Social Network

រូបភាព​ថត​ខាង​ក្រៅ​ដំបូង Galaxy S10 បង្ហាញ​ថា​ពិត​ជា​មាន​ប្រជ្រុយ​មែន!

ស្មាតហ្វូនត្រកូល S របស់ក្រុមហ៊ុន Samsung នៅក្នុងឆ្នាំ 2019 នេះ នឹងត្រូវបានទទួលការកែប្រែ

ការរចនាបថដ៏ធំ បើយោងទៅតាម ការលេចធ្លាយ ជាច្រើនខែមក ដោយនាពេលឥឡូវនេះ បានធ្វើឲ្យយើង ដឹងកាន់តែច្បាស់ ជាមួយរូបភាព ថតដោយផ្ទាល់ នៃស្មាតហ្វូន Galaxy S10 មួយនេះ។ នៅក្នុងរូបភាពនេះ យើងបានកត់សម្គាល់ថា វាត្រូវបាន បំពាក់ដោយអេក្រង់ប្រភេទ Infinity-O ក៏ប៉ុន្ដែចំពោះផ្នែកចង្ការ គឺមិន តូចដូចនៅក្នុង រូបភាពលេចធ្លាយនោះឡើយ។

រូបភាពនេះត្រូវបាន បង្ហោះឡើងដោយលោក Evan Blass តាមរយៈគណនី Twitter របស់គាត់ផ្ទាល់ ហើយ គាត់បានសរសេរថា “Samsung Galaxy S10 (Beyond 1)” ។ ក្នុងរូបភាពថតដោយផ្ទាល់ដំបូង នៃស្មាតហ្វូន Galaxy S10 នេះ យើងបានឃើញថា អេក្រង់ Infinity-O គឺពិតជាមាន ដូចការលេចធ្លាយពិតមែន ហើយរន្ធ ប្រជ្រុយសម្រាប់ដាក់កាមេរ៉ាវិញ ក៏មានទំហំតូចជាង ប្រជ្រុយរបស់ Galaxy A8s ផងដែរ។ លើសពីនេះ គាត់ ក៏បានបន្ថែមថា លក្ខណៈពិសេសមួយ ដែលគាត់មិនដែលបាន បង្ហើបប្រាប់ពីមុនមក គឺស្មាតហ្វូន របស់ ក្រុមហ៊ុន Samsung មួយនេះ នឹងអាចប្រើប្រាស់មុខងារ សាកថ្មឥតខ្សែ (Wireless Charging) ទៅសាកឲ្យ ឧបករណ៍ អេឡិចត្រូនិកផ្សេងៗ ដូចជាស្មាតហ្វូនដទៃទៀត និងនាឡិកាឆ្លាតវៃ ថែមទៀតផង។ បើយោង តាមពីមុនៗមក យើងនឹងអាចបានឃើញ Galaxy S10 ខ្លះៗនៅព្រឹត្តិការណ៍ CES ឆ្នាំ 2019 នៅសប្តាហ៍ ក្រោយ ដោយយើងចាំបានថា Samsung ក៏បានបង្ហើបអំពីស្មាតហ្វូន Galaxy S8 បន្ដិចដែរ កាលពី នៅ ព្រឹត្តិការណ៍ CES ឆ្នាំ 2017 ក៏ប៉ុន្តែសម្រាប់អ្នកមួយចំនួនទៀត ក៏បានរំពឹងថា ស្មាតហ្វូននេះនឹងបង្ហាញខ្លួន ជាផ្លូវការ នៅជិតព្រឹត្តិការណ៍ MWC 2019 នៅចុងខែកុម្ភៈ ឯណោះ។

សរុបមក នេះគឺជារូបភាពថត ដោយផ្ទាល់ដំបូង ដែលគេរំពឹងថាគឺជា Galaxy S10 ក៏ប៉ុន្ដែយើង មិនអាច ប្រាកដបាន ទាំងស្រុងនោះទេ ដោយស្មាតហ្វូន ក្នុងរូបភាពនេះ អាចគ្រាន់តែជាប្រភេទ Prototype នោះ ទេ។ ស្មាតហ្វូនលំដាប់កំពូលត្រកូល S ថ្មីទាំងអស់ របស់ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងទុកថា នឹង ដាក់ ចេញជាផ្លូវការ នៅថ្ងែទី 25 កុម្ភៈ ឆ្នាំ 2019 ខាងមុខនេះ។

ដកស្រង់ចេញពីhttp://cambo-report.com/article/15002