Social Network

ខេម មិន​ចង់​ក្បត់​សន្យា​ជាមួយ​អ្នក​គាំទ្រ

តារាចម្រៀងសំឡេងស្អក ខេម និយាយថា បើទោះជាត្រូវជួបឧបសគ្គមួយចំនួននាពេលកន្លងទៅ ក៏ប៉ុន្តែលោកចង់បង្ហាញស្នាដៃភាពយន្តឱ្យបានយ៉ាងហោចណាស់មួយរឿងក្នុងឆ្នាំ២០១៨នេះ។ ការលើកឡើងដូច្នេះ ព្រោះតែលោកសន្យាជាមួយអ្នកគាំទ្ររបស់ខ្លួនជាយូរមកហើយ តែមិនទាន់លេចចេញជាផ្លូវការ។

ប្រការបែបនេះហើយទើបលោកចង់បំពេញបំណងអ្នកគាំទ្រ ដោយមិនចង់សន្យាដដែលៗទេ។ ខេម បន្តថាទន្ទឹមនឹងការចង់ផ្គាប់ចិត្តអ្នកគាំទ្រតាមការសន្យា លោកក៏ចង់សាកសមត្ថភាពសម្ដែងភាពយន្តរបស់ខ្លួនផងដែរ ព្រោះធ្លាប់តែសម្ដែងខារ៉ាអូខេតែប៉ុណ្ណោះ។

តារាចម្រៀងរូបនេះទទួលស្គាល់ថា ការសម្ដែងភាពយន្ត ដើម្បីទាក់ទាញការគាំទ្រពីទស្សនិកជន គឺជារឿងមួយដែលពិបាកខ្លាំង។ តែយ៉ាងណាក៏ដោយលោក លោកថានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបំពេញតាមការចង់បានរបស់ទស្សនិកជន។

តារាចម្រៀងរូបនេះ សង្គត់ធ្ងន់ថា មានបណ្ដាផលិតកម្មជាច្រើនបានទាក់ទងលោកឱ្យសម្ដែងភាពយន្ត តែការចរចា ហាក់មិនត្រូវគ្នាសោះ ទើបធ្វើឱ្យស្នាដៃលើកដំបូងរបស់ខ្លួនបានពន្យារហូតទល់ពេលនេះ។ យ៉ាងណាលោកជឿជាក់ថា ផលិតកម្មថ្មីមួយ ដែលលោកសុំមិនបញ្ចេញឈ្មោះ អាចនឹងមានផ្លែផ្កា បន្ទាប់ពីលោកត្រលប់មកពីសម្ដែងនៅប្រទេស កូរ៉េ វិញ។

ប្រសិនបើការសម្ដែងភាពយន្តពិតជាអាចកើតឡើងក្នុងឆ្នាំ២០១៨នេះ ពិតមែន ខេម ជឿជាក់ថា អាចនឹងជួយលើកប្រជាប្រិយភាពរបស់ខ្លួនថែមមួយកម្រិតទៀត ក្រៅតែពីទីផ្សារចម្រៀង។ តារាចម្រៀងប្រចាំផលិតកម្ម ថោន រូបនេះ ជឿជាក់ដូច្នេះ ដោយលោកសម្អាងថា ស្នាដៃថ្មីរបស់លោកត្រូវម្ចាស់ផលិតកម្មសម្រិតសម្រាំងជាខ្លាំង តាមការចង់បានរបស់ខ្លួន និងអ្នកគាំទ្រ។

ទន្ទឹមការផ្ដោតលើទីផ្សារភាពយន្ត ទីផ្សារចម្រៀងក្នុងឆ្នាំ២០១៨ ក៏ ខេម ផ្តោតខ្លាំងផង ដោយត្រៀមចម្រៀងថ្មី និងស្ទីលរាំជាច្រើន ដើម្បីឆ្លើយតបតាមទីផ្សារចម្រៀងបច្ចុប្បន្ន៕

ដកស្រង់ពី៖Sabay