Social Network

ចូលព្រះវស្សា! អភិបាលខេត្តត្បូងឃ្មុំ នាំយកទៀនព្រះវស្សា និងបច្ច័យប្រគេនព្រះសង្ឃ នៅវត្តកោះត្រែង ក្នុងឃុំកោះ២ ស្រុកក្រូចឆ្មារ

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំ មន្រ្តីរាជការ នាំយកទៀនវស្សា និងគ្រឿង ឧបភោគ បរិភោគ ទៅវេរទៀន ចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងពុទ្ធសីមានៅ វត្តកោះត្រែង ស្ថិតនៅឃុំកោះ២ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ដែលនៅលើកោះនោះ ក៍អំណោយផល ខាងកសិក្មោងដែរ ដោយល្បីល្បាញក្រូចថ្លុង មានរសជាតិ ផ្អែមឆ្ងាញ់ពិសារ ។


ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានថ្លែងលើកឡើងថា ការអភិវឌ្ឍរីកចម្រើន ឥតឈប់ឈរ របស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ហើយការរីកចម្រើននេះ គឺមិនអាចកាត់ផ្តាច់ បានពីវិស័យពុទ្ធចក្រ ដែលជានិច្ចកាលវិស័ពុទ្ធចក្រ និងអាណាចក្រ ត្រូវដើរទន្ទឹមគ្នា ដើម្បីកសាងប្រទេសជាតិ ឱ្យបានរីកចម្រើន ជាលំដាប់។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានផ្ដាំផ្ញើដល់ ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សា សុខសន្តិភាពនេះ ឲ្យបានគង់វង្ស ព្រោះសន្តិភាពមាន សារៈសំខាន់ណាស់ សម្រាប់ជំរុញនូវការអភិវឌ្ឍ ប្រទេសជាតិឱ្យ ឆាប់បានរីកចំរើន។

ឯកឧត្តមបណ្ឌិត ថ្លែងថា ប្រសិនបើគ្មាន សុខសន្តិភាពទេនោះ គ្មានការអភិវឌ្ឍរីកចំរើន ដូចសព្វថ្ងៃនេះដែរ ។ ឯកឧត្តមបណ្ឌិត បានអំពាវនាវ រួមគ្នាបន្តថែរក្សាការពារសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល  និងថែរក្សាសន្តិភាព ឱ្យបានគង់វង្សទាំងអស់គ្នា ត្រូវខិតខំការពារ ទោះត្រូវចំណាយ តម្លៃណាក៏ដោយ ។

សូមបញ្ជាក់ថា ទៀនវស្សា និងគ្រឿងឧបភោគ បរិភោគ ដែលឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ នាំទៅប្រគេនវត្តកោះត្រែង មានទៀនព្រះវស្សា ១គូ អង្ករ ២០០គីឡូក្រាម មី១២កេះ ត្រីខ១កេះធំ ទឹកត្រី៤យួរ ទឹកស៊ីអ៊ីវ៤យួរ ទឹកសុទ្ធ១០កេះ Oventine ១កេះធំ ទឹកដោះគោ១កេះធំ និងបច្ច័យ ៧លានរៀល ផងដែរ៕