Social Network

Sharp បញ្ចេញ​ទូរសព្ទ​ថ្មី មាន​អេក្រង់ 6 អ៊ីញ ប្រើ​ឈីប Snapdragon 845 និង​មាន​កាមេរ៉ាខ្លាំង!

ក្រុមហ៊ុនអេឡិចត្រូនិចរបស់ប្រទេសជប៉ុន Sharp

គេបានបង្ហាញចេញទូរសព្ទ ជាច្រើនម៉ូឌែល មកហើយ ដែលភាគច្រើន មានលក់នៅក្នុង ប្រទេសចិន។ ហើយសម្រាប់មួយ គ្រឿងនេះវិញ គឺជាទូរសព្ទលំដាប់កំពូល ដែលមានឈ្មោះថា Sharp AQUOS R2 ដែលមានអេក្រង់លាត ស្អាតមាន Notch ឆកចូលបន្ដិច និងមានកាមេរ៉ាភ្លោះ ហើយអ្វីដែលទូរសព្ទនេះ ផ្ដោតសំខាន់ គឺកាមេរ៉ាតែម្ដង។

 

AQUOS R2 គឺមានតួខ្លួនស្អាតល្អ ដោយវាត្រូវក្រាលផ្ទៃខាងមុខ និងខាងក្រោយដោយ កញ្ចក់ភ្លឺចាំង និងមានស៊ុម ជាលោហៈ មានវិមាត្រ សរុបបណ្ដោយ ១៥៦ x ទទឹង ៧៤ x កម្រាស់ ៩ មីលីម៉ែត្រ និងទំងន់ ១៨១ ក្រាម។ លើសពីនេះ វាក៏មានបំពាក់នូវ អាវក្រោះការពារកម្រិត IPX5, IPX8 និង IP6X ផងដែរ។

 

ផ្នែកខាងមុខ AQUOS R2 ត្រូវបានប្រើប្រាស់នូវអេក្រង់ប្រភេទ IGZO Display ផលិតដោយក្រុមហ៊ុន Sharp ផ្ទាល់ ដែលវាជាអេក្រង់ល្អ ធ្លាប់បំពាក់នៅលើទូរទស្សន៍ Sharp ជាច្រើន ស៊េរីមកហើយ។ អេក្រង់ AQUOS R2 មានទំហំ ៦ អ៊ីញ ដែលលាតដល់ផ្ទៃខាងលើ ស្រដៀង Mi Mix 2 និងរន្ធស្ដាប់សម្លេង នៅខាងលើ ហើយមាន Notch បន្ដិចសម្រាប់ដាក់ កាមេរ៉ាទំហំ ១៦.៣ មេហ្គាភិចស៊ែល។ អេក្រង់នេះមានកម្រិត Aspect Ratio 19:9 និងមានកម្រិតបង្ហាញ WQHD+ (1440 x 3040 ភិចស៊ែល) ជាអេក្រង់ដែលមាន ល្បឿន Response លឿនជាង អេក្រង់ធម្មតា ហើយក៏ត្រូវបានក្រាល ការពារដោយកញ្ចក់ផុសឡើង 2.5D ផងដែរ។ នៅផ្នែខាងក្រោម មានប៊ូតុង Home និងបង្កប់ស៊េនស័រ ស្កេនម្រាមដៃ។

 

ផ្នែកកម្លាំងម៉ាស៊ីន AQUOS R2 នេះវាខ្លាំង ដោយប្រើប្រាស់ឈីបកំពូលតែម្ដង Snapdragon 845 ដែលមានស៊ីភីយូ ៨ គ្រាប់ (៤ គ្រាប់រត់ក្នុងល្បឿន ២.៦ ជីកាហឺត និង ៤ គ្រាប់ទៀត រត់បានល្បឿន ១.៧ ជីកាហឺត) មានអង្គក្រាហ្វិច Adreno 630 មានរ៉េម ៤ ជីកាបៃ អង្គផ្ទុកទិន្នន័យ ៦៤ ជីកាបៃ ហើយក៏អាចបន្ថែមមេម៉ូរី បានដល់ ៤០០ ជីកាបៃផងដែរ។ ប្រព័ន្ធដំណើរការ របស់វាគឺ Android Oreo មានថ្មទំហំ ៣,១៣០ មីលីអំពែ និងប្រើប្រាស់ រន្ធសាកថ្ម Type-C ទ្រទ្រង់បច្ចេកវិទ្យា សាកថ្មរហ័ស។ អ្វីដែលពិសេសនោះគឺ AQUOS R2 ក៏ផ្ដោតលើ ផ្នែកកំសាន្ដផងដែរ ដោយវាមាននូវ បច្ចេកវិទ្យា Dolby Vision ដែលជួយដល់ការ បង្ហាញអេក្រង់បានច្បាស់ល្អ និងបច្ចេកវិទ្យាសម្លេង Dolby Atmos ទៀតផង។

 

កាមេរ៉ាក៏ល្អដែរ AQUOS R2 មានកាមេរ៉ាក្រោយភ្លោះ ដោយមួយគ្រាប់ជាកាមេរ៉ាទូលាយ អាចថតបាននៅក្នុងមុំ ១៣៥ ដឺក្រេ សម្រាប់ការថតវីឌីអូ មានទំហំ ១៦.៣ មេហ្គាភិចស៊ែល និងមួយគ្រាប់ទៀត ជាកាមេរ៉ាសម្រាប់ថត រូបប៉ុស្ដិ៍ មានទំហំ ២២.៦ មេហ្គាភិចស៊ែល។ ទៅលើការថតវីឌីអូ វាថតបានពណ៌ដិត និងមានមុំវែង ទូលាយផងដែរ ដូចជាកាមេរ៉ា GoPro អញ្ចឹង និងមានមុខងារទប់លំនឹង EIS ហើយវាក៏ជា ទូរសព្ទដំបូងលើលោក ដែលអាចថតវីឌីអូ និងរូបភាពប៉ុស្ដិ៍ បានដំណាលគ្នា ផងដែរ។

ទស្សនាវីឌីអូថតក្នុងមុំ ១៣៥ ដឺក្រេចេញពី AQUOS R2៖

https://youtu.be/Q6Ttjs8Kzkg

អញ្ចឹងទាំងនេះ ជាលក្ខណៈសម្បត្តិត្រួសៗរបស់ Sharp AQUOS R2 ដែលវានឹងចេញលក់ នៅក្នុងប្រទេសជប៉ុន ឆាប់នេះហើយ ជាមួយនឹងជម្រើស ពណ៌ខ្មៅ, ពណ៌ស, ពណ៌បៃតងត្បូងគុជ, ពណ៌ផ្កាឈូក និងពណ៌ក្រហម។ ចំណែកតម្លៃវិញ យើងនៅមិនទាន់ដឹង នៅឡើយទេ។

ទស្សនាវីឌីអូខាងក្រោម៖

https://youtu.be/6dltpOJJ5_Q

ដកស្រង់ចេញពីhttp://www.cambo-report.com/article/12405