ ដែលបើករោងចក្ររថយន្តអគ្គិសនីនៅកម្ពុជា ខណៈដែលក្រុមហ៊ុនចិនមួយនេះ បានបង្ហាញពីគម្រោងដំឡើងស្ថានីយសាកភ្លើងសម្រាប់ EV ប្រមាណ ២០០ទីតាំង នៅទូទាំងប្រទេសកម្ពុជា នាពេលកន្លងមក៕
ដកស្រង់ពី៖Sabay