Social Network

មក​ស្គាល់​ Idol ​ក្នុង​ដួង​ចិត្ត​​​តារា​ចម្រៀង​ល្បី​ៗ​៦រូប​នេះ​បន្តិច​មើល​!

មុនមានកេរ្តិ៍ឈ្មោះបោះសំឡេងដូចសព្វថ្ងៃនេះអ្នកសិល្បៈ៦ រូបបានបង្ហើបប្រាប់ឈ្មោះតារាចម្រៀងដែលជា Idol ក្នុងដួងចិត្តធ្លាប់ស្រឡាញ់កន្លងមក ហើយមកដល់ពេលនេះនៅតែស្រឡាញ់ និងគាំទ្រដដែលមិនបានផ្លាស់ប្ដូរនោះឡើយ។

ទោះបីជាខ្លួនមានភាពល្បីល្បាញក្នុងវិស័យចម្រៀងក្ដី។ ១/ កន្លងមក ពេជ្រ សោភា បានឲ្យដឹងថាមុន និងក្រោយពេលចូលសិល្បៈ Idol ក្នុងដួងចិត្តគឺលោកព្រាប សុវត្ថិ ។ ហេតុផលដែលនាង ពេញចិត្តកំពូលតារាចម្រៀងរូបនេះ ដោយសារតែលោកមានសមត្ថភាពក្នុងការប្រើប្រាស់សំឡេង និងភាពរួសរាយរាក់ទាក់។

ពិសេសពេលច្រៀងរួមគ្នាជាមួយលោក ព្រាប សុវត្ថិ កាន់តែធ្វើឲ្យប្រជាប្រិយភាពនាង លេចធ្លោលើសដើម។ ២/ លោក ឆន សុវណ្ណរាជ ធ្លាប់និយាយថា មុនឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈតារាចម្រៀងស្រីដែលខ្លួនស្រឡាញ់ពេញចិត្តគឺ ឱក សុគន្ធកញ្ញា ព្រោះលោកចូលចិត្តសំឡេងរបស់នាង ជាមួយក្បាច់រាំដ៏សម្បូរបែប Style តុបតែងខ្លួន និងភាពរួសរាយរាក់ទាក់ មិនឆ្មើងឆ្មៃ។

ចំណែកឯតារាប្រុសក្នុងដួងចិត្តលោកគឺ ណុប បាយ៉ារិទ្ធ នៅពេលទំនេរពីការរៀនសូត្រនៅថ្នាក់អនុវិទ្យាល័យខ្លួនតែងតែយកបទចម្រៀងបងប្រុស នីកូ មកច្រៀងជានិច្ច។ ៣/ បើនិយាយពីកញ្ញា ទេព បូព្រឹក្ស វិញ Idol របស់នាង គឺ យក់ ថិតរដ្ឋា ។

នាងថា៖" ខ្ញុំស្រឡាញ់ និង គាំទ្រ បងរដ្ឋា តាំងពីនៅតូចម្ល៉េះ។ នៅពេលមានកម្មវិធី ជួបលៀងជួបជុំមិត្តភក្ដិម្ដងៗខ្ញុំតែងតែយកបទគាត់ មកច្រៀងជានិច្ច មិនសូវរំលងប៉ុន្មានឡើយ"។ ៤/ចំណែក នៅ ស៊ីនឿន វិញតារាចម្រៀងដែលនៅក្នុងដួងចិត្តលោកគឺលោក ព្រាប សុវត្ថិ ។

លោកថា៖ “បាទអូនមូលហេតុដែលបងពេញចិត្តសំឡេងគាត់ ព្រោះគាត់អាចច្រៀងបត់បែនបានគ្រប់ទម្រង់ទាំងអស់មិនថាបទបែបមនោសញ្ចេតនា បទញាក់កន្ត្រាក់អារម្មណ៍ និងបទពីដើមនោះទេអូន"។ ៥/ សម្រាប់តារាចម្រៀង សុខ ស្រីនាង វិញនាងស្រឡាញ់ពេញចិត្ត យក់ ថិតរដ្ឋា គឺអំឡុងពេល មានវ័យ ១៤ ទៅ១៥ឆ្នាំគឺជាវ័យដែលកំពុងសិក្សានៅអនុវិទ្យាល័យនៅឡើយ។

កាលណោះ ពេលមានកម្មវិធីនៅសាលារៀនម្ដងៗ ខ្លួន និងមិត្តភក្ដិតែងតែយកបទចម្រៀងរបស់រៀមច្បង រដ្ឋា មកច្រៀងជានិច្ច មិនដែលរំលងម្ដងណានោះទេ។ ៦/ សុគន្ធ ថេរ៉ាយុ បានលើកឡើងថា កាលខ្លួននៅវ័យប្រមាណ ១៥ ទៅ ១៨ ឆ្នាំ តារាចម្រៀងប្រុសស្រី២ រូបដែលលោកស្រឡាញ់ចូលចិត្តចិត្តខ្លាំងបំផុតគឺអ្នកនាង យក់ ថិតរដ្ឋា និង ណុប បាយ៉ារិទ្ធ ។

រាល់កម្មវិធីប្រគំតន្ត្រីឲ្យតែមានវត្តមានតារាចម្រៀងពីររូបនេះនៅរាជធានីភ្នំពេញ ខ្លួនបានទៅទស្សនាសឹងតែគ្រប់ពេល៕

ដកស្រង់ពី៖Sabay