Social Network

ខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ១៧០គ្រួសារ នៅស្រុកពញាក្រែក, ឯកឧត្តមរដ្ឋមន្ត្រី វង សូត អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ !

នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួងសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ អញ្ចើញសំណេះសំណាល សាកសួរសុខទុក្ខ  និងនាំយកអំណោយ មនុស្សធម៌ ទៅចែកជូន ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្រ្តាក់ ទទួលរងផលប៉ះពាល់ ដោយការ ប៉ើងដំបូល និងរលំផ្ទះ ចំនួន ១៧០គ្រួសារ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ថ្លែងនាឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី វង សូត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ ពីសុខទុក្ខរបស់ ប្រជាពលរដ្ឋ គ្រប់ទិសទី ដោយមិនប្រកាន់ និន្នាការ នយោបាយឡើយ ហើយបញ្ហាគ្រោះធម្មជាតិ ខ្យល់កន្រ្តាក់នេះ ជាការព្រួយ បារម្ភរបស់ រាជរដ្ឋាភិបាល ដែលបណ្តាល មកពីបម្រែបម្រួល អាកាសធាតុ និងសុំស្នើ ដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ឲ្យជួយតាមដាន បញ្ហាគ្រោះធម្មជាតិនេះ ដើម្បីអាចជួយដោះស្រាយ បញ្ហាជូនប្រជាពលរដ្ឋ បានទាន់ពេលវេលា ។

ឯកឧត្តម រដ្ឋមន្ត្រី បានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋ ទាំងអស់ នៅពេលមេឃ ងងឹតរកភ្លៀងម្តងៗ សូមផ្អាក ធ្វើការងារផ្សេងៗ នៅក្រៅផ្ទះហាលភ្លៀង ហើយឆាប់រូតរះរត់ រកទីកន្លែងមានសុវត្ថិភាព ដើម្បីការពារខ្លួនកុំ ឲ្យមានគ្រោះថ្នាក់ ដោយសារគ្រោះធម្មជាតិ ដូចជាមានផ្គររន្ទះបាញ់ ខ្យល់កន្ត្រាក់ ខ្យល់ព្យុះ ដែលនាំឲ្យជួប គ្រោះថ្នាក់ផ្សេងៗ ដល់ប្រជាពលរដ្ឋ ផងដែរ ។

បើតាមរបាយការណ៍ របស់លោក លី សុភាលីន អភិបាល ស្រុកពញាក្រែក បានឲ្យដឹងថា ៖ គិតត្រឹមថ្ងៃទី ០៩ ខែឧសភា មានប្រជាពលរដ្ឋ ចំនួន ១៩ គ្រួសារ បានរងគ្រោះដោយខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំផ្ទះ របើកដំបូល ខូចខាតទ្រព្យសម្បត្តិ ផ្ទាល់ខ្លួនជាច្រើន មកហើយ លុះដល់ថ្ងៃទី១០ ខែឧសភា ក៏មានករណីភ្លៀងលាយ ឡំនឹងខ្យល់កន្រ្ដាក់ យ៉ាងខ្លាំង បណ្ដាលឱ្យប្រជាពលរដ្ឋ ចំនួន១៥១គ្រួសារ បន្ថែមទៀត ទទួលរងគ្រោះពី បាតុភូតនេះ រហូតមកដល់ថ្ងៃទី ១៦នេះ ក្នុងស្រុកពញាក្រែក មានប្រជាពលរដ្ឋ សរុបចំនួន១៧០គ្រួសារ ក្នុងនោះ ១៥៧គ្រួសារ ខូចខាតប៉ើង ដំបូលតិចតួច និង១៣គ្រួសារ ខូចខាត់ធ្ងន់ធ្ងរ ។

ចំពោះអំណោយ ដែលចែកជូន ប្រជាពលរដ្ឋ រងគ្រោះចំនួន ១៧០គ្រួសារ នាឱកាសនោះ រួមមាន ៖ ក្នុង១គ្រួសារៗ ទទួលបាន អង្ករ ២០គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, តង់១ និងថវិការ ១០ម៉ឺនរៀល សម្រាប់ផ្ទះ ១៥៧ខ្នង ខូចខាតតិចតួច និងថវិការ ២០ម៉ឺនរៀល សម្រាប់គ្រួសារ ខូខាតធ្ងន់ធ្ងរ ១៣គ្រួសារ ផងដែរ ៕