Social Network

កូន​ស្រី​តន្ត្រី​ករ ​វីយូ​ឡុង​ជើង​ចាស់ ​នាំ​ឪពុក​មក​ព្យាបាល​ជាមួយ​គ្រូ​ខ្មែរ ក្រោយ​ពេទ្យ​មិន​ហ៊ាន​ទទួល

លោក អ៊ំ ដរ៉ា កវី និងតន្ត្រីករវីយូឡុង ល្បីល្បាញកាលពីទស្សវត្សរ៍៦០ ត្រូវជាឪពុករបស់កីឡាការីនី សំ ថារ័ត្ន កំពុងសម្រាកព្យាបាលជំងឺឆ្អឹង ត្រគាកនៅផ្ទះគ្រូខ្មែរបុរាណ ក្នុងក្រុងតាខ្មៅ បន្ទាប់ពីគ្រូពេទ្យផ្នែកវេជ្ជសាស្ត្រ មិនហ៊ានទទួលព្យាបាលតទៅទៀត។

បើតាម កញ្ញា សំ ថារ័ត្ន ឪពុករបស់ខ្លួនបាន មកព្យាបាលជំងឺឆ្អឹងត្រគាកខាងឆ្វេង ដែលប្រេះស្រាំរហូតដើរមិនបាន នៅផ្ទះគ្រូខ្មែររយៈពេល៤ថ្ងៃមកហើយ ដោយតម្រូវឲ្យព្យាបាល រហូតដល់ជិតមួយខែ ។ ដោយសារតែឪពុករបស់កីឡាការីនី ខាងក្បាច់ល្បុក្កតោ មានវ័យជរា និងសុខភាពកាន់តែខ្សោយ មិនអាចទប់ទល់នឹងការអនុវត្ត ព្យាបាលរបស់ពេទ្យបាន ទើបខាងមន្ទីរពេទ្យមិនហ៊ានទទួលព្យាបាល។

កញ្ញា សំ ថារ័ត្ន ប្រាប់ថា ពេលនេះស្ថានភាព ជំងឺរបស់ឪពុកខ្លួន អាចប្រែខ្លួនបានបន្តិច ប៉ុន្តែកន្លងមកគឺពិបាក និងហាមដាច់ខាតមិនឲ្យប្រែខ្លួននោះទេ ហើយលោកឪពុកអាច និយាយបានតិចៗ ព្រោះឆាប់ហត់។ រាល់ថ្ងៃកញ្ញា និងគ្រួសារ ផ្លាស់ប្ដូរគ្នាយកអាហារមកជូនឪពុក ដែលកំពុងព្យាបាលជំងឺ នៅតាខ្មៅ។

ដោយសារតែក្តីអាណិត មានសប្បុរសជនមួយចំនួនបានជួយឧបត្ថម្ភខ្លះៗលើការព្យាបាល តែ សំ ថារ័ត្ន នៅប្រឈមលើបញ្ហាប្រាក់ដដែរ ព្រោះស្ថានភាពជំងឺរបស់កវីជើងចាស់ អ៊ំ ដារ៉ា ត្រូវចំណាយខ្ទង់ជាង២ពាន់ដុល្លារ ហើយថវិកាដែលនាងរកបានពីការប្រដាល់បានតិចតួច ទើបប្រឈមនឹងការខ្វះខាតកាន់តែខ្លាំង។

ស្ថិតក្នុងវ័យ ៧៩ឆ្នាំ កាន់តែជរា កវីរូបនេះ មានជំងឺប្រចាំកាយឈឺផ្នែកឆ្អឹងត្រគាក ខាងឆ្វេងដើរមិនរួចជាច្រើនឆ្នាំមកហើយ និងចាប់ផ្តើមធ្វើទុក្ខខ្លាំងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

លោក អ៊ំ ដរ៉ា ជាកវី និងតន្រ្តីករល្បីឈ្មោះខ្លាំង ក្នុងអំឡុងទសវត្សរ៍ឆ្នាំ៦០។ លោកបាននិពន្ធ បទចម្រៀងជាច្រើន ហើយបទចម្រៀងដែលល្បី ខ្លាំងមានដូចជា បទចម្រៀងរបស់លោក ស៊ិន ស៊ីសាមុត មានបទ“រូបអូនហ្នឹងហើយ "ថ្ងៃណាមានសង្ឃឹម” រួមទាំងបទច្រៀងដោយអ្នកស្រី រស់ សេរីសុទ្ធា មានបទ “ឈប់ស្រលាញ់អូនទៅ” “នេះឬផលបុណ្យ?” “ស្រលាញ់អូនដល់ណា” និង “ចាស់ជូរឯម” ជាដើម៕

ដកស្រង់ពី៖ Sabay