Social Network

អាជ្ញាធរខេត្តត្បូងឃ្មុំ ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋជាម្ចាស់ដីទាំងអស់ ត្រូវចូលរួមសហការជាមួយក្រុមការងារវាសវែងដីធ្លី ដើម្បីពន្លឿនការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ នឹងទទួលប័ណ្ណកម្មសិទ្ធដីធ្លីនាពេលឆាប់ៗ

ភូមិចំនួន២ គឺភូមិសុវណ្ណគម និងភូមិមនោប៊ូ ស្ថិតនៅឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានប្រកាស តំបន់វិនិច្ឆ័យ សម្រាប់ការងារ ចុះបញ្ជីដីធ្លី ដែលមានកលក្ខណៈ ជាប្រព័ន្ធហើយ ក្រោមវត្តមាន លោក ប៉ូច សុធារិទ្ធិ ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត និងជានាយកចាត់ការ កម្មវិធីអនុវិស័យរដ្ឋ បាលដីធ្លី ខេត្តត្បូងឃ្មុំ និងលោក លី មួយស្រេង អភិបាលរង ស្រុកពញាក្រែក នាព្រឹកថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០១៩នេះ ។

បើតាមរបាយការណ៍របស់ លោក ជា ប៊ុនណា ប្រធានគ្រប់គ្រង ការងារតំបន់ វិនិច្ឆ័យស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ៖ក្រុមការងាររបស់ បានធ្វើការកំណត់ តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នៅក្នុងឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ចំនួន២ភូមិ គឺភូមិសុវណ្ណគម និងភូមិមនោប៊ូ ក្នុងនោះ ភូមិសុវណ្ណកម មានប្រជាពលរដ្ឋចំនួនសរុប ១.២១៨នាក់ ស្មើនឹង ៤៤១គ្រួសារ មានក្បាលដីស្មើនឹង ២.០៩៧ក្បាលដី (ដឹកសិកម្ម១.៦៧៦ក្បាលដី នឹងដីលំនៅដ្ឋាន ៤២១ក្បាលដី) ភូមិមនោប៊ូ មានប្រជាពលរដ្ឋ សរុបមានចំនួន១៤០នាក់ ស្មើនឹង៣៦គ្រួសារ មានក្បាលដីស្មើនឹង ១២៥ក្បាលដី (ដីកសិកម្ម ៩២ក្បាលដី និងដីលំនៅ ឋាន៣៣ក្បាលដី) ។

លោក លី មួយស្រេង អភិបាលរង ស្រុកពញាក្រែក បានថ្លែងថា៖ តាងនាមឱ្យអាជ្ញាធរស្រុក ប្រជាពលរដ្ឋទាំងអស់ ទូទាំងស្រុកពញាក្រែក សូមថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ដែលបានបង្កើត ឱ្យមានការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធនេះឡើង។ ជាមួយនោះ ក៏បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង ដល់ក្រុមការងារ ដែលបាននិងកំពុង បន្តប្រឹងប្រែងក្នុងដំណើរ ការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋនេះ ។

មានប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋ នាឱកាសនោះ លោក ប៉ូច សុធារិទ្ធិ ប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត បានបញ្ជាក់ថា ៖ អាជ្ញាធររដ្ឋបាលដីធ្លី បានប្រឹងប្រែង ក្នុងការចុះបញ្ជីដីធ្លីដែល មានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ ព្រោះមានសារៈសំខាន់ ណាស់ដល់ប្រជាពលរដ្ឋ ម្ចាស់ដី ដោយមិនចំណាយប្រាក់ ច្រើនក្នុងការធ្វើប្លង់រឹងលើដីធ្លី ដើម្បីធានានូវសិទ្ធិ ធ្វើជាម្ចាស់កាន់កាប់ ជាឯកសារសម្អាង រឹងមាំបើមានជម្លោះដី ពិសេសទៀតនោះ បានធ្វើឱ្យបញ្ហាទំនាស់ដីធ្លី ត្រូវបានកាត់បន្ថយ យ៉ាងច្រើន ។

លោក បន្តទៀតថា ៖ នីតិវិធីនៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធនេះ ធ្វើតាមដំណាក់ គឺការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹង ដំណើរការផ្សព្វផ្សាយការចុះកំណត់ ព្រំវាស់វែង និងវិនិច្ឆ័យដើម្បី កសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ។

ការបិទផ្សាយជា សាធារណៈនូវឯកសារ នៃការវិនិច្ឆ័យរយៈពេល ១៥ថ្ងៃ ដើម្បីទុកលទ្ធភាពឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធ ធ្វើការផ្ទៀងផ្ទាត់ ឈ្មោះស្ថានភាពគ្រួសារ និងក្បាលដី របស់ខ្លួនព្រមទាំងធ្វើការតវ៉ា ក្នុងករណីខុសឆ្គង ។ ការផ្តល់សិទ្ធិចំពោះក្បាលដី ណាដែលមិនមានទំនាស់ ចុះបញ្ជីចេញប័ណ្ណ និងចែកប័ណ្ណកម្ម សិទ្ធិជូនម្ចាស់ដី ។

លោក ប៉ូច សុធារិទ្ធិ បានផ្ដាំផ្ញើ ដល់ម្ចាស់ដីទាំងអស់ ត្រូវត្រៀម នូវឯកសារចាំបាច់ មួយចំនួនផងដែរ រួមមាន៖ សំបុត្រកំណើត, អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ, សៀវភៅគ្រួសារ , សៀវភៅស្នាក់នៅ, សំបុត្រ អាពាហ៍ពិពាហ៍ ,បណ្តាំ មរតក, សាលក្រម តុលាការ, លិខិត ទិញ-លក់ ។ល។