Social Network

អាជ្ញាធរខេត្តត្បូងឃ្មុំ ​និងពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ រួមគ្នាធ្វើបុណ្យ «​វិសាខបូជា» សុំសេចក្តីសុខ និងសន្តិភាព

នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្តត្បូងឃ្មុំ មន្ត្រីរាជការ និងពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ រួមគ្នាធ្វើពិធីបុណ្យ វិសាខបូជា បានបួងសួង សុំឲ្យសង្គមជាតិ មានសុខសន្តិភាព និងសុំសេចក្តីសុខ ក្នុងការរស់នៅតាម ក្រុមគ្រួសារនីមួយៗ ប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រី ដែលគោរពប្រតិបត្តិព្រះពុទ្ធសាសនា នៅទូទាំង សកលលោក បានរួមគ្នា រៀបចំពិធីបុណ្យនេះ ឡើងជារៀងរាល់ឆ្នាំ ។

វិសាខបូជា ជាពិធីបុណ្យ ដែលពុទ្ធសាសនិក ចាត់ទុកថា ជាបុណ្យសំខាន់បំផុតមួយ ក្នុងចំណោមពិធីបុណ្យធំៗ ដទៃទៀត នៃព្រះពុទ្ធសាសនា។

ពិធីបុណ្យនេះ រៀបចំឡើងដើម្បីគោរព រំឭកនឹកគុណ ដល់សម័យកាល របស់ព្រះសម្មាសម្ពុទ្ធ សមណគោតម ដែលព្រះអង្គ ទ្រង់ប្រសូត បានត្រាស់ដឹង និងចូលបរិនិព្វាន នៅចំថ្ងៃ ខែដូចៗគ្នា ប៉ុន្តែខុសតែឆ្នាំប៉ុណ្នោះ ។ ទាំងថ្ងៃប្រសូត្រ ថ្ងៃបានត្រាស់ដឹង និងបរិនិព្វាន របស់ព្រះអង្គ គឺនៅចំថ្ងៃ ១៥កើត ខែពេញបូណ៌មី មានព្រះចន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នាខុសតែឆ្នាំប៉ុណ្ណោះ។

បុណ្យវិសាខបូជានេះដែរ បានប្រារព្ធឡើងនៅ វត្តហ្លួងព្រះស្ដេចកន ហៅវត្តអង្គក្នុង ស្ថិតក្នុងភូមិដូនតី ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ មន្ត្រីរាជការ និងពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ បាននាំយកចង្ហាន់ បច្ច័យ និងផ្កាភ្ញីជាដើម យកទៅប្រគេនព្រះសង្ឃ និងរាប់បាតជាដើម ។

ថ្លែងនាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា : ពិធីបុណ្យវិសាខបូជា ដ៏អធិកអធមនេះ វាខុសពីសម័យសង្គ្រាម គ្មានអ្វីសោះ សូម្បីតែផ្លូវដើរ ជាពិសេសនៅតាម វត្តអារាម គឺបានត្រឹម សំងំក្នុងវត្ត គេចពីការទំលាក់គ្រាប់បែក និងការកាប់សម្លាប់ ដូចសម័យលន់នល់ ។

ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថា ចម្លែកជាងគេនោះ ទូទាំងសកលលោក គឺសម័យប៉ុលពត ការកាប់សម្លាប់ប្រល័យពូជសាសន៍ នៅកម្ពុជា រងការខ្ទេចខ្ទាំ បំភ្លេចបំផ្លាញគ្មានសល់ នាសម័យនោះ កុំថាឡើយធ្វើបុណ្យ ពិធីសាសនា សូម្បីអាហារខ្លួនឯង ក៏គ្មានសិទ្ធិហូបដែរ គឺជាសម័យយ៉ង់ឃ្នង នៃស្រមោលខ្មៅ នាអតីតកាល ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្ត បានអំពាវនាវ ដល់ប្រជាពុទ្ធ បរិស័ទទាំងអស់ ត្រូវរួមគ្នាថែរក្សា សន្តិភាព ជាមួយប្រមុខដឹកនាំ រាជរដ្ឋាភិបាល ដោយមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹងនាំ ដើម្បីឲ្យសង្គមជាតិ មានការរីកចំរើនថែមទៀត នាថ្ងៃអនាគត់ ។

ជាពិសេសពិធីបុណ្យនេះ រំលឹកដល់ប្រជាពលរដ្ឋ ឲ្យចូលរួម សហការអភិវឌ្ឍមូលដ្ឋាន ក៏ដូចជាសង្គមជាតិ ទាំងមូល ឲ្យរីកចំរើនច្រើនទៀត ដើម្បីមានឱកាសធ្វើ បុណ្យវិសាខបូជា ជាមួយគ្នា បន្តទៀតនាថ្ងៃខាង មុខផងដែរ ៕