Social Network

មិន​អត់​ប្រយោជន៍​ទេ! ទម្លាប់​និយាយ​ច្រើន​​ ត្រួសត្រាយ​យុវតី​រូប​នេះ សម្រេច​គោលដៅ​​

ទម្លាប់និយាយលេងសើចច្រើនតាំងពីក្មេង ជាចំណង់ចំណូលចិត្តរបស់ស្រីស្អាត ហេង ហ្សូលី ដែលមានបំណងចង់ក្លាយជាពិធីការរិនី រហូតសុបិន្តក្លាយជាការពិត។ ហ្សូលី បានប្រាប់ Sabay ថានាងមានបំណងចង់ក្លាយជាអ្នក ពិធីការិនី ក្នុងកម្មវិធីទូរទស្សន៍តាំងពីវ័យក្មេងមកម៉្លេះ។

ស្រីស្រស់រូបនេះរម្លឹកថា កាលពីក្មេងនាងជាមនុស្សម្នាក់ដែលចូលចិត្តនិយាយច្រើន និងតែងរៀបចំខ្លួនជាអ្នកសម្របសម្រួលកម្មវិធី រហូតអ្នកផ្ទះឃើញពីនិស្ស័យចូលចិត្តនិយាយចាក់ទឹកមិនលិចរបស់នាង ចង់ក៏ឲ្យ ហ្សូលី ចាប់ការងារជា MC តែម្តង ។

«កាលពីក្មេងខ្ញុំចូលចិត្តធ្វើតាមពិធីការិនីក្នុងទូរទស្សន៍ ជួនកាលខ្ញុំយកកាសែតមកអាន ធ្វើដូចពិធីការិនីទូរទស្សន៍ជាដើម»។ ទោះបីជាបំណងក្លាយជាពិធីការិនីអាជីពតាមកម្មវិធីទូរទស្សន៍មិនទាន់បានសម្រេចក្ដី ប៉ុន្តែអ្នកចូលចិត្តលេងស្ទីល Fashion ម្នាក់នេះ បានបោះជំហានបណ្ដើរៗក្លាយពិធីការិនី និយាយផ្សព្វផ្សាយផលិតផលផ្សេងៗ។

ក្រៅពីនេះ នាងបានថតស្ប៉តពាណិជ្ជកម្មជាច្រើនទៀតផង។ ការងារថតស្ប៉ត និង បង្ហាញម៉ូដសម្លៀកបំពាក់ នាងបានចូលរួមដោយសារសិស្សច្បង និងមិត្តរួមថ្នាក់នៅដេបាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ ដឹងពីចំនូលចិត្តសម្ដែងវោហារ និងមាននិស័្សយខាងសិល្បៈស្រាប់ ទើបនាងបានទទួលឱកាសការងារទាំងនោះ។

«ដោយសារខ្ញុំស្រឡាញ់អាជីពនេះខ្ញុំបានទៅ ចូលរៀន នៅ DMC ដើម្បីហ្វឹកហាត់ខ្លួនខ្ញុំ ឈានដល់ជំនាញដែលខ្ញុំប៉ង ទោះជាត្រូវរៀនជាភាសាអង់គ្លេសក៏ដោយ។ ហើយគ្រប់ពេលដែលសិស្សច្បងគាត់ទទួលបានគម្រោងថតស្ប៉ត ថតអ្វីអញ្ចឹង ក៏រកអ្នកចង់ចូលរួមហើយខ្ញុំក៏បានចូលរួមថត ដោយពួកគាត់បើកឱកាសឲ្យខ្ញុំ»។

ហ្សូលី រៀបរាប់។ មានដើមកំណើតនៅភ្នំពេញ និងជាកូនទោលក្នុងគ្រួសារប្រកបអាជីវកម្មបើកបន្ទប់ជួល ហ្សូលី បានក្លាយក្មេងកំព្រាតាំងពីនាងមានអាយុ៦ឆ្នាំ ពោលគឺក្រោយពេលឪពុកនាងទទួលមរណៈភាព។

យុវតីវ័យ២០ឆ្នាំរូបនេះ កំពុងបន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងដេបាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ឆ្នាំទី៣។ អ្វីដែលជាគោលបំណងធំគឺ នាងចង់ក្លាយជាពិធីការិនីក្នុងកម្មវិធីទូរទស្សន៍៕

ដកស្រង់ពី៖Sabay