Social Network

ក្រោយផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រឹក ក្នុង២ភូមិ នៃស្រុកអូររាំងឪ, អភិបាលខេត្តត្បូងឃ្មុំ ចុះផ្តល់ភាពកក់ក្តៅ ដល់កសិករចិញ្ខឹមជ្រូក និងសំណូមពរចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ទៅកសិករឯទៀត ជាការចាំបាច់និងជាសុជីវធម៌ មិនអាចកាត់ថ្លៃបាន

(ត្បូងឃ្មុំ)៖ <<ទោះបីមេរោគ ជំងឺប៉េស្តជ្រូកអាហ្វ្រិក មិនប៉ះពាល់ដល់ សុខភាពមនុស្ស តែបង្កមហន្តរាយធ្ងន់ធ្ងរ ដល់សុខភាពជ្រូក, ការចូលរួមទប់ស្កាត់ការ រីករាលដាល នៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ទៅកសិករឯទៀត ជាការចាំបាច់ និងជាសុជីវធម៌ មិនអាចកាត់ថ្លៃបាន >>

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ថ្លែងបែបនេះ ក្នុងឪកាសបានចុះពិនិត្យ និងសួរសុខទុក្ខគ្រួសារ កសិករប៉ះពាល់ ដោយជំងឺប៉េស្តជ្រូកអាហ្រ្វិក ក្នុងភូមិសោយ និងភូមិកំពូលសេរី ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងផ្សព្វផ្សាយ ពីផលវិបាក នៃជំងឺប៉េស្ត ជ្រូកអាហ្វ្រិក ដល់ប្រជាកសិករ យុវជន នៅវេលាថ្ងៃត្រង់ថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០១៩ ដែលជាការផ្តល់ ភាពកក់ក្តៅដល់ ក្នុងនាមជាមេ គ្រួសារប្រជាពលរដ្ឋ។

ក្នុងឪកាសនោះ ឯកឧត្តម បានសំដែង នូវការសោកស្តាយ អាណិតអាសូរជាពន់ពេក ដល់គ្រួសារកសិករ ដែលរងការប៉ះពាល់ ដែលធ្វើឲ្យខាតបង់ប្រាក់ចំណូល សម្រាប់ក្រុមគ្រួសារ ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានសំណូមពរ ដល់បងប្អូន ប្រជាកសិករបន្ត សហការទប់ស្កាត់កុំ ឲ្យរីករាលដាល បន្តទៀតសិន ដើម្បីផលប្រយោជន៍រួម ។ ការចូលរួមទប់ស្កាត់ ការរីករាលដាលនៃ ជំងឺប៉េស្តជ្រូកអាហ្វ្រិក ទៅកសិករឯទៀត ជាការចាំបាច់ និងជាសុជីវធម៌ មិនអាចកាត់ថ្លៃបាន ។ ហើយកន្លងមក រដ្ឋបាលខេត្តត្បុងឃ្មុំ ក៍បានចេញ សេចក្តីណែនាំ ដល់អាជ្ញាធរ មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ពាក់ព័ន្ធនឹង ការផ្ទុះនូវជំងឺនេះ ក្នុងមូលដ្ឋានស្រុកអូររាំងឳ ផងដែរ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៍បានណែនាំ ឲ្យមន្ត្រីជំនាញ បន្តសហការជាមួយ អាជ្ញាធរមូលដ្ឋាន បន្តធ្វើជីវសុវត្ថិភាព បាញ់ថ្នាំ រម្ងាប់មេរោគ ឲ្យបានគ្រប់ទីកន្លែង ទប់ស្កាត់ចរាចរជ្រូកទាំងខាងក្នុង ចេញ ចូល និងឆ្លងកាត់តំបន់ ផ្ទុះជំងឺនិងត្រូវតាមដានសុខភាពសត្វ នៅទីកន្លែងដ៏ទៃទៀត ចៀសវាងបើផ្ទុះហើយ ពិតជាលំបាកក្នុង ការទប់ស្កាត់ ។

លោក រី ដាវិន ប្រធានការិយាល័យ បសុព្យាបាល នៃមន្ទីរសិកម្ម ខេត្តត្បូងឃ្មុំ ឲ្យដឹងថា អនុវត្តតាមប្រកាស របស់ក្រសួងកសិកម្ម និងការបញ្ជារផ្ទាល់ ដោយយកចិត្ត ទុកដាក់ពីសំណាក់  ឯកឧត្តមបណ្ឌិត អភិបាលខេត្ត មន្ត្រីការិយាល័យ បន្តអនុវត្តន៍បាញ់ថ្នាំ៣រំងាប់ មេរោគបាន៣លើក ក្នុង៥៨ទ្រុង និងតាមដងផ្លូវក្នុងភូមិ ពិសេសទប់ស្កាត់ ចលនាសត្វ ចេញចូលក្នុងភូមិទាំង២ ដែលកំពុងផ្ទុះជំងឺ ក្នុងកាំ៣គីឡូម៉ែត្រ ។

បើតាម លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ ឲ្យដឹងថា លោកផ្ទាល់ និងមន្ត្រីជំនាញ បានបន្តចុះផ្សព្វផ្សាយ ណែនាំជាប់ជាប្រចាំ ពាក់ព័ន្ធនឹងការកើត ការឆ្លង ការរីករាលដាល ការទប់ស្កាត់ ពាក់ព័ន្ធនឹង ជំងឺប៉េស្តជ្រូកអាហ្វ្រឹក ដល់ប្រជាកសិករ ជាអ្នកចិញ្ចឹមជ្រូក ទូទាំងខេត្ត។ លោក ឲ្យដឹងបន្តថា មេរោគនៃជំងឺនេះ ជាប្រភេទ វីរុស មិនទាន់មានថ្នាំព្យាបាល និងថ្នាំបង្កា (វ៉ាក់សាំង) នោះទេ ដែលចរិកចម្លងរបស់វា លឿន និងមាន លក្ខណៈកាចសាហាវ ។ មេរោគ នៃជំងឺនេះ មានភាព ធន់ទ្រាំខ្ពស់ អាចរស់នៅក្នុងមជ្ឈដ្ឋាន សមស្រប រហូតដល់ ៣០ឆ្នាំ ។

លោក បញ្ជាក់ថា ដើម្បីទប់ស្កាត់ នៃជំងឺនេះ កសិករចិញ្ចឹមជ្រូក ត្រូវបាញ់ថ្នាំ រម្ងាប់មេរោគ នៅក្នុងទ្រុង និងបរិវេណជុំវិញឲ្យបានជាប្រចាំ និងថែទាំសម្អាតទ្រុង ឲ្យបានស្អាតជានិច្ច។ កសិករ ត្រូវថែទាំសត្វ ដែលមានជំងឺ ឲ្យស្ថិតនៅដាច់ពីសត្វ ដែលមានសុខភាពល្អ ។ អ្នកចេញចូលតំបន់ផ្ទុះជំងឺ មិនត្រូវចូ់លទៅទ្រុងជ្រូក របស់កសិករដែលមិន មានជំងឺនោះទេ ។ ជាមួយគ្នានោះ ត្រូវរួមទប់ស្កាត់ការ ដឹកជញ្ជូនសត្វជ្រូក រស់ពីក្រៅប្រទេស ឬ ចរាចរក្នុងប្រទេស ដោយគ្មានលិខិតបញ្ជាក់ អនាម័យសត្វ ពីមន្ត្រីបសុព្យាបាល ទោះតាមម៉ូតូក្តី រថយន្តក្តី ។ករណីពិនិត្យ ឃើញថា ជ្រូក មានអាការៈក្តៅខ្លួនខ្លាំង សូមកសិករ ប្រុងប្រយ័ត្នខ្ពស់ ព្រោះវាអាចជាសញ្ញាណ មួយ នៃជំងឺប៉េស្ត ជ្រូកអាហ្វ្រិក ។

លោក ប្រធានមន្ទីរ ក៍បានសំណូមពរ អោយកសិករទាំងអស់ ត្រូវនាំយកសត្វដែលឈឺ ដាក់ដោយឡែកពី សត្វសុខភាពល្អ និងរាយការណ៍ជា បន្ទាន់មកសមត្ថកិច្ច បសុព្យាបាល ដើម្បីពិនិត្យ និងណែនាំវិធានបសុ ព្យាបាល។ ទោះជំងឺអ្វីក៏ដោយ សត្វដែលងាប់ដោយជំងឺ មិនត្រូវ យកទៅហូបជាដាច់ខាត ទោះបីមេរោគ មិនចម្លងទៅមនុស្ស ជ្រូកដែលងាប់ ដោយសារជំងឺនេះ មិនអនុញ្ញាតឲ្យ យកទៅហូបនោះទេ គឺត្រូវដុតកប់ កម្ទេចចោលតែម្តង ៕