Social Network

OPPO ប្រកាស​ចេញ​ស្មាតហ្វូន Reno ជា​ផ្លូវការ​ហើយ ចែក​ចេញ​ជា 2 Version មាន​កាមេរ៉ា​លោត​ទំហំ​ដល់ 48MP និង​អាច​ស្កេន​ស្នាម​ម្រាម​ដៃ​លើ​អេក្រង់​បាន

ទីបំផុត ក្រុមហ៊ុន OPPO បានធ្វើការប្រកាសចេញស្មាតហ្វូនម៉ូឌែល Reno ជាផ្លូវការហើយ ដោយមានការបែងចែកជា 2 Version រួមមាន OPPO Reno និង OPPO Reno ប្រភេទ 10x Zoom Edition។

ដើម្បីស្វែងយល់អោយកាន់តែច្បាស់ យើងនឹងបង្ហាញពីលក្ខណៈសម្បត្តិលើស្មាតហ្វូនថ្មីនេះ ទៅកាន់ប្រិយមិត្តអ្នកអានទាំងអស់គ្នា ដូចតទៅ។

OPPO Reno ត្រូវបានរចនាឡើងជាមួយរចនាបថស៊ីវិល័យ តាមទម្រង់ Find X កាលពីឆ្នាំទៅ ជាមួយអេក្រង់លាត មានផ្ទៃលាតធំ កាត់បន្ថយគែម អោយនៅកាន់ខ្លីមែនទែន ជាមួយទំហំ 6.4 អ៊ីញ ជាប្រភេទ OLED ចំណែកម៉ូឌែលមួយទៀត មានទំហំ 6.6 អ៊ីញ។ ចំពោះកាមេរ៉ាខាងក្រោយ រឹតតែពិសេសថែមទៀត ដោយក្រុមហ៊ុន OPPO បានតម្លើងកាណុងកាមេរ៉ាចំនួន 2 គ្រាប់ សម្រាប់ Reno មានមួយគ្រាប់លោតទំហំធំដល់ 48 មេហ្គាភិចសែល និងមួយគ្រាប់ទៀត ជាលេនថតប្លង់ទូលាយ (មិនទាន់បញ្ជាក់ទំហំនៅឡើយ)។ ឯ OPPO Reno ជា Version មួយទៀត មានកាណុងកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដែលមានមួយគ្រាប់ស្ថិតក្នុងទំហំ 48 មេហ្គាភិចសែលដែរ ហើយមួយគ្រាប់ទៀត ជាលេន Ultrawide ថតប្លង់ទូលាយ មានទំហំ 8 មេហ្គាភិចសែល និងមួយគ្រាប់ចុងក្រោយ គឺលេន 10x Optical Zoom ហ្នឹងតែម្តង (មិនទាន់បញ្ជាក់ទំហំនៅឡើយ)។ សម្រាប់កាមេរ៉ាខាងមុខ ពិតជាផុសចេញពីតួខ្លួនមក ដូចជាស្នែងសត្វរមាស ពិតមែន មានទំហំ 16 មេហ្គាភិចសែល ដូចគ្នា។ កាន់តែពិសេសនោះ វាក៏មានសេនស័រ សម្រាប់ស្កេនស្នាមម្រាមដៃ នៅលើអេក្រង់បាន យ៉ាងទាន់សម័យ ថែមទៀត។

ចំពោះផ្នែកកម្លាំងម៉ាស៊ីន ស្មាតហ្វូន OPPO Reno ប្រើប្រាស់បន្ទះឈីប Snapdragon 710 ចំណែក Reno 10x Zoom គឺប្រើប្រាស់បន្ទះឈីបខ្លាំងលំដាប់កំពូល Snapdragon 855, មានរ៉េមទំហំ 6GB / 8GB ជាមួយអង្គផ្ទុកទិន្នន័យទំហំ 128GB / 256GB។ ស្មាតហ្វូនទាំងពីរនេះ មាន NFC និងមានភ្ជាប់បច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 ដូចគ្នា។

ជាចុងក្រោយ OPPO Reno គឺមានជម្រើស 4 ពណ៌ សម្រាប់ជ្រើសរើស រួមមាន ពណ៌ Fox Sea Green, ពណ៌ Extreme Night Black, ពណ៌ Mist Powder និងពណ៌ Nebula Purple។ ឯ OPPO Reno 10x Zoom Edition មានជម្រើស 2 ពណ៌ សម្រាប់ជ្រើសរើស រួមមាន ពណ៌ Fox Sea Green, ពណ៌ Extreme Night Black។ សម្រាប់តម្លៃវិញ យើងនឹងបង្ហាញដូចខាងក្រោម៖

•    OPPO Reno

-    រ៉េម 6GB + អង្គផ្ទុកទិន្នន័យ 128GB តម្លៃ 450 ដុល្លារ

-    រ៉េម 6GB + អង្គផ្ទុកទិន្នន័យ 256GB តម្លៃ 490 ដុល្លារ

-    រ៉េម 8GB + អង្គផ្ទុកទិន្នន័យ 256GB តម្លៃ 540 ដុល្លារ

•    OPPO Rena 10x Zoom Edition

-    រ៉េម 6GB + អង្គផ្ទុកទិន្នន័យ 128GB តម្លៃ 600 ដុល្លារ

-    រ៉េម 6GB + អង្គផ្ទុកទិន្នន័យ 256GB តម្លៃ 670 ដុល្លារ

-    រ៉េម 8GB + អង្គផ្ទុកទិន្នន័យ 256GB តម្លៃ 710 ដុល្លារ

ដកស្រង់ចេញពីhttp://www.cambo-report.com/article/15814