Social Network

Meizu 16s ទើបបាន​បង្ហាញ​ខ្លួន​ក្នុង​វីដេអូ​​ធ្វើ​តេស្ដ​ល្បឿន​ជា​លើក​ដំបូង

ក្រុមហ៊ុន Meizu កំពុងតែត្រៀមខ្លួន ដើម្បីធ្វើការប្រកាសចេញ ស្មាតហ្វូនលំដាប់កំពូល Meizu 16s ជំនាន់ចុងក្រោយរបស់ខ្លួន នៅក្នុងថ្ងៃទី 23 ខែមេសា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ។ រហូតមកដល់ពេលបច្ចុប្បន្ន

យើងបានដឹងរួចមកហើយថា Meizu 16s នឹងត្រូវបានភ្ជាប់មកជាមួយ បន្ទះឈីប Snapdragon 855 ព្រមទាំងរ៉េមទំហំ 8GB ដោយមានគែមអេក្រង់ ហាក់បីដូចជាតិចតួចបំផុត និងមានសេនស័រកាមេរ៉ាទំហំ 48MP ថែមទៀតផង។

ស្មាតហ្វូនលំដាប់កំពូល ជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Meizu ក៏ត្រូវបានលេចធ្លាយថា ទទួលបានពិន្ទុធ្វើតេស្ដ AnTuTu ច្រើនដល់ទៅ 374,190 ពិន្ទុឯណោះ ដោយលើសទាំងពិន្ទុរបស់ Xiaomi Mi 9 និង Huawei P30 Pro ផងដែរ។ រីឯនាពេលថ្មីៗនេះ យើងក៏ទទួលបាន វីដេអូឃី្លបថ្មីមួយ ដែលត្រូវបានអ្នកវិស្វករ ប្រចាំក្រុមហ៊ុន Meizu ម្នាក់លួចធ្វើការ ផ្សាយបន្តផ្ទាល់ អំពីការធ្វើតេស្ដលឿនរបស់ Meizu 16s ក៏ប៉ុន្ដែតួខ្លួនទាំងមូល ត្រូវបានបំពាក់នូវ ស្រោមការពាររួចជាស្រេច ដូច្នេះហើយយើងអាច មើលឃើញតែអេក្រង់ប៉ុណ្ណោះ។

ប្រសិនបើយោងទៅតាម វីដេអូលេចធ្លាយនេះ បានបង្ហាញឲ្យយើងឃើញថា Meizu 16s មានសមត្ថភាពអាចធ្វើការ បើកកម្មវិធីបានចំនួន 20 ខុសៗពីគ្នា ក្នុងរយៈពេលត្រឹម 99 វិនាទីតែប៉ុណ្ណោះ។ ចំណែកឯការធ្វើតេស្ដលឿននេះ គឺត្រូវបានប្រព្រឹត្តឡើង ចំនួនពីរជុំឯណោះ និងថែមទាំងបាន បង្ហាញយើងឲ្យដឹងថា យ៉ាងហោចណាស់ 20 កម្មវិធីអាចរក្សាទុកបាន នៅក្នុងផ្ទៃខាងក្រោយ (Background) ដោយជាអត្ថប្រយោជន៍ នៃទំហំរ៉េមធំផងដែរ។

***សូមទស្សនាវីដេអូខាងក្រោម ដែលដាក់បង្ហាញអំពីការធ្វើតេស្ដលឿន Meizu 16s៖



សរុបមក ក្នុងអំឡុងពេលវីដេអូលេង យើងក៏បានឃើញហើយថា Meizu 16s ត្រូវបានបំពាក់នូវ ស្រោមការពារខាងក្រោយរួចជាស្រេច ហេតុដូច្នេះហើយ យើងមិនអាចមើលឃើញ ការឌីហ្សាញចុងក្រោយបានឡើយ។ លើសពីនេះទៅទៀត ស្មាតហ្វូនម៉ូឌែល Meizu 16s ក៏ត្រូវបានគេរំពឹងទុកថា អាចនឹងដាក់លក់ ក្នុងតម្លៃប្រហាក់ប្រហែល $505 ដុល្លារអាមេរិក ជាមួយនឹងជម្រើសពណ៌ ស,ខ្មៅ និងខៀវស្រាលថែមទៀតផង។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/15862