Social Network

នេះ​ជា​កាមេរ៉ា​ខ្នាត​កុន ដែល​មាន​រូប​រាង​តូច ប៉ុន្តែអាច​​ថត​វីឌីអូ​ប្រភេទ RAW ដល់​កម្រិត 4K ល្បឿន 60fps!

កាមេរ៉ានេះ ស្ថិតនៅក្នុងយីហោរបស់ក្រុមហ៊ុន Blackmagic ដែលប្រិយមិត្តស្រលាញ់

កាមេរ៉ាខ្នាតកុន ប្រាកដជាធ្លាប់ស្គាល់ ក្រុមហ៊ុនរបស់ប្រទេស អូស្ដ្រាលីមួយនេះ។ ហើយថ្មីនេះ ក្រុមហ៊ុនបានបញ្ចេញ នូវកាមេរ៉ាខ្នាតតូចមួយ ហៅថា Pocket Cinema Camera 4K ដែលមានរូបរាង តូចងាយចាប់កាន់ ប៉ុន្តែមាន សមត្ថភាពខ្ពស់ ងាយឲ្យអ្នកផលិត វីឌីអូគុណភាពខ្ពស់ ដោយមិនបាច់ស្ពាយ កាមេរ៉ាធំៗនោះទេ។ ម្យ៉ាងទៀត វាក៏មានមុខងារ ពិសេសៗមួយចំនួនធំ ដូចជាកាមេរ៉ាលំដាប់ ខ្ពស់ផងដែរ ខណៈតម្លៃរបស់វាត្រឹមតែ ១,២៩៥ ដុល្លារប៉ុណ្ណោះ។

បើមើលទៅរូបរាង វាតូចអាចឲ្យយើងកាន់ក្ដោបក្នុងដៃមួយ បានយ៉ាងស្រួល ហើយរូបរាងខាងក្រៅ របស់វានេះ ប្រើប្រាស់នូវសារធាតុ កាបូនហ្វៃបើ ដូចជាកាមេរ៉ា ដទៃទៀតដែរ មិនមែនជា លោហៈធាតុនោះទេ តែក៏ជាចំណុចល្អដែរ ព្រោះវានៅរក្សាទំងន់ ឲ្យនៅស្រាល និងស្អិតល្អ មិនងាយរបូត។ ចំណែករបៀបប្រើប្រាស់ និងប៊ូតុងចុច នានារបស់វា ហាក់ដូចជាប្លែក ពីកាមេរ៉ា DSLR បន្ដិច ដោយសារតែកងបង្វិល ISO, Shutter Speed, និង White Balance វាស្ថិតនៅខាងមុខវិញ។ ប៊ូតុងបញ្ជាអេក្រង់ មួយចំនួនទៀត នៅខាងក្រោយ ចំណែកឯរន្ធដោត តំណរភ្ជាប់ទាំងអស់ នៅចំហៀងឆ្វេង មានដូចជា USB-C, HDMI, រន្ធកាស, រន្ធដោត Mic, រន្ធស្រូបសម្លេង, រន្ធសាកថ្ម និងរន្ធ mini XLR ជាដើម។ រីឯរន្ធដាក់ មេម៉ូរីកាត នៅខាងស្ដាំ ដែលយើងអាចដាក់នូវ មេម៉ូរីបានច្រើនប្រភេទ ដូចជា SD, UHS-II, និង CFast 2.0 ជាដើម។

 

 

នៅក្នុងនេះ ក៏មានមុខងារល្អមួយផងដែរ សម្រាប់អ្នកដែលភ្លេចមេម៉ូរី ដោយសារតែយើង អាចប្រើប្រាស់ USB-C ដើម្បីថតផ្ទុក ដោយផ្ទាល់មកកាន់ SSD ឬ Storage ដទៃទៀត របស់យើងបាន យ៉ាងងាយ ដែលវាមិនធ្វើឲ្យ ដំណើរការ រអាក់រអួលឡើយ ប៉ុន្តែអ្នកត្រូវប្រាកដថា SSD របស់អ្នកជាប្រភេទ Format ល្បឿនលឿន គ្រប់គ្រាន់ផងដែរ។


ចំណែកឯខាងក្នុងរបស់វាវិញ ត្រូវបានប្រើប្រាស់នូវស៊េនស័រពពួក Four Thirds ដែលប្រើប្រាស់ នូវបច្ចេកវិទ្យា Dual Native ISO ដែលតម្លើង ISO ដល់ ២៥,៦០០ និង Native DCI អាចថតវីឌីអូ Super Wide 13 Stops បែប HDR នៅក្នុងកម្រិត 4K (4096 x 2160 ភិចស៊ែល) នៅក្នុងល្បឿន ៦០ ហ្វ្រេមក្នុងមួយវិនាទី និងកម្រិត 1080p Full HD ក៏ដូចជា 720p HD លោតដល់ល្បឿន ១២០ ហ្វ្រេម ក្នុងមួយវិនាទី ដែលថត យកជា File ប្រភេទ 10-bit ProRes ក៏បាន ឬប្រភេទ 12-bit Raw ក៏បានដែរ។ រីឯប្រភេទលេនវិញ គឺប្រើប្រាស់លេន MFT ដូចជាកាមេរ៉ា ទូទៅដែរ ដូចនេះអ្នកអាចប្ដូរ និងទិញលេនដែល អ្នកស្រលាញ់មក ប្រើប្រាស់ បានតាមចិត្ត។

 

 

នៅផ្ទៃខាងក្រោយរបស់វានេះ យើងក៏ឃើញមានអេក្រង់ បញ្ជាផងដែរ វាមានទំហំ ៥ អ៊ីញជាប្រភេទ LCD Touchscreen ដែលយើងជាចុចលើ អេក្រង់ដើម្បី Focus ចំណុចនៅពេលថត និងមុខងារជាច្រើនទៀត។ អេក្រង់នេះ មានកម្រិតបង្ហាញ Full HD 1080p ប៉ុន្តែគួរឲ្យស្ដាយ ដែលមិនមាន View Finder នោះទេ ដោយសារតែកាមេរ៉ានេះ ផ្ដោតសំខាន់តែការ ថតវីឌីអូប៉ុណ្ណោះ។

ចំពោះចំណុចសំខាន់ៗរបស់ Blackmagic PCC 4K នេះមានដូចជា៖ • ប្រើប្រាស់នូវស៊េនស័រ 4/3 Full Frame • ប្រើប្រាស់លេន MFT Mount • កម្រិត ISO អាចឡើងទៅដល់ 25,600 អំណោយផលល្អក្នុងការថត Low light • មានបច្ចេកវិទ្យា Super Wide 13 Stops ដែលជួយកំណត់កម្រិតពណ៌ឲ្យប្រសើរ ដូចខ្នាតកុន ក៏ដូចជាបច្ចេកវិទ្យា 3D LUTs ដើម្បីចាក់ពណ៌ទៀតផង • អាចថតវីឌីអូកម្រិត 4K ល្បឿន 60fps កម្រិត HD ដល់ល្បឿន 120fps ថតជា File RAW • មានអេក្រង់បញ្ជាទំហំ ៥ អ៊ីញកម្រិត Full HD • ថ្មអាចថតបានរយៈពេលប្រហែល ៦០ នាទី • File ដែលយើងអាចថតបាន មានច្រើនប្រភេទដូចជា៖ CinemaDNG RAW, CinemaDNG RAW 3:1, CinemaDNG RAW 4:1, ProRes 422 HQ QuickTime, ProRes 422 QuickTime, ProRes 422 LT QuickTime, ProRes 422 Proxy QuickTime ។ល។

អញ្ចឹងទាំងនេះ គឺជាលក្ខណៈសម្បត្តិត្រួសៗរបស់កូនកាមេរ៉ាខ្នាតកុននេះ ដែលវានឹងមានលក់ នៅ ខែកញ្ញា ឆ្នាំ ២០១៨ ឯណោះ ហើយអ្នកទិញក៏ទទួល បាននូវកម្មវីធី Davinci Resolve Studio ដែលបានទិញមាន អញ្ញាប័ណ្ណ រួចជាស្រេច ដូចនេះសម្រាប់អ្នកផលិត វីឌីអូប្រាកដជា ពេញចិត្ត ព្រោះវាមានចំណុចមួយចំនួន លេចធ្លោជាង Adobe Premium Pro ពិសេស គឺងាយក្នុងការ កែកុនពណ៌ ឲ្យដូចជាវីឌីអូ ខ្នាតកុនអញ្ចឹង។ ចំណែកតម្លៃរបស់វា គឺមិនសូវខ្ពស់ ប៉ុន្មានឡើយ ត្រឹមតែ ១,២៩៥ ដុល្លារប៉ុណ្ណោះ ប្រហាក់ប្រហែល កាមេរ៉ា A6500 របស់ក្រុមហ៊ុន Sony ដែរ។

ដកស្រង់ចេញពីhttp://cambo-report.com/article/12167#